នៅក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកត់សម្គាល់ពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានការរួមចំណែកជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជោគវាសនារួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវភាពជឿទុកចិត្តគ្នា និងជំរុញឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស្អិតល្មួត។ បើតាមសម្តេច ហ៊ុន សែន ក្រៅពីផ្ដល់ជំនួយឥតសំណង ភាគីចិនក៏បានផ្ដល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជាជាច្រើន ខណៈគិតមកដល់ពេលនេះ មហាមិត្តចិនបានជួយសាងសង់ផ្លូវចំនួន ៣០ខ្សែ រួមមកហើយ សម្រាប់ប្រជាជនកម្ពុជា ដែលមានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ និងចំណាយថវិកាអស់ជិត ២ពាន់លានដុល្លារ។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួនផ្សេងទៀត ដែលជាជំនួយរបស់ចិន ក៏បាននិងកំពុងបន្តសាងសង់ ផងដែរ ដោយគិតជាទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ។
គួររំឭកថា បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២២ ក្នុងចំណោមសន្និធិបំណុលជាង៩ពាន់៤រយលានដុល្លារ កម្ពុជាជំពាក់ប្រទេសចិនមានជាង៣ពាន់៨រយលានដុល្លារ ឬស្មើនឹង៤១% នៃទំហំសន្និបំណុលសរុប។
ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ត្រូវបាននាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនូវគំនិតសុទិដ្ឋិនិយមថា កាន់តែមានភាពល្អប្រសើរឡើង ថែមមួយកម្រិតទៀត ជាពិសេសនៅឆ្នាំ២០២២ ដែលជាឆ្នាំដ៏សំខាន់នៃការចូលជាធរមានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ សម្ដេច ហ៊ុន សែន បានបង្ហាញជំហរយ៉ាងមុតមាំទៀតថា ការចូលជាធរមានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបើកឱកាសឲ្យកម្ពុជា ជំរុញការនាំចេញផលិតផលទៅកាន់ទីផ្សារប្រសើរប្រទេសចិន នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។ បច្ចុប្បន្នក្រៅពីអង្ករ និងដំឡូងមី កម្ពុជាក៏បាននាំចេញផ្លែឈើស្រស់សំខាន់ៗដូចជា ផ្លែចេក ផ្លែស្វាយ និងផ្លែមប៉ៃលិន ទៅកាន់ទីផ្សារចិនផងដែរ ហើយមិនយូរនោះទេ ត្រីប្រារបស់កម្ពុជា នឹងអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់ នាពេលខាងមុខ។
បើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ១០,៥ពាន់លានដុល្លារ បានកើនឡើងជាង ៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន មានទំហំទឹកប្រាក់ តែជាង ១ពាន់លានដុល្លារ ប៉ុណ្ណោះ តែទំនិញដែលកម្ពុជាបាននាំចូលពីទីផ្សារប្រទេសចិនវិញ មានទំហំទឹកប្រាក់រហូតជាង ៩ពាន់លានដុល្លារ ឯណោះ៕