ស្របពេលដែល វិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ កំពុងប្រឈមនឹងបញ្ហាខ្លាំងជាងគេ ដោយសារតែកូវីដ-១៩ គេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញខ្លាំងទៅលើការអភិវឌ្ឍវិស័យកសិកម្មដោយជំរុញឲ្យពលរដ្ឋងាកមកធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីបង្កើតការងារ និងទទួលបានប្រាក់ចំណូល។
តើវិស័យកសិកម្មកម្ពុជា អាចនឹងជួយស្រូបទាញកម្លាំងពលកម្ម ឬបង្កើតការងារជូនពលរដ្ឋបានកម្រិតណាដែរ? ហើយរាជរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្របែបណាខ្លះ ដើម្បី បង្កើតការងារជូនពលរដ្ឋនៅក្នុងបរិការណ៍វិបត្តិកូវីដ-១៩នេះ?
ទាក់ទងសំណួរទាំងនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងនៅក្នុងសន្និសីទព័ត៌មានមួយ នាពេលថ្មីៗនេះវថា ការបង្កើតការងារជូនដល់ពលរដ្ឋដែលបានប៉ះពាល់ការងារនៅអំឡុងពេលវិបត្តិកូវីដ-១៩នេះគឺជាបញ្ហាធំមួយ ហើយបើរាជរដ្ឋាភិបាលធ្វើបាន នោះរដ្ឋនឹងលែងចាំបាច់ត្រូវការចំណាយជួយឧបត្ថម្ភទៅកាន់ពួកគាត់តាមរយៈកម្មវិធីជំនួយសង្គមទៀតនោះឡើយ។ ក្នុងនោះដែរ វិស័យកសិកម្ម គឺបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការស្រូវទាញកម្លាំងពលកម្មនៅអំឡុងពេលដ៏លំបាកនេះ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា «រឿងបង្កើតការងារនេះ ជាបញ្ហធំណាស់! បើយើងបង្កើតការងារបាន រដ្ឋអត់ត្រូវចិញ្ចឹម [ពលរដ្ឋ] ទេ ក្នុងបរិការណ៍បច្ចុប្បន្ននេះ! តែបើអត់ទេ រដ្ឋត្រូវចិញ្ចឹមហើយ [តាមរយៈ] កម្មវិធីជំនួយសង្គមយើងមិនអញ្ចឹង? តើយើងបង្កើតការងារតាមយៈអី? អ្វីដែលមាននិរន្តរភាពជាងគេ គឺការបង្កើតធុរកិច្ចនេះឯង! ធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុកវាដើរ វាវិលប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកហ្នឹង! តែមានប្រព័ន្ធសេដ្ឋកិច្ចវាដើរហើយ ប្រព័ន្ធធុរកិច្ចក៏វាដើរតាមហ្នឹងដែរ។»
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា មានអ្នកបាត់បង់ការងារនៅភ្នំពេញមួយចំនួនបានត្រឡប់ទៅស្រុកកំណើតនៅស្រុកស្រែចម្ការវិញ ដោយអ្នកខ្លះបានទៅធ្វើការងារនៅតាមចម្ការធំៗ និងខ្លះទៀតមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ហើយបើទោះបីជាវាមិនមែនជាការងារផ្លូវការ តែក៏ជាការបង្កើតមួយផ្នែកដែរ។ បន្ថែមពីនេះ អ្នកដែលបាត់បង់ការងារក្នុងវិស័យកាត់ដេរខ្លះទៀត ក៏បានរកការងារធ្វើនៅតាមក្រុមហ៊ុនឬសហគ្រាសដែលបើកថ្មីៗផងដែរ។
រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល ការបង្កើតការងារ គឺធ្វើឡើងតាមរយៈគម្រោងវិនិយោគ គម្រោងរដ្ឋ និងការបង្កើតមុខរបរ រួមទាំងការបង្កើតនូវបរិយាកាសធុរកិច្ចផ្សេងៗជាច្រើនទៀត។
ឯកឧត្តម វង្សី វិស្សុត ក៏បានបន្ថែមទៀតថា ទោះបីជានៅក្នុងអំឡុងពេលកូវីដ-១៩ នេះ រាជរដ្ឋាភិបាលមានការកាត់បន្ថយលើការចំណាយមិនចាំបាច់ជាច្រើនក៏ពិតមែន ប៉ុន្ដែ សម្រាប់ការវិនិយោគនៅតាមទីជនបទ ពិសេសបម្រើដល់វិស័យកសិកម្ម គឺនៅតែបន្ដ និងពង្រីកកាន់តែធំថែមទៀត ក្នុងទិសដៅជួយបង្កើតការងារក្នុងស្រុកផង និងជំរុញការផលិតកសិកម្មផ្គត់ផ្គង់ទីផ្សារ និងការនាំចេញផង។
ឯកឧត្តម មានប្រសាសន៍បន្តថា «កសិកម្មយើងចាប់ផ្ដើមចាយលុយទៅលើតាមផ្នែក Products (ផលិតផល) ហើយ! ត្រីឥឡូវយើងគាំទ្រណាស់ឲ្យប្រមាណ ជាង២ពាន់លាន [រៀល] គាំទ្រជួយអ្នករកស៊ីចិញ្ចឹមត្រី។ ឥឡូវ កំពុងគិតស្វាយដែលអាចនាំចេញបាន ថាត្រូវឲ្យលុយប៉ុន្មានទៅក្រសួងកសិកម្ម ដើម្បីជួយអ្នកនាំចេញស្វាយ»។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលបាននិងកំពុងចាយថវិកាជាតិជាង១ពាន់១រយ លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ-១៩។ ដោយក្នុងនោះ ការចំណាយជួយឧបត្ថម្ភលើកម្មកដែលត្រូវរព្យួរការងារមានប្រមាណ ១០០លានដុល្លារអាមេរិក និងការចំណាយជួយឧបត្ថម្ភសម្រាប់ជនក្រីក្រងាយរងគ្រោះដោយសារបញ្ហាកូវីដ-១៩ ប្រមាណ២៥លានដុល្លារក្នុងមួយខែ ខណៈកញ្ចប់ថវិកានេះមាន ២០០លានដុល្លារអាមេរិក។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅរយៈពេល ៦ខែ នៃឆ្នាំ២០២០នេះ ចំនួនរោងចក្រកាត់ដេរផ្អាកប្រតិបត្តិការបានកើនឡើងដល់ជាង៤៥០ រោងចក្រហើយ និងរោងចក្របិទទ្វារមានជាង៨៣រោងចក្រ ហើយវាបានប៉ះពាល់ដល់ការងារកម្មករនិយោជាង១៣ម៉ឺននាក់៕