នាយកផ្នែកសាងសង់ និងអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនសាងសង់ផ្ទះ Landy Home នៅប្រទេសថៃបានឱ្យដឹងថា តម្លៃនៃការសាងសង់លំនៅដ្ឋាននៅឆ្នាំនេះពិតជានឹងកើនឡើងពិតមែន ដែលវានឹងត្រូវបានគេចាត់ទុកថា ជាឆ្នាំដ៏លំបាកមួយ សម្រាប់អ្នកសាងសង់គេហដ្ឋាន។ ការលំបាកដែលក្រុមហ៊ុនសាងសង់ផ្ទះបានជួបប្រទះនោះគឺដោយសារតែ ដ្បិតតែតម្រូវការផ្ទះមានការកើនឡើងខ្លាំង ប៉ុន្ដែសម្រាប់ផ្នែកផ្គត់ផ្គង់ ឬ តម្លៃសាងសង់ឯណោះវិញ ក៏មានការកើនឡើងខ្ពស់ដែរ។ ប្រការនេះហើយ ធ្វើឱ្យក្រុមហ៊ុនសាងសង់មានការព្រួយបារម្ភ និងត្រូវតែគ្រប់គ្រងការចំណាយឱ្យបានល្អបំផុត ដើម្បីបញ្ចប់ការសាងសង់ផ្ទះក្នុងតម្លៃមួយ ដែលក្រុមហ៊ុនបានព្រមព្រៀងជាមួយអតិថិជនកាលពីពេលមុន។
សូមជម្រាបថា តម្លៃសម្ភារៈសំណង់មួយចំនួននៅក្នុងប្រទេសថៃ ដូចជាស៊ីម៉ងត៍ និងដែកបានកើនឡើង ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង ៥០% បន្ទាប់ពីសកម្មភាពសេដ្ឋកិច្ចទូទាំងពិភពលោកបានដំណើរការឡើងវិញ។ ជាក់ស្ដែង យោងតាមការិយាល័យសន្ទស្សន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច តម្លៃសម្ភារសំណង់កាលពីឆ្នាំ២០២១បានកើនឡើង ៨% ធៀបនឹងឆ្នាំ ២០២០ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨មក។
ទន្ទឹមនេះ វិបត្តិខ្សែចង្វាក់ផ្គត់ផ្គង់សកល ក៏នៅតែជាកង្វល់មួយដ៏ធំដែលមិនទាន់ត្រូវបានបញ្ចប់ ជាពិសេសចាប់តាំងពីមានការរាតត្បាតដោយជំងឺកូវីដ១៩ សម្ភារៈនាំចេញជាច្រើនត្រូវបានរំខានរារាំងដោយការពន្យារពេលដឹកជញ្ជូន ឬកង្វះការផ្គត់ផ្គង់ ដែលបណ្តាលឱ្យមានផលប៉ះពាល់ជាបន្តបន្ទាប់លើគ្រប់វិស័យ។
ក្រៅតែពីនេះ បញ្ហាតម្លៃកម្លាំងកម្មករក្នុងវិស័យសំណង់ក៏នឹងឡើងខ្ពស់ផងដែរ ព្រោះកម្មករមានចំនួនតិច ដោយសារពលករមកពីប្រទេសជិតខាងនៅមិនទាន់អាចចូលទៅក្នុងប្រទេសថៃបានច្រើនដូចមុននៅឡើយ ដូច្នេះមានតែកម្មករក្នុងស្រុកថៃទេ ដែលជាកម្លាំងការងារសំខាន់របស់ក្រុមហ៊ុន ត្រូវបានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកម៉ៅការស្វែងរក ជំនួសកម្មករបរទេស។
គួរជម្រាបថា តម្លៃនៃការអភិវឌ្ឍលំនៅឋានមិនរាប់បញ្ចូលតម្លៃដីទំនងជានឹងកើនឡើងពី ៣% ទៅ ៤% នៅឆ្នាំនេះ ។ ដូច្នេះនៅពេលបូកបញ្ចូលគ្នាជាមួយនឹងប្រាក់ឈ្នួលពលកម្ម និងតម្លៃប្រេងខ្ពស់ នោះតម្លៃ លំនៅឋាននឹងខ្ពស់ជាងមុន ២%។
អ្នកជំនាញវិស័យសំណង់អះអាងថា តម្លៃសម្ភារៈសំណង់កើនឡើងខ្ពស់ ក៏ដូចជាតម្លៃលើការចំណាយរស់នៅ និងតម្លៃពលកម្មកើនឡើង គឺបានធ្វើឲ្យតម្លៃសំណង់កើនឡើងខ្ពស់នៅឆ្នាំ២០២២នេះ។ សរុបជារួម ការចំណាយលើការសាងសង់លំនៅដ្ឋាននឹងកើនឡើងពី ៥% ទៅ ១០% ដែលនាំឱ្យតម្លៃផ្ទះថ្មីៗនឹងកើនកាន់តែខ្ពស់ផងដែរ៕
អត្ថបទ ស៊ើង និមល់