នៅទីណា ក៏ឃើញមានគម្រោងសាងសង់ដែរ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងបានផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ ដល់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទូទាំងប្រទេសសរុបចំនួន ២១០គម្រោង។
ក្នុងចំណោមគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាំង២១០នោះ គឺគម្រោងលក្ខណៈបុរីលំនៅដ្ឋាន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានស្នាក់នៅរួមប្រភេទខុនដូ និងគម្រោងផ្ទះល្វែង។
បើគិតត្រឹមដើមឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាប័ណ្ណគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានគម្រោងថ្មី មានចំនួន ១៤គម្រោង បន្ថែមលើចំនួនដែលមានស្រាប់កាលពីឆ្នាំ២០១៦ មានចំនួន៥៥ គម្រោង។
ការចុះបញ្ជីសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មលំនៅដ្ឋាន ជាការអនុវត្តមួយដ៏ត្រឹមត្រូវដើម្បីធានាទៅដល់អ្នកទិញផ្ទះសម្បែងទាំងអស់ឲ្យទទួលបានទំនុកចិត្តខ្ពស់ដើម្បីកាត់បន្ថយហានិភ័យរបស់ពួកគាត់ ហើយក៏ជាការបង្ហាញគោលជំហរទទួលខុសត្រូវរបស់រដ្ឋាភិបាលផងដែរ។
ទិន្នន័យបុរីលំនៅដ្ឋាន និងអគារខ្ពស់ៗរបស់ក្រសួងរៀបចំដែនដី គិតចាប់តាំងពីឆ្នាំ២០០៣ ដល់រយៈពេល៤ខែឆ្នាំ២០១៧ មានលំនៅដ្ឋានជាលក្ខណៈបុរីសរុបចំនួន ១៤៧ទីតាំង និងអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួនសរុប ៩០១អគារ៕