ហុងកុងចែកសំបុត្រយន្ដហោះឥតគិតថ្លៃ៥០ម៉ឺនសំបុត្រ

ហុងកុងចែកសំបុត្រយន្ដហោះឥតគិតថ្លៃ៥០ម៉ឺនសំបុត្រ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបរទេស


ទីក្រុងហុងកុងបានបង្កើតយុទ្ធនាការមួយមានឈ្មោះថា «Hello Hong Kong» ដែលមានការចែកជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៥០ម៉ឺនសំបុត្រ និងប្រូមូសិនផ្សេងៗជាច្រើន ដោយសង្ឃឹមថា នឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដនៅទីក្រុងរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់អស់រយៈពេល៣ឆ្នាំ ដោយសារជំងឺរាតត្បាត។ ប្រមុខដឹកនាំក្រុងហុងកុង លោក John Lee ពិពណ៌នាយុទ្ធនាការនេះថា ជាការស្វាគមន៍ដ៏ធំបំផុតមិនធ្លាប់មានអ្នកណាធ្វើពីមុនមកឡើយ នៅក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗជាច្រើន។
ដោយ

មជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ​ហុងកុង​បានចាប់ផ្តើម​យុទ្ធនាការ​មួយនេះ ដើម្បីជួយទាក់ទាញភ្ញៀវទេសចរ​មកពី​ជុំវិញ​ពិភពលោក។ ហុងកុងបាន​សហការជាមួយ ក្រុមហ៊ុនអាកាសចរមួយចំនួនដូចជា ក្រុមហ៊ុន Cathay Pacific, HK Express និង Hong Kong Airlines ជាដើម ក្នុងការចែកសំបុត្រយន្តហោះ​ទៅមក​ដោយឥតគិតថ្លៃចំនួន ៥០ម៉ឺនសំបុត្រ។

បន្ថែមពីលើការផ្ដល់ជូនសំបុត្រ​ដោយឥតគិតថ្លៃ អ្នកដំណើរក៏អាច​មាន​ឱកាសឈ្នះបណ្ណបញ្ចុះតម្លៃសម្រាប់ការទទួលទាន​អាហារ​នៅតាម​ភោជនីយដ្ឋាន​នានា បណ្ណបញ្ចុះតម្លៃសម្រាប់ការទិញទំនិញ និងការចូលទស្សនា​នៅសារមន្ទីរ​ផ្សេងៗក្នុងទីក្រុងហុងកុងទៀតផង។

គួរជម្រាបដែរថា បច្ចុប្បន្នទីក្រុងហុងកុង​កំពុងតែបម្រាស់ខ្លួន​ចេញពីការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរដ៏ច្រើនដោយ​សារ​ជំងឺរាតត្បាតកូវីដ-១៩។ ស្របពេលនេះដែរ ច្បាប់ក្នុងការចេញ​ចូល​ទីក្រុងហុងកុងក៏ត្រូវបាន​បន្ធូរបន្ថយ​ផងដែរ ដែលនេះរឹតតែ​បង្កើន​ក្ដីសង្ឃឹម​សម្រាប់​ហុងកុង​ក្នុងការទាក់ទាញភ្ញៀវទេសចរមកវិញ។ ពីមុនមក​អ្នកដែលចង់ចូលមកក្នុង​ទីក្រុងហុងកុង​ត្រូវបានតម្រូវឱ្យ​ស្នាក់នៅក្នុងសណ្ឋាគារ​ដាច់ដោយឡែកសិន ជាមួយនឹងតម្រូវការ​ឲ្យ​ធ្វើតេស្ត PCR។

សូមរំឭកថា កាលពីឆ្នាំ២០១៩ ទីក្រុងហុងកុងទទួល​បានភ្ញៀវទេសចរ​ចំនួន​៥៦លាននាក់ ដែលស្មើនឹង៧ដងនៃ ចំនួនប្រជាជនចំនួនសរុបក្នុងទីក្រុងទៅហើយ។ បើយោងតាមទិន្នន័យបណ្តោះអាសន្នរបស់រដ្ឋបាលពិសេសហុងកុង ផលិតផលក្នុងស្រុកសរុបរបស់ហុងកុងក្នុងឆ្នាំ ២០២២ បានធ្លាក់ចុះ ៣,៥% ធៀបនឹងឆ្នាំ២០២១។

សូមជម្រាបថាយុទ្ធនាការ «Hello Hong Kong» នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការនៅក្នុងខែមិនាសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្នុងខែមេសាសម្រាប់ចិនដីគោក ហើយនឹងបន្តទៅកាន់តំបន់ផ្សេងៗទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ចំណែកនៅក្នុងខែឧសភា យុទ្ធនាការនេះនឹងចាប់អនុវត្ត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីខាងជើង កាណាដា និងសហរដ្ឋអាមេរិកផងដែរ៕




អត្ថបទបន្ទាប់


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងនិយ័តករបរធនបាលកិច្ច បានរៀបចំ កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារបន្ត

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រ…

លោកចូ បៃដិន ថា លោកនឹងជួបជាមួយលោក ស៊ី ជីនពីង ដើម្បីនិយាយតទៅល់គ្នាឱ្យបានច្បាស់ពីសំណុំរឿងបាឡុងចារកម្ម

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃទី១៦កុម្ភៈថា លោកចង់ជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីនិយាយតទល់គ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ