តាមផែនការ គម្រោងអភិវឌ្ឍន៍កោះទន្សាយនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅ ២ទៅ៣ឆ្នាំខាងមុខនេះ ខណៈដែលអាជ្ញាធរខេត្តកែបរំពឹងថា ក្រោយបញ្ចប់គម្រោងនេះ នឹងជួយឲ្យកោះមួយនេះកាន់តែទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង។
កោះទន្សាយដែលបានជាប់គាំងដំណើរការអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ហាក់មានពន្លឺអភិវឌ្ឍន៍ឡើងវិញបន្តិចហើយ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍កោះនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ទ្រី ភាព គ្រុម អភិវឌ្ឍន៍បន្តពីក្រុមហ៊ុនចាស់ ដែលអសកម្មក្នុងការអភិវឌ្ឍន៍។
បើតាមឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នក្រុមហ៊ុន ទ្រី ភាព បានដឹកសម្ភារៈ និងគ្រឿងចក្រចូលមកបណ្តើរៗហើយ ក្រោយគម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្តម បានអះអាងថា ការអភិវឌ្ឍន៍កោះទន្សាយអាចចំណាយពេលច្រើនជាងការអភិវឌ្ឍន៍គម្រោងលើដីគោកធម្មតា ដោយសារវាជាដីកោះ។ អភិបាលរងខេត្តកែបរូបនេះវាយតម្លៃថា គម្រោងនេះអាចនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ។
ឯកឧត្តមអភិបាលរងខេត្តកែបរូបនេះរំពឹងថា ក្រោយគម្រោងនេះបញ្ចប់ការសាងសង់ជាស្ថាពរវានឹងជួយលើកមុខមាត់ខេត្តកែបមួយកម្រិតទៀតជាពិសេសវានឹងក្លាយមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែច្រើនថែមទៀត។ មួយវិញទៀតវានឹងជួយបង្កើនរយៈពេលការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរឲ្យកាន់តែយូរជាងមុន។
បើតាមឯកឧត្តម វ៉ៅ សុខា គម្រោងអភិវឌ្ឍន៍នៅលើកោះទន្សាយរួមមាន សណ្ឋាគារលំដាប់ផ្កាយ២, រីសត, អាហារដ្ឋាន, ឆ្នេរខ្សាច់, អគារពាណិជ្ជកម្ម និងអគារផ្សេងៗ។ កោះទន្សាយមានទំហំជាង១៤០ហិកតា តែការអភិវឌ្ឍន៍ធ្វើឡើងជាដំណាក់កាលៗ និងចោះៗតែប៉ុណ្ណោះ ពោលគឺគម្រោងត្រូវរក្សាធម្មតាជាតិដូចជាដើមឈើជាដើមចន្លោះពី៦០%ទៅ៧០%។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា។
គម្រោងអភិវឌ្ឍន៍កោះទន្សាយ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុម គ្រោងចំណាយថវិកាប្រមាណ១៣០លានដុល្លារអាមេរិក។ មុនផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុន ទ្រី ភាព រាជរដ្ឋាភិបាលប្រគល់សិទ្ធិអភិវឌ្ឍន៍ដល់ក្រុមចំនួនពីររួចមកហើយ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលដកហូតសិទ្ធិមកវិញដោយសារក្រុមហ៊ុនទាំងនោះពុំមានសកម្មភាពអ្វីនោះឡើយ ក្រោយបានទទួលសិទ្ធិពីរដ្ឋ៕