![តើការគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ](https://cdn.cambonomist.com/media/images/7asdad12131asdasd.2e16d0ba.fill-960x540.jpg)
ថវិកាទាំងនេះនឹងយកទៅបំពេញឱនភាពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយការប្រមូលចំណូលមានការធ្លាក់ចុះ ក៏ដូចជាបម្រើដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន។ នេះបើតាមការគូសបញ្ចាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តើការគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈរបស់កម្ពុជា នាពេលកន្លងមក មានប្រសិទ្ធភាពយ៉ាងណាដែរ? ហើយអ្នកជំនាញយល់យ៉ាងណាចំពោះការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា?
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការខ្ចីបំណុលបរទេសមកអភិវឌ្ឍប្រទេសវាជារឿងមួយល្អ ប៉ុន្តែប្រសិនបើស្ថានភាពសេដ្ឋកិច្ចជាតិ ពុំទាន់រឹងមាំទេ វាអាចបង្កជាបញ្ហាដែលត្រូវពិចារណា ដោយសារតែកញ្ចប់ថវិកាដែលបានខ្ចី គឺជាបន្ទុករបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានតួនាទីបង់ពន្ធជូនរដ្ឋ។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីប្រើប្រាស់បំណុលឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា គួរសិក្សាឱ្យបានលម្អិតរាល់ផែនការនានា និងត្រូវបង្ហាញតម្លាភាពក្នុងការប្រើប្រាស់ថវិកា ដែលទាក់ទងជាមួយលទ្ធផល និងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការប្រើប្រាស់បំណុលសាធារណៈរបស់កម្ពុជា ទំនងជាមិនទាន់មានភាពល្អគ្រប់គ្រាន់នោះទេ ពោលគឺអាចនៅមានភាពខ្វះចន្លោះមួយចំនួនដោយសារមានបុគ្គលខ្លះឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ។ ការណ៍នេះទាមទារឱ្យរដ្ឋាភិបាលត្រូវចាត់វិធានការកាត់ផ្ដាច់ឱ្យបាន និងត្រូវពង្រឹងការធ្វើសវនកម្មផ្ទៃក្នុងឱ្យបានហ្មត់ចត់ទើបការប្រើប្រាស់ថវិកាមានប្រសិទ្ធភាព។ សម្រាប់អ្នកជំនាញរូបនេះការកើនឡើងបំណុលសាធារណៈពីមួយឆ្នាំទៅមួយឆ្នាំ ក៏ជាក្តីបារម្ភមួយផងដែរសម្រាប់កម្ពុជា ព្រោះនៅពេលបំណុលកើនឡើងកាន់តែខ្ពស់ វានឹងធ្វើឱ្យម្ចាស់បំណុលកាន់តែមានឥទ្ធិពលមកលើកម្ពុជា។
ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការបង្កើនទំហំកម្ចីពីប្រទេស និងស្ថាប័នដៃគូអន្តរជាតិ រហូតដល់២,៧ពាន់លានដុល្លារ នៅឆ្នាំនេះ គឺដើម្បីយកមកបំពេញឱនភានថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជារក្សានិរន្តរភាពថវិកាជាតិ ក្រោយការប្រមូលចំណូលពន្ធមានការធ្លាក់ចុះ។ ថវិកាទាំងនេះ ក៏នឹងប្រើប្រាស់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនផងដែរ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ទោះបីបំណុលសាធារណៈ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ តែកម្រិតបំណុលរបស់កម្ពុជា ស្ថិតក្នុងកម្រិតទាបនៅឡើយបើធៀបនឹងទំហំផលិតផលក្នុងសរុបរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជា កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍចំនួន ២០០០លានអេសដេអ៊ែរ សមមូលនឹងប្រមាណ២,៧ពាន់លានដុល្លារ កើនចំនួន៣០០លានអេសដេអ៊ែរ សមមូលនឹងជាង៣៩០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៤។
គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ កម្ពុជា មានសន្និធិបំណុលសាធារណៈសរុបចំនួន១១ពាន់៨៦១លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៥,២% នៃផលិតផលក្នុងស្រុកសរុប ក្នុងនោះសន្និធិបំណុលសាធារណៈ ក្នុងប្រទេសមានចំនួន១១៥លានដុល្លារអាម៉េរិក និងបំណុលក្រៅប្រទេសមានចំនួន១១ពាន់៧៤៥លានដុល្លារអាម៉េរិក៕