នាកិច្ចពិភាក្សាស្តីពីសក្តានុពលនៃយន្តការបរធនបាលកិច្ច និងនិន្នាការថ្មីៗនៃសេដ្ឋកិច្ច និងបច្ចេកវិទ្យា កាលពីពេលថ្មីៗ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ស្នើឱ្យនិយ័តករបរធនបាលកិច្ចបង្កើនការផ្សព្វផ្សាយពីយន្តការនេះដល់វិនិយោគិនបរទេសឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត សំដៅជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ការស្នើបែបនេះធ្វើឡើងក្រោយលោកកត់សម្គាល់ឃើញថា អ្នកវិនិយោគភាគច្រើននៅតាមបណ្តាប្រទេសផ្សេងៗពុំទាន់បានដឹងថា កម្ពុជាមានយន្តការនេះនៅឡើយទេ។ ម្យ៉ាងទៀតលោកយល់ថា ដោយសារបច្ចុប្បន្នប្រទេសមហាអំណាចអាម៉េរិក និងចិន កំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ដូច្នេះការផ្សព្វផ្សាយពីយន្តការនេះ វាជាឱកាសល្អមួយសម្រាប់កម្ពុជាក្នុងការវិនិយោគិនចិនឱ្យមកបោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច វិស័យបរធនបាលកិច្ច ជាសេវាហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
ហើយសម្រាប់បរធនបាលទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិដោយបុគ្គលគ្រប់គ្រងមូលធិនិ គឺជាការគ្រប់គ្រងទ្រព្យសម្បត្តិដែលប្រមូលពីសាធារណជនសម្រាប់គោលដៅវិនិយោគណាមួយ ត្រូវបានរក្សាទុកនិងឃ្លាំមើលដោយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសនៃគម្រោងវិនិយោគរួម ដែលគម្រោងវិនិយោគរួមនោះត្រូវទទួលបានការយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា។
បើតាម ឯកឧត្តម សុខ ដារ៉ា វិស័យបរធនបាលកិច្ចមានការរីកចម្រើនគួរឱ្យកតសម្គាល់នាពេលបច្ចុប្បន្ននេះ ដោយមានករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ចមានការកើនឡើងជាបន្តបន្ទាប់ ដោយបច្ចុប្បន្នមានទំហំប្រតិបត្តិការរហូតដល់ជាង១ពាន់៤រយលានដុល្លារឯណោះ។
គិតត្រឹមឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន១០ និងផ្តល់អាជ្ញាបណ្ណផ្តល់សេវារក្សាទុក និងសេវារក្សាសុវត្ថិភាពដល់ធនាគារពាណិជ្ជចំនួន១៣។ បន្ថែមលើនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណបរធនបាលរូបវន្តបុគ្គលបានចំនួន៥២រូប ក្នុងនោះ២៧រូបជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង២៥រូបផ្សេងទៀតជាបរធនបាលរូបវន្តបុគ្គលក្រោមឆ័ត្ររបស់ក្រុមហ៊ុនបរធនបាល។ ជាមួយគ្នានេះ ស្ថាប័ននេះ ក៏បានផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៣ផងដែរ៕