ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគកំពុងចោទសួរថា ប្រសិនបើហ្វីលីពីន ជាប់ឆ្នោត តើវត្តមានរបស់ទីក្រុងម៉ានីល អាចជួយបង្កើនសំឡេង និងឥទ្ធិពលរបស់អាស៊ាននៅក្នុងស្ថាប័នកំពូលមួយនេះបានដែរឬទេ?
ផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA ទីក្រុងម៉ានីល បានបើកយុទ្ធនាការឃោសនាយ៉ាងសកម្ម ដើម្បីដណ្តើមតំណែងសមាជិកមិនអចិន្ត្រៃយ៍ឈុតថ្មី នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) បានអញ្ជើញទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដោយផ្ទាល់កាលពីខែមីនា កន្លងទៅ ដើម្បីកៀរគរការគាំទ្រ។
នៅក្នុងសុន្ទរកថាពិសេសមួយទៅកាន់មហាសន្និបាត UN ប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា ហ្វីលីពីន បានបង្ហាញឱ្យឃើញជាបន្តបន្ទាប់រួចមកហើយថា ខ្លួនជាសម្ពន្ធមិត្តដ៏គួរឱ្យទុកចិត្ត ឯករាជ្យ ជាអ្នកស្វែងរកនវានុវត្តន៍ និងជាអ្នកសាងសន្តិភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើហ្វីលីពីន ទទួលបានជោគជ័យក្នុងការដណ្តើមបានអាសនៈនេះ វានឹងផ្តល់កាលានុវត្តភាពដ៏សំខាន់ក្នុងការលើកកម្ពស់ក្តីកង្វល់នានារបស់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងស្ថាប័នដែលមានអំណាចសម្រេចចិត្តខ្ពស់បំផុតរបស់ UN មួយនេះ។
គួររំលឹកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសមាជិកសរុប១៥ប្រទេស ដោយក្នុងនោះមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ រួមមាន ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ចំណែកឯសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០ប្រទេសផ្សេងទៀតត្រូវបានជ្រើសរើសសម្រាប់អាណត្តិ២ឆ្នាំបែបប្តូរវេន ដោយក្នុងមួយឆ្នាំត្រូវផ្លាស់ប្តូរសមាជិកចំនួន៥ប្រទេស។
សមាជិកទាំងនេះ មានសិទ្ធិបោះឆ្នោតលើសេចក្តីសម្រេចចិត្តនានា និងជួយរៀបចំរបៀបវារៈរបស់ក្រុមប្រឹក្សា ជាពិសេសក្នុងអំឡុងខែដែលពួកគេកាន់តំណែងជាប្រធានប្តូរវេន។
ទោះជាយ៉ាងណា ហ្វីលីពីន បានផ្ដោតយុទ្ធនាការរបស់ខ្លួនលើបញ្ហាសន្តិសុខទូទៅក្នុងតំបន់ ការប្រែប្រួលអាកាសធាតុ និងការគោរពច្បាប់អន្តរជាតិ ខ្លាំងជាងការលើកឡើងពីបញ្ហាជម្លោះដែនដីដ៏ចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូង។ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា វិវាទផ្ទៃក្នុងអាស៊ានដូចជាបញ្ហាព្រំដែន ឬភាពតានតឹងនានា ប្រហែលជាមិនត្រូវបានលើកយកមកធ្វើជាប្រធានបទសំខាន់នៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ក្រោមអាណត្តិរបស់ហ្វីលីពីននោះឡើយ។ ហេតុផលគឺដោយសារតែជាប្រពៃណីការទូត សមាជិកអាស៊ានតែងតែជ្រើសរើសយកការដោះស្រាយជម្លោះក្នុងតំបន់ តាមរយៈបណ្តាញទ្វេភាគី ឬយន្តការការទូតផ្ទៃក្នុងជាមុនសិន មុននឹងសម្រេចចិត្តរុញបញ្ហានោះទៅកាន់វេទិកាកម្រិតអន្តរជាតិ៕
អត្ថបទៈ សួន ឡង់ទី