កម្រិតទឹកនៅទន្លេចៅប្រាយ៉ា ដែលហូរពីខាងជើងទៅខាងត្បូងឆ្លងកាត់ប្រទេសថៃកំពុងកើនឡើងយ៉ាងខ្លាំង ដោយបានគំរាមកំហែងដល់ទីក្រុងបាងកក និងតំបន់ឧស្សាហកម្មជាច្រើនដែលស្ថិតនៅតាមបណ្តោយដងទន្លេមួយនេះ។ ស្ថានភាពទឹកជំនន់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ និងផលិតកម្មឧស្សាហកម្ម ដោយបានពន្យារពេលការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
អាជ្ញាធរថៃបានឱ្យដឹងថា យ៉ាងហោចណាស់មានខេត្តចំនួន ៣០ ក្នុងចំណោមខេត្តទាំង ៧៧ របស់ប្រទេសនេះ បានជន់លិចដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញាដោយបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ៤នាក់ ហើយបន្ថែមពីលើភ្លៀងរដូវវស្សាដ៏សកម្មចាប់តាំងពីចុងខែសីហាមកនោះក៏ស្រាប់តែមានព្យុះទីហ្វុងដ៏ធំមួយបានវាយប្រហារប្រទេសថៃកាលពីចុងខែកញ្ញាធ្វើឱ្យស្ថានភាពកម្រិតទឹកជំនន់កើនឡើងកាន់តែខ្លាំងថែមទៀត។
ជំនន់ទឹកភ្លៀងសរុបចាប់តាំងពីដើមឆ្នាំនេះគឺមានល្បឿនដូចកាលពីឆ្នាំ២០១១ដែរ ដែលពេលនោះប្រទេសថៃបានរងគ្រោះដោយទឹកជំនន់រាលដាលយ៉ាងធ្ងន់ធ្ងរខណៈដែលគេបានព្យាករថា ការធ្លាក់ភ្លៀងនឹងមានជាបន្តបន្ទាប់រហូតដល់ចុងខែតុលានេះ ដែលជាពេលបញ្ចប់នៃរដូវវស្សា។
អាជ្ញាធររាជធានីបាងកក បានត្រៀមបាវខ្សាច់ចំនួន ២,៥ លានបាវក្នុងករណីមានទឹកជំនន់ហៀរចេញពីទន្លេនេះខណៈដែលការធ្លាក់ភ្លៀងខ្លាំងនៅបន្តមានជារឿយៗនៅក្នុងទីក្រុងនេះចាប់តាំងពីខែកញ្ញាដោយបានជន់លិចជាប្រចាំនូវផ្លូវសំខាន់ៗមួយចំនួន។
ចំណែកនៅខេត្តអយុធ្យាភាគកណ្តាលប្រទេសថៃដែលជាកន្លែងប្រមូលផ្តុំសម្បត្តិបេតិកភណ្ឌពិភពលោក និងរោងចក្រជាច្រើននោះ កម្រិតទឹកទន្លេចៅប្រាយ៉ានេះបានឡើងហួសច្រាំងជន់លិចតំបន់មួយចំនួនរួចទៅហើយខណៈដែលអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ទឹកជំនន់នៅសួនឧស្សាហកម្មចំនួន ៣ ក្នុងខេត្តនេះ។
សូមរំលឹកថានៅឆ្នាំ២០១១ប្រទេសថៃ បានរងនូវទឹកជំនន់អូសបន្លាយពេលជាង ៣ ខែដោយចាប់ផ្តើមនៅក្នុងខែកក្កដា ហើយបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណជាង ៤០ ពាន់លានដុល្លារ។ ទោះយ៉ាងណា ដោយហេតុតែរដូវវស្សាជាធម្មតានឹងត្រូវបញ្ចប់នៅត្រឹមចុងខែតុលានេះ ដូច្នេះហើយមនុស្សជាច្រើនបានរំពឹងថា ការខូចខាតនៅឆ្នាំនេះអាចនឹងមានទំហំមិនដូចកាលពីឆ្នាំ២០១១នោះទេ៕
អត្ថបទ៖ សុខ ជា