ជាពិសេសបន្ទាប់ពីរបាយការណ៍បានបង្ហាញថាស្ថានភាពសេដ្ឋកិច្ចអាមេរិកបានថមថយចុះ ដោយសារតែការធ្លាក់ចុះចំណាយលើវិស័យសំណង់និងការថយចុះនៃផលិតកម្មផ្សេងៗ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី គេសង្កេតឃើញថា ផលប៉ះពាល់ពីការសម្រេចចិត្តរបស់ប្រទេសសមាជិកអង្គការ OPEC+ មិនសូវមានទម្ងន់ខ្លាំងដែលជាបញ្ហាតែមួយគត់ដែលធ្វើឲ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះនោះទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
តម្លៃនៃការទូទាត់ជាប្រាក់ដុល្លារនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅដើមសប្តាហ៍នេះ បន្ទាប់ពីការប្រកាសកាត់បន្ថយទិន្នផលប្រេងដ៏គួរឱ្យភ្ញាក់ផ្អើលពីសំណាក់បណ្តាប្រទេសដែលជាសមាជិកអង្គការ OPEC+ និង បន្ទាប់ពីទិន្នន័យបង្ហាញថាស្ថានភាពសេដ្ឋកិច្ចអាមេរិកបានស្រុតចុះ ដោយសារតែការធ្លាក់ចុះចំណាយលើវិស័យសំណង់ និង ផលិតកម្មផ្សេងៗ។
អង្គការនៃបណ្តាប្រទេសនាំចេញប្រេង ដែលហៅថា OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) កាលពីថ្ងៃអាទិត្យបានប្រកាសរួមគ្នា ដើម្បីជំរុញឱ្យតម្លៃប្រេងឡើងថ្លៃវិញ ហើយក្រោយការប្រកាស តម្លៃប្រេងឆៅបានកើនឡើង 5,7 ភាគរយ ពោលគឺកើនដល់តម្លៃជិត 85 ដុល្លារក្នុងមួយបារ៉ែល ។ហើយបន្ទាប់ពីប្រកាសភ្លាមៗ ស្ថានភាពប្រាក់ដុល្លារដំបូងបានកើនឡើងបន្តិចដែរ ប៉ុន្តែវាក៏ស្រាប់តែធ្លាក់ចុះមកវិញ។
ប្រទេសសមាជិកអង្គការ OPEC+ ត្រូវបានគេរំពឹងថានឹងប្រកាន់ខ្ជាប់ការកាត់បន្ថយផលិតកម្មប្រេងចំនួន 2 លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ឆ្នាំ 2023 ដែលធ្លាប់បានសម្រេចរួចហើយ ប៉ុន្តែបានប្រកាសកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀតចំនួនជាង 1 លានបារ៉ែលក្នុងមួយថ្ងៃ។
ទោះជាយ៉ាងនេះក៏ដោយ ផលប៉ះពាល់បណ្ដាលមកពីសេចក្ដីសម្រេចរបស់អង្គការ OPEC គឺមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែអ្នកវិនិយោគផ្តោតលើគោលនយោបាយរូបិយវត្ថុ និង លើភាពចម្រូងចម្រាសរវាងធនាគារកណ្តាលសហរដ្ឋអាមេរិកនិងធនាគារកណ្តាលផ្សេងទៀត ជាពិសេសធនាគារកណ្តាលអឺរ៉ុប។
របាយការណ៍សេដ្ឋកិច្ចចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហាញថា សកម្មភាពផលិតកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងខែមីនាបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត 3 ឆ្នាំ ខណៈដែលការបញ្ជាទិញថ្មីបានបន្តធ្វើកិច្ចសន្យា។ហើយ ប្រាក់ដុល្លារបានបន្តការខាតបង់បន្ទាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចខាងលើនេះកាលពីថ្ងៃចន្ទ៕
ដោយៈ សរ សុជាតិ