លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃនិងភា្នក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល បានបង្ហាញពីការគាំទ្រយុទ្ធសាស្ត្រធំៗទាំងបួននេះ ដោយបានអះអាងថា នឹងធ្វើឲ្យជីវភាពអ្នកនៅជនបទ មានជីវភាពធូរធារល្អមិនឲ្យដាច់ឆ្ងាយពីអ្នកនៅទីក្រុង ដែលនឹងជួយអភិវឌ្ឍន៍ប្រទេសកាន់តែលឿន។
មិនតែប៉ុណ្ណោះលោកឧកញ៉ា មើលឃើញពីសញ្ញានៃការរីកសាយភាយកាន់តែធំ នៅក្នុងការអភិវឌ្ឍអចលនទ្រព្យមិនថាតែក្នុងទីក្រុងនោះទេ នៅតាមបណ្តាខេត្តផ្សេងៗក៏នឹងមានសញ្ញានៃការស្ទុះងើបឡើងផងដែរ។ ការកំណត់យកគោលដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច។
អ្នកជំនាញអចលនទ្រព្យចាស់វស្សា ចេង ខេង បានបន្តឲ្យដឹងទៀតថា តាមមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជាថា នៅត្រឹមឆ្នាំ២០៣០ខាងមុខ កម្ពុជានឹងក្លាយខ្លួនពីប្រទេសចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍នោះ លោកជឿជាក់ថា នឹងអាចធ្វើបាន ស្របតាមការកំណត់យុទ្ធសាស្ត្រគោលដៅធំៗចំនួន៤ សម្រាប់អភិវឌ្ឍន៍នៅក្នុងអាណត្តិថ្មីនេះ។
សូមជម្រាបថា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលរាជរដ្ឋាភិបាលបានកំណត់យកជាយុទ្ធសាស្ត្រគោលដៅធំៗចំនួន ៤ សម្រាប់អភិវឌ្ឍន៍នោះគឺ ទី១ ចូលរួមរក្សាឲ្យបាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់៧% និងប្រកបដោយចីរភាព និងធននឹងវិបត្តិ តាមរយៈការធ្វើពិពិធកម្មនៃមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ដោយទូលំទូលាយ និងភាពប្រកួតប្រជែង ជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឲ្យនៅទាប ការធានានូវស្ថិរភាពអត្រាប្តូរប្រាក់ និងការខិតខំបង្កើនទុនបម្រុងជាប្រចាំ និងការគ្រប់គ្រងបំណុលសាធារណៈដោយគត់មត់។
ទី២ ការបង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាជន ពិសេសស្រទាប់យុវជន តាមរយៈការផ្ដល់ជំនាញ ព័ត៌មានទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងការជំរុញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស។
ទី៣ សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រឲ្យស្ថិតនៅអត្រាទាបជាង១០% និងការពារមិនឲ្យភាពក្រីក្រត្រឡប់មកវិញ។
និងទី៤, ការបន្តពង្រឹងនូវសកម្មភាពអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើដល់ប្រជាជនឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិស្ថានធុរកិច្ច និងការវិនិយោគ។
ក្នុងនោះដែរ មានវិស័យអាទិភាពចំនួន៤ ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការបន្តអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងក្លាថែមទៀតនោះ គឺទី១ ការអភិវឌ្ឍធនធានមនុស្ស បន្ទាប់មកគឺហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក និងភ្លើង៕