ពាណិជ្ជករ​ជោគជ័យ

ឧកញ៉ា កែវ មុំ៖ ខ្ញុំ​ខ្វះ​ទុន ខ្វះ​ចំណេះ តែ​ខ្ញុំ​មិន​ខ្វះ​គំនិត​ទេ!


“ខ្ញុំ​មិន​មាន​ទុន​ច្រើន​ទេ ហើយ​ក៏​រៀន​មិន​បាន​ច្រើន​ដែរ តែ​ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​គិត​ចំពោះ​ការ​រក​ស៊ី​នោះ​ទេ ហើយ​គំនិត​នេះ​ហើយ គឺ​ជា​កម្លាំង​មួយ​ដ៏​ខ្លាំងក្លា​ជំរុញ​ឲ្យ​ខ្ញុំ​បាន​មក​ដល់​ទី​នេះ” នេះ​គឺ​ជា​ប្រសាសន៍​របស់​ឧកញ៉ា កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ដែល​បាន​បង្ហើប​ប្រាប់ ខេមបូណូមីស។
ឧកញ៉ា កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី។ រូបភាព៖ ខេមបូណូមីស
ដោយ

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មាន​អាយុកាល​១៥​ឆ្នាំ​ហើយ ដែល​អាច​និយាយ​បាន​ថា ជា​សហគ្រាស​មួយ​លេច​ធ្លោ​ដែរ ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។ ប៉ុន្ដែ ទម្រាំ​អាច​ឈរ​ជើង​មក​ដល់​ចំណុច​នេះ អាជីវកម្ម​មួយ​នេះ​ក៏​ធ្លាប់​បាន​ហែល​ឆ្លង​កាត់​នូវ​ការ​លំបាក​មិន​តិច​នោះ​ដែរ។ 

ឧកញ៉ា កែវ មុំ ដែល​ជា​ស្ត្រី​មួយ​រូប​នៅ​ពីក្រោយ​ការ​រីក​លូតលាស់​របស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី នេះ បាន​លើក​ឡើង​ថា ការ​ដើរ​មកដល់​បច្ចុប្បន្ន​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្ដែ វា​បាន​មក​ពី​ការ​តស៊ូ និង​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់​សស្រាំ​ពី​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​ទាំង​អស់។ 

កើត​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ឆ្លងកាត់​នូវ​របប​ជូរ​ចត់​ដូច​ប្រជាជន​ខ្មែរ​ទូទៅ​ដែរ ឧកញ៉ា កែវ មុំ បាន​លើក​ឡើង​ថា ការ​ចាប់​ផ្ដើម​ជីវិត​ក្នុង​វិថី​អាជីវកម្ម​របស់​គាត់ គឺ​ផ្ដើម​ឡើង​ពី​បាត​ដៃ​ទទេ​ដូច​គេ​ឯង​ក្នុង​សម័យ​នោះ​ដែរ។ 

ក្រោយ​ពី​បាន​រំដោះ​ពី​របប​ខ្មែរ​ក្រហម ឪពុក​ម្ដាយ​ឧកញ៉ា កែវ មុំ បាន​ប្រកប​របរ​រកស៊ី​ជា​​អ្នក​លក់​ដូរ​ភេសជ្ជៈ​ធម្មតា​ប៉ុណ្ណោះ ហើយ​នៅ​អំឡុង​ពេល​នោះ គាត់​មិន​សូវ​ជា​​មាន​ពេល​វេលា​រៀនសូត្រ​ដិតដល់​នោះ​ទេ ដោយសារ​តែ​ត្រូវ​ជួយ​លក់​ដូរ​ឪពុក​ម្ដាយ ព្រោះ​ពួកគាត់​មាន​បញ្ហា​សុខភាព។ លុះ​ក្រោយ​មក ឧកញ៉ា កែវ មុំ បាន​ជួប​នឹង​ថៅកែ​ជនជាតិ​សាំងហ្គាពួរ​ម្នាក់ ដោយ​ថៅកែ​នោះ​បាន​ប្រាប់​ថា បើ​ចង់​ក្លាយ​ជា​អ្នក​មាន ឬ​អ្នក​ជំនួញ​ជោគជ័យ គាត់​មិន​អាច​នៅតែ​បន្ត​លក់ដូរ​តាម​ផ្ទះ​បែប​នេះ​បាន​ទេ គាត់​ត្រូវ​មាន​របរ​មួយ​ក្នុង​ដៃ​ជាក់លាក់​ជាង​នេះ នោះ​គឺ​ការ​នាំចូល​ផលិតផល​មក​លក់​ផ្ដាច់​មុខ ខណៈ​ដែល​កាល​ពី​សម័យ​នោះ ទីផ្សារ​កម្ពុជា​មាន​តម្រូវការ​នាំចូល​ទំនិញ​ប្រើប្រាស់​ស្ទើរ​តែ​គ្រប់​មុខ។

ការ​ដាស់​តឿន​នេះ បាន​ធ្វើ​ឲ្យ​ឧកញ៉ា កែវ មុំ កាន់តែ​ចង់​ចេះ​ចង់ដឹង​ពី​ការ​រកស៊ី​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​បាន​សម្រេច​ចិត្ត​ទៅ​សុំ​ការងារ​នៅ​រោងចក្រ​របស់​ថៅកែ​សាំងហ្គាពួរ​នោះ​ធ្វើការ ដើម្បី​ស្វែងយល់​ពី​ការ​ធ្វើ​ការងារ និង​ការ​គ្រប់គ្រង​របស់​គេ ខណៈ​ដែល​ក្រុមហ៊ុន​នោះ​មាន​ការ​នាំចូល​ទំនិញ​ជា​ច្រើន​មុខ​មក​កម្ពុជា។

ការងារ​ជា​បុគ្គលិក​​ផ្នែក​លក់ បាន​ធ្វើ​ឲ្យ​ឧកញ៉ា កែវ មុំ បាន​យល់​កាន់​តែ​ជ្រួតជ្រាប​ពី​ផលិតផល និង​ការ​ការ​បញ្ជ្រាប​ផលិតផល​ចូល​ទៅ​កាន់​ទីផ្សារ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​គាត់​បែក​គំនិត​ចង់​ផលិត​ទំនិញ​សម្រាប់​ការ​លក់​នៅ​ក្នុង​ស្រុក​វិញ ពិសេស គឺ​ចំណី​អាហារ​តែ​ម្ដង ព្រោះ​កម្ពុជា​មាន​វត្ថុធាតុ​ដើម​យ៉ាង​ល្អ​ស្រាប់។ មិន​តែ​ប៉ុណ្ណោះ ការ​ផលិត​ក្នុង​ស្រុក ក៏​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ ជួយ​ឲ្យ​ប្រជាជន​អាច​ទទួល​ទាន​ចំណី​អាហារ​មាន​សុវត្ថិភាព ផ្ដល់​ការងារ​សម្រាប់​ប្រជាជន ពិសេស ជួយ​ដល់​កសិករ​តាម​រយៈ​ការ​ទិញ​នូវ​វត្ថុ​ធាតុ​ដើម​ពី​ពួកគាត់។

ការ​គិត​ពី​ចំណុច​ទាំង​អស់​នេះ​រាល់​ថ្ងៃ បាន​ជំរុញ​ឲ្យ​ទឹក​ចិត្ត ឧកញ៉ា កែវ មុំ កាន់តែ​ពុះ​កញ្ជ្រោល​ខ្លាំង​ឡើងៗ ដើម្បី​ឈាន​ទៅ​សម្រេច​ក្ដី​សុបិន​ដ៏​ធំធេង​មួយ​នេះ ព្រមទាំង​បាន​កំណត់​ជា​ទស្សនៈ​មួយ​ថា “គេ​អាច​ធ្វើ​បាន យើង​ក៏​អាច​ធ្វើ​បាន​ដែរ”។ ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​ជំនួញ​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ បាន​គូស​បញ្ជាក់​ថា មួយ​ឃ្លា​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ធ្វើការ​មិន​ខ្លាច​ហត់​នឿយ និង​អាច​អភិវឌ្ឍ​ខ្លួន​បាន​មក​ទល់​ពេល​នេះ។ 

គេ​អាច​ធ្វើ​បាន យើង​ក៏​អាច​ធ្វើ​បាន​ដែរ
— ឧកញ៉ា កែវ មុំ ម្ចាស់​សហគ្រាស​ផលិត​នំ​ស្រួយ លីលី

ការ​ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម​លើក​ដំបូង​ត្រូវ​បាន​ចាប់ផ្ដើម ជាមួយ​នឹង​ការ​ចូលរួម​ជ្រោមជ្រែង​ពី​ដៃគូ ខណៈ​ដែល​ពេល​នោះ សហគ្រាស​ផលិត​នំ​ស្រួយ លីលី នេះ បាន​ផ្ដើម​ឡើង​ជាមួយ​បុគ្គលិក​តែ​ជាង ២០​នាក់​ប៉ុណ្ណោះ បើ​គិត​មក​ទល់​ពេល​នេះ បុគ្គលិក​មាន​ប្រមាណ ២៥០​នាក់​ហើយ។ 

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​ការ​លំបាក​ក្នុង​ដំណើរ​អាជីវកម្ម​នេះ ឧកញ៉ា កែវ មុំ បាន​មាន​ប្រសាសន៍​ថា ការ​លំបាក​មាន​ច្រើន​រាប់​មិន​អស់​ឡើយ ដូចជា បញ្ហា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ប្រើ​ប្រាស់ និង​ការ​គ្រប់គ្រង​ផ្សេងៗ ជាដើម។ ប៉ុន្ដែ ការរៀន​សូត្រ​ពី​ការ​លំបាក​ទាំង​នោះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ដោះ​បញ្ហា នោះ​ទើប​ជា​រឿង​ដ៏​មាន​តម្លៃ​បំផុត។ 

ឧកញ៉ា កែវ មុំ បាន​អះអាង​ថា វា​មាន​តម្លៃ គឺ​ដោយសារ​តែ​គាត់​បាន​ចាត់​ទុក​បញ្ហា គឺ​ជា​ឱកាស​សម្រាប់​ការ​លូតលាស់ កាលណា​យើង​អាច​រក​ដំណោះស្រាយ​បាន​សម្រាប់​ដោះ​បញ្ហា​បាន​កាន់​តែ​ច្រើន នោះ​ឱកាស​អភិវឌ្ឍ​ខ្លួន​របស់​យើង​ក៏​មាន​កាន់តែ​ច្រើន​ដែរ ហើយ​ត្រូវ​ចងចាំ​ដែរ​ថា បញ្ហា គឺ​មាន​មិនចេះ​ចប់​នោះ​ទេ។

ជុំវិញ​យុទ្ធសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ជំនួញ​វិញ សហគ្រិន​ស្ត្រី​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​រូប​នេះ បាន​គូស​បញ្ជាក់​ថា ការ​ផ្ដោត​លើ​ការ​ផលិត​នូវ​ផលិតផល ឬ​សេវា​កម្ម ដែល​មាន​គុណភាព​ខ្ពស់ តាម​ស្ដង់ដារ និង​តម្រូវការ គឺ​ជា​កត្តា​ស្លាប់​រស់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ។ 

នៅ​ក្នុង​គោលការណ៍​ជំនួញ​របស់​ឧកញ៉ា កែវ មុំ គុណភាព​ផលិតផល​ជា​រឿង​សំខាន់​បំផុត​ទី១ រីឯ ប្រាក់​ចំណេញ គឺ​ជា​រឿង​បន្ទាប់។ នៅ​ពេល​ដែល សហគ្រិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រាក់​ចំណេញ​ជា​ធំ នោះ​មិន​ថា ការ​ផលិត​ផលិតផល ឬ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នោះ​ទេ រមែង​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន និង​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង។ ដូច្នេះ​ហើយ ទើប​ការ​ផលិត​របស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព និង​អនាម័យ​ជា​ចម្បង តួយ៉ាង ការ​គ្រប់គ្រង​ប្រតិបត្តិការ​មាន​បែងចែក​ទៅ​តាម​ផ្នែក​ផ្សេង​គ្នា ដូចជា​ផ្នែក​ត្រួត​ពិនិត្យ​គុណភាព និង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ ជាដើម។

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មាន​ផលិត​ទំនិញ​ជាង​៣០​មុខ និង​បាន​ធ្វើការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ជាង ១០​ប្រទេស ហើយ​នៅ​ឆ្នាំ​២០១៨​នេះ​ទៀត​សោត ក្រុមហ៊ុន​នេះ​ក៏​គ្រោង​នឹង​ពង្រីក​សមត្ថភាព​រោងចក្រ​ថ្មី​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​ផលិត​មាន​កាន់តែ​ធំ​ជាង​មុន ពោល​គឺ​នឹង​កើន​ឡើង​៣​ដង នៃ​សមត្ថភាព​ផលិត​នា​ពេល​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ ក៏គ្រោង​នឹង​បន្ថែម​ការ​ផលិត​ផលិតផល​ថ្មី គឺ​ដំណាប់​ផ្លែ​ឈើ​ក្រៀម​សម្រាប់​នាំ​ចេញ​ផង​ដែរ ដែល​វា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ទីផ្សារ​កសិផល​ក្នុង​ស្រុក​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។ 

ជា​ទិសដៅ​នៅ​ថ្ងៃ​អនាគត ឧកញ៉ា កែវ មុំ បាន​គូស​បញ្ជាក់​ប្រាប់ ខេមបូណូមីស ថា នឹង​ជំរុញ​ពង្រីក​សមត្ថភាព​ផលិត​របស់​រោងចក្រ​នំ​ស្រួយ លីលី នេះ ឲ្យ​កាន់​តែ​មាន​វិសាលភាព​​​​ធំ​ជាង​នេះ​ថែម​ទៀត និង​មាន​ចក្ខុវិស័យ​ចង់​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន ក៏​ដូចជា​សហគ្រាស​ក្នុង​ស្រុក​គំរូ​មួយ សម្រាប់​សហគ្រាស​ផ្សេង​ទៀត អាច​រៀនសូត្រ​តាម តាមរយៈ​ការ​ផលិត​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ស្រប​ទៅ​តាម​ស្ដង់ដារ និង​អនាម័យ៕

None



អត្ថបទបន្ទាប់


កម្ពុជាស្នើចិនវិនិយោគកែច្នៃផ្លែមៀនប៉ៃលិន​និង​ដំឡូងមី​នាំចេញទៅទីផ្សារចិន

ក្នុងជំនួបជាមួយ លោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករងទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មរបស់ចិនកន្លងទៅថ្មីៗនេះ…

ផ្សាររាត្រីនៅភ្នំពេញលើកសម្រស់រាជធានីនិងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ

ផ្សាររាត្រីជាប់មាត់ទន្លេ ត្រូវបានគេស្គាល់ថា ជាទីកន្លែងពិសេសមួយ ដែលអាជីវករ អាចយកទំនិញ និង ផលិតផលពួកគេយកមកតាំងលក់ ដើម្បីរកប្រាក់ចំណូលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ