ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសរំលេចថា បច្ចុប្បន្នក្រុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូលកំពុងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងឆាប់រហ័ស។ វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ កំពុងជួយប្រែក្លាយចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែងដោយផ្លាស់ប្តូរខេត្តកំពង់ធំពីខេត្តដែលធ្លាប់តែទៅហួសមកហួសឱ្យក្លាយទៅជាខេត្តគោលដៅ ដ៏រ៉ុងរឿងលើវិស័យអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
ការលើកឡើងនេះបានស្ដែងឱ្យឃើញពីរបត់ នៃការផ្លាស់ប្តូរតួនាទីភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំពីតំបន់ដែលប្រជាពលរដ្ឋគ្រាន់តែធ្វើដំណើរឆ្លងកាត់ទៅជាខេត្តសក្តានុពលខ្ពស់ដែលអាចស្រូបទាញសកម្មភាពសេដ្ឋកិច្ច និងភ្ញៀវទេសចរឱ្យមកស្នាក់នៅ និងចំណាយថវិកាក្នុងមូលដ្ឋានកាន់តែច្រើន។ ដំណើរវិវត្តន៍នេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីរួមគ្នាជំរុញសកម្មភាពអាជីវកម្ម និងទាញយកប្រយោជន៍ពីសក្តានុពលជាតិ ដែលមានស្រាប់ឱ្យកើតជាផលប្រយោជន៍ជាអតិបរមា។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំឱ្យចូលរួមធ្វើជាម្ចាស់ និងជាប្រតិបត្តិករសកម្មក្នុងដំណើរការអភិវឌ្ឍនេះ ដើម្បីធានាថា ផលផ្លែផ្កានៃការរីកចម្រើនសេដ្ឋកិច្ច នឹងធ្លាក់ទៅដល់ដៃប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់។
បន្ថែមលើទិដ្ឋភាពសេដ្ឋកិច្ច ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃការការពារអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រជាតិ ដោយបានលើកឡើងថា ប្រទេសជាតិកំពុងជួបប្រឈមនឹងការឈ្លានពាន និងទន្ទ្រានពីប្រទេសជិតខាង ដែលមិនត្រឹមតែជាការប៉ះពាល់ដល់អធិបតេយ្យដែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានលើទិដ្ឋភាពវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរទៀតផង។
ឯកឧត្តមបានចាត់ទុកពិធីបុណ្យអុំទូកថា មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តនោះទេ ប៉ុន្តែជាកម្លាំងចលករវប្បធម៌ដ៏ខ្លាំងក្លាក្នុងការលើកកម្ពស់ និងពង្រឹងវប្បធម៌ អារ្យធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រខ្មែរ ដែលជាឫសគល់ នៃអត្តសញ្ញាណជាតិ។ ការថែរក្សាមរតកដូនតានេះ គឺជាខែលការពារអធិបតេយ្យភាពវប្បធម៌ និងជួយឱ្យកូនខ្មែរគ្រប់រូបស្គាល់ច្បាស់ពីប្រភពដើម និងពង្រឹងភាពរឹងមាំនៃសង្គមជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម វង្សី វិស្សុត ក្រើនរំលឹកឱ្យប្រជាជនខ្មែរគ្រប់រូបត្រូវតែស្គាល់ច្បាស់ពីអត្តសញ្ញាណខ្លួនឯង ត្រូវដឹងថាខ្លួនជានរណា មានប្រភពមកពីណា និងត្រូវបោះជំហានទៅរកអនាគតបែបណា។ ការយល់ដឹងពីឫសគល់ប្រវត្តិសាស្ត្រ និងវប្បធម៌ គឺជាគ្រឹះស្ថាបនាសាមគ្គីភាព និងភាពរឹងមាំឥតរំជើបរំជួលរបស់ប្រជាជាតិខ្មែរទាំងមូល៕