ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីការហក់យ៉ាងខ្លាំងនៃហាងឆេងមាសដែលបានកើនឡើងដល់ទៅប្រមាណ ៦៥% កាលពីឆ្នាំ២០២៥ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថិរភាពរបស់ពិភពលោក ពន្ធគយ និងជម្លោះដែលកំពុងបន្តរួមទាំងសង្គ្រាមអ៊ីរ៉ង់ ផងដែរ។ បណ្ដាធនាគារកណ្តាលបានចាត់ទុកបញ្ហាភូមិសាស្ត្រនយោបាយជាហានិភ័យធំបំផុតមួយចំពោះសេដ្ឋកិច្ចពិភពលោក។ ជាលទ្ធផលធនាគារកណ្ដាលជាច្រើនបានធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ខ្លួន ដោយងាកចេញពីទ្រព្យសកម្មជាប្រាក់ដុល្លារ និងមូលបត្របំណុលអាម៉េរិក។
មាស ត្រូវបានគេចាត់ទុកជាទ្រព្យសកម្មដែលអាចទុកចិត្តបានអំឡុងពេលវិបត្តិ ប៉ុន្តែក្រុមអ្នកវិភាគក៏បានកត់សម្គាល់ពីគុណវិបត្តិរបស់វាផងដែរ រួមមាន ការប្រែប្រួលតម្លៃ និងសាច់ប្រាក់ងាយស្រួលមានកម្រិត បើធៀបនឹងមូលបត្របំណុលរដ្ឋាភិបាល។
ទន្ទឹមនេះក្តីបារម្ភអំពីការកើនឡើង នៃបំណុលរដ្ឋាភិបាលអាម៉េរិគ ដែលពេលនេះលើស១២០% នៃផលិតផលក្នុងស្រុកសរុបទៅហើយ និងការយកទ្រព្យសកម្មហិរញ្ញវត្ថុធ្វើជាអាវុធនយោបាយបានធ្វើឱ្យបាត់បង់ទំនុកចិត្តកាន់តែខ្លាំងលើសញ្ញាបណ្ណអាម៉េរិក។ ជាមួយគ្នានេះ ប្រទេសមួយចំនួន ក៏មានការប្រុងប្រយ័ត្នផងដែរក្រោយទុនបម្រុងអន្តរជាតិ ត្រូវបានបង្កកដោយសារតែទណ្ឌកម្ម។ ទោះបីជាតម្រូវការមាសនៅតែមាន ក៏ការទិញមាសពីបណ្ដាធនាគារកណ្តាលបានថយចុះបន្តិច បើធៀបនឹងឆ្នាំមុនៗ៕
ដោយ: តែម សុខុម