អាជ្ញាធរហុងកុង បានប្រកាសពី គម្រោងសាងសង់កោះសិប្បនិម្មិត នៅខាងលិចកោះហុងកុង ដែលនឹងក្លាយជា គម្រោងថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត ដែលអាចនឹងប្រើប្រាស់ ប្រាក់បំរុងសារពើពន្ធ អស់ពាក់កណ្តាលឯណោះ។
កោះនេះ នឹងក្លាយទៅតំបន់សេដ្ឋកិច្ច និងលំនៅដ្ឋានទី ៣ របស់ហុងកុង ដែលនឹងត្រូវបានរៀបចំកែច្នៃ អភិវឌ្ឍន៍ឡើងវិញ ប្រកបដោយតុល្យភាព និងនិរន្តរភាព ព្រមទាំងមានបណ្តាញដឹកជញ្ជូន តភ្ជាប់ទៅដល់ នាពេលខាងមុខ។
លើសពីនេះទៅទៀត កោះសិប្បនិម្មិតនេះ រំពឹងបង្កើតលំនៅដ្ឋានបាន ២សែន ៦ម៉ឺនឯកតា ក្នុងនោះ ៧០ភាគរយ គឺសម្រាប់គម្រោងលំនៅដ្ឋានសាធារណៈ ហើយគម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ និងបើកទទួលប្រជាពលរដ្ឋឲ្យចូលរស់នៅបាន នៅក្នុងឆ្នាំ ២០៣២។
ការចំណាយលើគម្រោងនេះ អាចនឹងកើនឡើងលើសពី ការប៉ាន់ប្រមាណនាពេលបច្ចុប្បន្នទៅទៀត ហើយអាជ្ញាធរ ក៏កំពុងតែសិក្សាពី បញ្ហាបច្ចេកទេស ផលប៉ះពាល់ដល់បរិស្ថាន និងនយោបាយក្នុងស្រុកផងដែរ។
បើទោះបីជាមានការប្រឈមមុខនឹង កត្តាបម្រែបម្រួលអាកាសធាតុ ក្តី អាជ្ញាធរហុងកុង នៅតែរក្សាជំហរ បង្កើត កោះឆ្លាតវៃ និងបៃតង ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ និងរក្សាភាពបៃតង៕