
លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចាត់ទុកស្ត្រីជាចំណែកមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តួយ៉ាងអាជីវកម្មដែលដឹកនាំដោយស្ត្រីបច្ចុប្បន្ននេះ មានរហូតដល់ជាង៦០% ដោយឡែកអាជីវកម្មដែលដឹកនាំដោយបុរសវិញ ក៏មានស្ត្រីនៅពីក្រោយចាំជួយគាំទ្រផងដែរ ព្រោះស្រ្តីធ្វើអ្វីមានការគិតគូរល្អិតល្អន់។ តែយ៉ាងណាលោកជំទាវកត់សម្គាល់ឃើញថា អាជីវកម្មដែលដឹកនាំដោយបុរស មានភាពរីកចម្រើនលឿនជាងអាជីវកម្មដែលដឹកនាំដោយស្ត្រី។ បើតាមលោកជំទាវ កែវ មុំ អាជីវកម្មដែលដឹកនាំដោយស្ត្រីហាក់មានការពិបាកក្នុងការរីកចម្រើន ដោយសារស្ត្រីជួបឧបសគ្គ និងបញ្ហាច្រើនលើសជាងបុរស។ ទន្ទឹមនេះ អាជីវកម្មរបស់ស្ត្រីភាគច្រើនចាប់ផ្ដើមពីខ្នាតមីក្រូ និងខ្នាតតូច ដែលគាត់អាចគ្រប់គ្រងអាជីវកម្ម ការងារផ្ទះ មើលថែកូនចៅក្រុមគ្រួសារស្របពេលគ្នា ពោលគឺស្រ្តីគ្មានឱកាសបានចេញទៅទំនាក់ទំនងរកឱកាសច្រើនដូចបុរសឡើយ ហើយវាក៏បានពាក់ព័ន្ធគ្នាទៅនឹងទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណមកផងដែរ។
ជាមួយគ្នានេះ លោកជំទាវឧកញ៉ា កែវ មុំ បានបង្ហាញទស្សនៈថា ស្ត្រីដៃមួយពាន់ ស្ត្រីអាចធ្វើអ្វីៗបានជាច្រើនក្នុងពេលតែមួយ ដូចជាការងារផ្ទះ ធ្វើម្ហូប មើលថែកូន ក៏ដូចជាបណ្ដុះបណ្ដាលទូន្មានអប់រំកូន និងមើលថែឪពុកម្ដាយ មើលថែក្រុមគ្រួសារ ក៏ដូចជាអាចជួយដល់ការប្រកបអាជីវកម្មរបស់ស្វាមីទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ចំនួនសហគ្រិនស្រ្តីមានកំណើនច្រើន ជាពិសេសនៅមុនពេលវិបត្តិជំងឺរាតដ្បាតកូវីដ-១៩ បានកើនជាង២០% ប៉ុន្តែក្រោយមកកំណើនសហគ្រិនស្រី្តចាប់ផ្ដើមថយចុះទៅវិញចាប់តាំងពីឆ្នាំ២០២១ រហូតដល់ ២០២៥ មានចំនួនចន្លោះពី៣% ទៅ៥% ក្នុង១ឆ្នាំ ដែលមានការកើនឡើងតិចតួច។ បើតាមឯកឧត្តម ហេង សុខគង់ ក្នុងវិស័យឧស្សាហកម្ម សហគ្រិនស្រី្តភាគច្រើននៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈ។
បើតាមលោកជំទាវ កែវ មុំ បុរសតែងតែមានស្ត្រីនៅពីក្រោយ ជួយដោះស្រាយរាល់បញ្ហា ហើយស្ត្រីបានដើរតួនាទីជាទីប្រឹក្សា ជាជំនួយការ ជាធនាគារទុកដាក់ទ្រព្យសម្បត្តិ ទើបបុរសមានឱកាសទៅធ្វើទំនាក់ទំនងអាជីវកម្ម និងស្វែងរកឱកាសជាច្រើននៅខាងក្រៅ ជាពិសេសអាចទទួលបាននូវបទពិសោធន៍និងចំណេះដឹងផ្សេងៗ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន៕