
គម្រោងអគារដ៏លេចត្រដែតនេះ ដែលមានទំហំផ្ទៃក្រឡាប្រមាណ ៤០,០០០ ម៉ែត្រការ៉េ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមំាក្នុងបេសកកម្មរបស់ខ្លួន ចំពោះប្រទេសកម្ពុជា ព្រមទាំងអតិថិជន ផងដែរ។
គម្រោងអគារការិយាល័យថ្មីនេះ គឺជាផ្នែកដ៏សំខាន់មួយនៃចក្ខុវិស័យយុទ្ធសាស្ត្ររបស់ធនាគារ ហត្ថា។ រចនាបទបែបសហសម័យ រួមជាមួយនឹងគ្រឿងបរិក្ខារដ៏ទំនើបទាន់សម័យ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបំពេញតម្រូវការដែលមានការវិវត្តឥតឈប់ឈររបស់អតិថិជនដ៏មានតម្លៃរបស់ខ្លួន។ គ្រឿងបរិក្ខារនេះ រួមបញ្ចូលគ្នានូវមុខងារជាច្រើនជាមួយនឹងសោភ័ណភាពដ៏គួរឱ្យទាក់ទាញ ដោយផ្តល់នូវសេវាកម្មអតិថិជនកម្រិតស្តង់ដារខ្ពស់ រួមមានសេវាធនាគារអិចឃ្លូស៊ីវ (exclusive banking services) ការិយាល័យធ្វើការ បន្ទប់ប្រជុំ និងគ្រឿងបរិក្ខារដទៃផ្សេងទៀត។ គម្រោងការិយាល័យដែលត្រូវបានរចនាឡើងយ៉ាងហ្មត់ចត់ទាំងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក្នុងគោលដៅបម្រើអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរលូន។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “គម្រោងអគារការិយាល័យកណ្តាលថ្មីនេះ មានអត្ថន័យលើសពីការិយាល័យធ្វើការទៅទៀត គឺតំណាងឱ្យការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ធនាគារ ចំពោះសហគមន៍របស់យើង និងប្រទេសកម្ពុជាទាំងមូល”។ លោកបានបន្ថែមថា "យើងមានមោទនភាពដែលបានឃើញគម្រោងនេះឈានដល់ដំណាក់កាលបញ្ចប់ចុងក្រោយ ហើយយើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំការបញ្ចប់គម្រោងអគារការិយាល័យថ្មីនេះ ដើម្បីផ្តល់សេវាកម្មធនាគារនូវកម្រិតស្តង់ដារខ្ពស់ ដល់អតិថិជនរបស់យើង និងសាធារណៈជនទូទៅផងដែរ"។
បន្ថែមពីលើនេះ គម្រោងអគារដែលនឹងជិតបញ្ចប់នាពេលខ្លីខាងមុខនេះ បង្ហាញពីការគាំទ្រឥតងាករេពីធនាគារអាណាព្យាបាលរបស់ខ្លួន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏មានអត្ថន័យមួយនេះ រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់ស្តង់ដារប្រតិបត្តិការរបស់ធនាគារ បន្ថែមពីលើការពង្រឹងបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។






