វិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជា

តើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជា មានសភាពប្រែប្រួលយ៉ាងណានៅត្រីមាសទី១ឆ្នាំ២០២៣នេះ?


ក្រុមអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននិងភស្ដុភារកម្មកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា មានសភាពកាន់តែធូរស្បើយគួរកត់សម្គាល់ បើធៀបទៅនឹងត្រីមាសទី១ នៅឆ្នាំ២០២២។ ប៉ុន្ដែ សកម្មភាពដឹកជញ្ជូនទំនិញហាក់មិនសូវមានភាពមមាញឹកនោះទេ ព្រោះឥទ្ធិពលនៃបញ្ហាសាកលផ្សេងៗ ដូចជា បញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន វិបត្តិនយោបាយ ជាដើម នៅតែបន្តជះឥទ្ធិពលដល់ពិភពលោក រួមទាំងកម្ពុជា ជាពិសេសការបញ្ជាទិញទំនិញរបស់កម្ពុជាពីទីផ្សារខាងក្រៅនៅបន្តធ្លាក់ចុះ នៅឡើយ។
តើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជា មានសភាពប្រែប្រួលយ៉ាងណានៅត្រីមាសទី១ឆ្នាំ២០២៣នេះ?

លោក ជា ចាន់ ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានកត់សម្គាល់ឃើញថា នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២២ រាល់តម្លៃដឹកជញ្ជូនទំនិញតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស សុទ្ធតែមានតម្លៃខ្ពស់ តែបើធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣នេះ តម្លៃដឹកជញ្ជូនបានធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ ក្រោយស្ថានភាពពិភពលោកបានធូរស្បើយពីកូវីដ១៩។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ ក៏បានកត់សម្គាល់ឃើញថា សកម្មភាពនៃដឹកជញ្ជូនហាក់នៅតែមិនសូវ មានភាពមមាញឹកនោះទេ ដោយលោកអះអាងថា នៅដើមឆ្នាំ២០២៣នេះ ការបញ្ជាទិញទំនិញពីទីផ្សារខាងក្រៅមិនសូវមានសន្ទុះ នោះទេ ទើបធ្វើឲ្យសកម្មភាពដឹកជញ្ជូនថយចុះ។

ដោយឡែកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់ទីផ្សារគោលដៅនៅមានការធ្លាក់ចុះ ដ្បិតស្ថានភាពពិភពលោកបានធូរស្បើយខ្លះៗ ក៏ដោយចុះ។ បើតាម ឧកញ៉ា ស៊ិន ចន្ធី ស្ថានភាពនៃតម្លៃដឹកជញ្ជូននៅកម្ពុជា មិនសូវខុសគ្នាប៉ុន្មានជាមួយប្រទេសដទៃក្នុងតំបន់នោះទេ គឺតែងមានការឡើងចុះ ជាធម្មតាទគឺអាស្រ័យទៅតាមតម្លៃប្រេងអន្តរជាតិ។ បើតាមជំនាញរូបនេះ ដ្បិតស្ថានភាពពិភពលោកមានភាពធូរស្បើយ តែសម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា ក៏នៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលធ្វើឲ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញកម្ពុជា តាមវិស័យនីមួយៗ មានការធ្លាក់ចុះ ដូចជា ទំនិញកាត់ដេរ សម្ភារៈសំណង់ ទំនិញគ្រឿងទេស ក៏ដូចជា សកម្មភាពនាំចេញទំនិញសរុប។

សូមបញ្ជាក់ថា បច្ចុប្បន្ន តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅនៅប៉ែកអឺរ៉ុប មានតម្លៃចាប់ពី ១ពាន់ដុល្លារ ទៅ ៣ពាន់ដុល្លារ។ ខណៈនៅអំឡុងវិបត្តិកូវីដ១៩ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅនៅប៉ែកអឺរ៉ុប មានតម្លៃរហូត ១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ។ រីឯ ការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់ប្រទេសជិតខាង និងប្រទេសចិន វិញ បច្ចុប្បន្ន បានធ្លាក់ចុះ មកនៅតម្លៃចន្លោះ ១រយដុល្លារ ទៅ៣រយដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ជា ចាន់ ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា៕




អត្ថបទបន្ទាប់


ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងបង្អស់នៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងគេបង្អស់នៅប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនាថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ …

ទឹកត្រីកំពតរំពឹងថា នឹងអាចនាំចេញបានជាលើកដំបូង ក្រោយការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ (GI)

ក្រសួងពាណិជ្ជកម្មរួមជាមួយស្ថាប័នពាក់ព័ន្ធកំពុងរៀបចំនីតិវិធី ដើម្បីចុះបញ្ជីទឹកត្រីកំពត ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)ប្រចាំខេត្តកំពត។ អ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ