ចលនាពហិការ

តើពលរដ្ឋធ្វើពហិការមិនទាន់ចំគោលដៅមែនទេ បានជាការនាំចូលទំនិញពីថៃ នៅតែមានទំហំធំរហូតដល់ជាង១,៥ពាន់លានដុល្លារ?


ទោះបីជាចលនាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ប្រជាពលរដ្ឋកម្ពុជា នៅតែបន្តស្មារតីយ៉ាងផុសផុលក៏ដោយ ប៉ុន្តែបើក្រឡេកមកមើលទំហំទឹកប្រាក់ នៃការនាំចូលទំនិញពីប្រទេសថៃ ចូលមកទីផ្សារកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០២៦ នៅតែមានទំហំធំរហូតដល់ទៅជាង១,៥ពាន់លានដុល្លារអាម៉េរិក បើទោះជាមានការធ្លាក់ចុះប្រមាណ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ តើមានកត្តាអ្វីខ្លះនៅពីក្រោយតួលេខនាំចូលរាប់ពាន់លានដុល្លារនេះ? តើមកពីចលនាពហិការរបស់ពលរដ្ឋមិនទាន់ចំទំនិញគោលដៅ ឬយ៉ាងណា?
ចលនាពហិការ
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលការនាំចូលទំនិញពីថៃ នៅតែមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ បើទោះជាប្រជាពលរដ្ឋកម្ពុជា ខិតខំពហិការនោះ គឺដោយសារទំនិញថៃ ដែលជាវត្ថុធាតុដើមភាគច្រើននៅតែនាំចូលមកកម្ពុជា តាមរយៈផ្លូវទឹក និងតាមច្រកឡាវជាហូរហែរ។ បន្ថែមលើនេះ ទំនិញថៃ មួយចំនួន បានប្រើល្បិចផ្លាស់ប្តូរភាសាលើសំបកវេចខ្ចប់មកជាភាសាខ្មែរហើយនាំចូលមកលក់នៅក្នុងទីផ្សារកម្ពុជា ដែលធ្វើឱ្យពលរដ្ឋពិបាកចែងចែកថា ទំនិញណាជាទំនិញថៃ ទំនិញណាជាទំនិញកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ទោះបីជាច្បាប់ពាណិជ្ជកម្មមិនអាចហាមឃាត់ការនាំចូលទំនិញថៃ ចូលមកកម្ពុជាបានក៏ដោយ ប៉ុន្តែក្នុងស្មារតី និងមនសិការស្នេហាជាតិ ប្រជាពលរដ្ឋកម្ពុជា គួរតែបន្តធ្វើពហិការទំនិញថៃ បន្ថែមទៀត។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកត់សម្គាល់ថា ក្រោយពលរដ្ឋកម្ពុជា នាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ វាបានទាញទម្លាក់ទំហំនាំចូលទំនិញពីថៃ ឱ្យធ្លាក់ចុះមួយកម្រិតធំ ពិសេសទំនិញប្រើប្រាស់ប្រចាំថ្ងៃតែម្តង។ តែទោះជាយ៉ាងណាការនាំចូលគ្រឿងបង្គុំ និងវត្ថុធាតុដើមបម្រើក្នុងវិស័យឧក្សាហកម្មមួយចំនួននៅតែបន្តនាំចូលពីថៃ ដែលធ្វើឱ្យទំហំនាំចូលសរុបនៅក្នុងរយៈពេល៩ខែឆ្នាំនេះនៅតែស្ថិតក្នុងកម្រិតខ្ពស់។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានក្រើនរំលឹកដល់ពលរដ្ឋខ្មែរឱ្យបន្តធ្វើពហិការទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុលបន្ថែមទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងធម្យមក្នុងស្រុក។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់សរុបជាង២ពាន់លានដុល្លារធ្លាក់ចុះជាង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះកម្ពុជា នាំចូលទំនិញពីថៃ មានទំហំជាង១,៥ពាន់លានដុល្លារធ្លាក់ចុះជាង៣៣% ខណៈការនាំចេញទំនិញពីកម្ពុជា ទៅថៃវិញ មានទំហំជាង៥០០លានដុល្លារ ធ្លាក់ចុះជាង៦%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុ…

តើមកទល់ពេលនេះវិស័យដឹកជញ្ជូនរបស់កម្ពុជា មានស្ថានភាពយ៉ាងណាដែរ?

វិស័យដឹកជញ្ជូនមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះវាជាស្ពានតភ្ជាប់រវាងការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញ និងសេវាកម្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ