OPEC+ កាត់បន្ថយផលិតកម្មប្រេងដ៏គួរឲ្យភ្ញាក់ផ្អើល

តើអាមេរិកកំពុងតែឈឺក្បាលប៉ុនណានៅពេលដែល OPEC+ កាត់បន្ថយផលិតកម្មប្រេងដ៏គួរឲ្យភ្ញាក់ផ្អើល?


ការប្រកាសកាត់បន្ថយផលិតកម្មប្រេងដ៏គួរឱ្យភ្ញាក់ផ្អើលនៅសប្តាហ៍មុនដោយសមាគមប្រទេសនាំប្រេងចេញនិងសម្ព័ន្ធមិត្ត ដែលគេហៅថាអូប៉ិចបូក (OPEC+) កំពុងធ្វើឱ្យស្មុគស្មាញដល់ធនាគារកណ្តាលអាមេរិក ដែលកំពុងតែខិតខំធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងវិញ។ ការសម្រេចចិត្តរបស់ OPEC + អាចប៉ះពាល់ដល់ប្រព័ន្ធផលិតកម្មទំនិញនិងសេវាកម្មដឹកជញ្ជូនទំនិញផ្សេងៗទៀត ដែលសុទ្ធសឹងជាសមាសធាតុស្នូលនៃសេដ្ឋកិច្ច។ ឥឡូវនេះ អ្នកប្រើប្រាស់ថាមពលនៅសហរដ្ឋអាមេរិក បានចំណាយប្រាក់ថ្លៃប្រេងឥន្ធនៈលើសខែមុនប្រហែល ១៥ សេនហើយ។ នេះបើយោងតាមហណ្ដាញសារព័ត៌មាន ស៊ីអិនអិន។
អាមេរិកកំពុងតែឈឺក្បាលប៉ុនណានៅពេលដែល OPEC+ កាត់បន្ថយផលិតកម្មប្រេងដ៏គួរឲ្យភ្ញាក់ផ្អើល?
ដោយ

សេដ្ឋវិទូនានាបាននិយាយថា ការប្រកាសកាត់បន្ថយផលិតកម្មប្រេងដ៏គួរឱ្យភ្ញាក់ផ្អើលនៅសប្តាហ៍មុនដោយសមាគមប្រទេសនាំប្រេងចេញនិងសម្ព័ន្ធមិត្ត ដែលគេហៅថាអូប៉ិចបូក (OPEC+) កំពុងធ្វើឱ្យស្មុគស្មាញដល់ធនាគារកណ្តាលអាមេរិក ដែលកំពុងតែខិតខំធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងវិញ។ អ្នកសេដ្ឋកិច្ចទាំងនោះបានសង្កត់ធ្ងន់ថា អតិផរណានៅប្រទេសមហាអំណាចមួយនេះនឹងអាចកាន់តែអាក្រក់ ។

លោកស្រី សារ៉ាហ្វ ហោស (Sarah House) សេដ្ឋវិទូនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុពហុជាតិសាសន៍ វេល ហ្វាហ្គូ (Wells Fargo) បានប្រាប់បណ្ដាញសារព័ត៌មានស៊ីអិនអិន (CNN) ថា ធនាគារកណ្តាលសហរដ្ឋអាមេរិកបានមើលឃើញការសម្រេចចិត្តរបស់អង្គការ OPEC ភាគច្រើន ពាក់ព័ន្ធនឹងរឿងភូមិសាស្ត្រនយោបាយ ប៉ុន្តែការសម្រេចចិត្តបែបនោះអាចប៉ះពាល់ដល់ប្រព័ន្ធផលិតកម្មទំនិញនិងសេវាកម្មដឹកជញ្ជូនទំនិញផ្សេងៗទៀត ដែលសុទ្ធសឹងជាសមាសធាតុស្នូលនៃសេដ្ឋកិច្ច។ ដូច្នេះហើយ ធនាគារកណ្តាលសហរដ្ឋអាមេរិកត្រូវតែផ្តោតការយកចិត្តទុកដាក់បន្ថែមលើការរៀបចំគោលនយោបាយពាក់ព័ន្ធនានា ។

លោក ខាល់ ថានណេនបោម (Carl Tannenbaum) ប្រធានក្រុមសេដ្ឋវិទូនៅសាជីវកម្មណស្សើនត្រាស្ត៍ (Northern Trust Corporation) បាននិយាយថា តម្លៃថាមពលគឺជាកត្តាដ៏មានឥទ្ធិពលក្នុងការរំពឹងទុករបស់ប្រជាជនដែលថាវានឹងបង្កើនអតិផរណា។ ឥឡូវនេះ ពួកគេដែលជាអ្នកប្រើប្រាស់ថាមពលបានចំណាយប្រាក់ថ្លៃប្រេងឥន្ធនៈលើសខែមុន ១៥ សេនហើយ បើប្រៀបនឹងខែមុនដែលប្រេង ១ ហ្គាឡុង មានតម្លៃ ៣,៤០ ដុល្លារ។

លោក ថានណេនបោម បានបញ្ជាក់ថា “ប្រសិនបើតម្លៃសាំងធម្មតាមួយហ្គាឡុង ដែលស្មើនឹង ៣,៧លីត្រ ឡើងថ្លៃលើសពី ៤ ដុល្លារនោះវាជារឿងផ្សេង” ។

លោក ជេម ប៊ូឡាត ( James Bullard ) ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅតំបន់សាំងល្វីស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា ពាក់ព័ន្ធនឹងការប្រែប្រួលនៃតម្លៃប្រេង ពលរដ្ឋអាចពិបាកតាមដាន ប៉ុន្តែលោកបានទទួលស្គាល់ផលប៉ះពាល់ជាយថាហេតុនៃការប្រែប្រួលតម្លៃរបស់វា។

លោកបញ្ជាក់ថា ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈវាពិតជានឹងប៉ះពាល់ដល់កម្រិតអតិផរណា ហើយក៏អាចនឹងធ្វើឲ្យការងាររបស់ធនាគារនេះកាន់តែស្មុគស្មាញផងដែរ ។

តម្លៃថាមពលនៅទូទាំងពិភពលោកបានប្រែប្រួលខ្លាំងកាលពីឆ្នាំមុន នៅពេលដែលរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន ដែលជំរុញឱ្យមានអតិផរណាជាសកល ខណៈដែលប្រទេសសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោកបានចាប់ផ្តើមមានភាពប្រសើរឡើងវិញបន្ទាប់ពីការរីករាលដាលកូវីដ ១៩។

ការិយាល័យសិ្ថតិរបស់អាមេរិកបានអះអាងថា នៅពេលដែលតម្លៃថាមពលស្រុតចុះ អតិផរណាអាមេរិកក៏បានធ្លាក់ចុះ ពីចំណុចខ្ពស់បំផុតនៅក្នុងរយៈពេល ៤០ ឆ្នាំ។ អតិផរណាដែលបានឡើងដល់៩,១ភាគរយកាលពីខែមិថុនា ឆ្នាំ២០២២ បានចុះមកនៅត្រឹម ៦ ភាគរយនៅខែ កុម្ភៈ ឆ្នាំ២០២៣ ខណៈដែលតម្លៃថាមពលដែលរួមចំណែកប្រមាណជា ៧,៥ ភាគរយនៃសន្ទស្សន៍សេដ្ឋកិច្ចទាំងមូលបានកើនឡើង ៥ ភាគរយ នៅក្នុងខែកុម្ភៈ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ កំណើននៃតម្លៃថាមពលធ្លាប់មានរហូតដល់ទៅ ៤១,៣ ភាគរយ កាលពីខែមិថុនាឆ្នាំមុន ។

ឥឡូវនេះ បើតម្លៃប្រេងប្រែប្រួល អត្រាអតិផរណាអាចនឹងបន្តកើនឡើង ពីព្រោះនៅពេលនេះពលរដ្ឋអាមេរិកបានចំណាយប្រាក់កាន់តែច្រើនលើប្រេង ដែលមានតម្លៃជាមធ្យមថ្នាក់ជាតិ ក្នុងមួយហ្គាឡុងចំណុះ ៣,៧ លីត្រ ថ្លៃ ៣,៥៥ ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍។ កាលពីខែមុនវាមានតម្លៃត្រឹមតែ ៣,៤០ ដុល្លារ៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ឧស្សាហកម្មហេ្គមពិភពលោកមានតម្លៃទីផ្សារដល់ទៅជាង ១៨៤ពាន់លានដុល្លារនៅឆ្នាំ២០២២

ព័ត៌មាន
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមកាន់កាប់ចំណែកដ៏ធំមួយនៃទីផ្សារហ្គេមកុំព្យូធឺ ដោយមានអ្នកលេងរហូតដល់ទៅ ៥៤,៦ លាននាក់ ជាមួយនឹងទឹកប្រាក់រហ…

៣ខែដើមឆ្នាំនេះ វៀតណាមបាននាំអង្ករចេញជិត ២ លានតោន ភាគច្រើនជាអង្ករផលិតនៅតំបន់ដីសណ្ដទន្លេមេគង្គ

ព័ត៌មាន
ប្រទេសវៀតណាមអាចសម្រេចបានការនាំចេញអង្កររហូតជិត ២ លានតោន ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ ២០២៣។ អង្ករវៀតណាមបានមើលឃើញជោគជ័យមួយចំនួន ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ