វិស័យកសិកម្ម

ក្រុមអ្នកចិញ្ចឹមសត្វ៖ តម្លៃសាច់នៅអំឡុងរដូវភ្ជុំបិណ្ឌឆ្នាំនេះថយចុះជាងឆ្នាំ្នមុន


ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានអះអាងថា ធ្លាប់តែនៅអំឡុងពេលនៃរដូវបុណ្យភ្ជុំបិណ្ឌតម្លៃសាច់ជ្រូក មាន់ទាមានការឡើងថ្លៃ ប៉ុន្ដែរដូវភ្ជុំបិណ្ឌឆ្នាំនេះ តម្លៃសាច់ជ្រូក និងសាច់មាន់ នៅលើទីផ្សារមិនត្រឹមតែមិនបានឡើងថ្លៃនោះទេ គឺបានធ្លាក់ចុះជាងមុនថែមទៀតផង។ តម្លៃសាច់មានការធ្លាក់ចុះនេះ គឺចំពេលដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ដោយសារបារម្ភពីការឆ្លងរីករាលកូវីដ១៩ធ្ងន់ធ្ងរ។
កសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករក្នុងស្រុកមួយកន្លែង

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តម្លៃ​មាន់​សាច់ ហាក់​មានការ​ធ្លាក់​ចុះ​តិចតួច ប៉ុន្ដែ​តម្លៃ​ជ្រូក​រស់​វិញ ហាក់​មានការ​ប្រែប្រួល​ខ្លាំង ដោយ​ជា​ធម្មតា​មុន​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​មុន​ៗ​សត្វ​ជ្រូក​រស់​អាច លក់​បាន​តម្លៃ ១២.៥០០​រៀល ទៅ ១៣.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ចូល​ដល់​រដូវ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ​វិញ តម្លៃ​ជ្រូក​រស់​បែរជា​ធ្លាក់​មក​នៅ​ត្រឹម ៩.០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។

បញ្ហា​កូ​វី​ដ​-១៩ នៅ​តែ​ជា​បញ្ហា​ចម្បង ដែល​ធ្វើ​ឱ្យ​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ជួប​បញ្ហា​ទីផ្សារ នា​រយៈពេល​កន្លង​មក គួប​ផ្សំ​នឹង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​នូវ​ការ​ប្រារព្ធ​ពិធី​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ ទៀត​នោះ កាន់តែ​ធ្វើ​ឱ្យ​តម្រូវការ​សាច់​នៅ​លើ​ទីផ្សារ​ថយ​ចុះ ហើយ​តម្លៃ​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ​។

ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា លោក​ស្រ៊ុ​ន ពៅ បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បច្ចុប្បន្ន កម្ពុជា មាន​តម្រូវការ​ជ្រូក​រស់ ប្រមាណ ៧​ពាន់​ក្បាល ទៅ ៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ ខណៈ​រដូវ​បុណ្យ​ភ្ជុំ តម្រូវការ​ជ្រូក​ហាក់​មិន​មានការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ក៏​ប៉ុន្ដែ​បើ​មើលទៅ​លើ​តម្លៃ​វិញ​គឺ​ធ្លាក់​ចុះ​ខ្លាំង​ជាង​រដូវ​ភ្ជុំ​ឆ្នាំ​មុន​ៗ​។ ចំណែក តម្លៃ​មាន់​សាច់ វិញ លោក ស្រ៊ុ​ន​ពៅ បាន​អះអាង​ថា តម្លៃ​មិនសូវ​ខុស​គ្នា ប៉ុន្មាន​ទេ ប៉ុន្ដែ​ក៏​មិនសូវ​មាន​ទីផ្សារ​ប៉ុន្មាន​ដែរ ដែល​មាន​តម្លៃ ជា​មធ្យម ៤,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។

បន្ថែម​លើ​បញ្ហា​កូ​វី​ដ​-១៩ ការ​ផ្អាក​ពិធី​ជួបជុំ និង​ពិធីបុណ្យ​ភ្ជុំ បញ្ហា​នាំ​ចូល​សត្វ​ខុសច្បាប់​ក៏​នៅ​តែ​ជា​បញ្ហា សម្រាប់​អ្នក​ប្រកប​របរ​ចិញ្ចឹមសត្វ ក្នុងស្រុក​ដែរ ដូច្នេះ លោក ស្រ៊ុ​ន ពៅ នៅ​តែ​ទទូច និង​ស្នើ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ជួយ​រក​ដំណោះស្រាយ​ជូន​ក្រុម​អ្នក​ចិញ្ចឹមសត្វ​។

ជុំវិញ​តម្លៃ​សាច់​នៅ​លើ​ទីផ្សារ​នេះ​ដែរ លោក មៀ​ច ពុទ្ធា អ្នក​ចិញ្ចឹម​ជ្រូក នៅ​ខេត្តពោធិសាត់ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា នៅ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់ ជ្រូក​រស់​អាច​លក់​បាន ក្នុង​តម្លៃ ១​ម៉ឺន​១​ពាន់​រៀល ទៅ ១​ម៉ឺន​២​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ក្រោយ​ពេល​រដូវ​ដាក់​បិណ្ឌ​ចូល​មក​ដល់ តម្លៃ​ជ្រូក​រស់​បែរជា​នៅ​ត្រឹម ១​ម៉ឺន​រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ អ្នក​ខេត្តពោធិ៍សាត់​រូប​នេះ បាន​បន្ថែម​ទៀត​ថា បើ​ទោះបីជា​ជ្រូករ​ស់មាន​តម្លៃ​ថយ​ចុះ​ជាង​មុន តែ​បច្ចុប្បន្ន ក៏​មិនសូវ​មាន​ឈ្មួញ​ចុះ​ទៅ​ទិញ​ដែរ​។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អ្នក​ចិញ្ចឹម​ជ្រូក កសិករ​ម្នាក់​ទៀត ដែល​ជា​អ្នក​ចិញ្ចឹម​មាន់​សាច់ នៅ​ខេត្តកំពង់ស្ពឺ​ឯណោះ​វិញ ក៏​បាន​រអ៊ូរទាំ​ពី​ទីផ្សារ​មាន់​សាច់ នា​ពេល​បច្ចុប្បន្ន​ដែរ​។ លោក ស៊ា​ប សុខ​ហៀ​ង បាន​បញ្ជាក់​ថា បច្ចុប្បន្ន មាន់​សាច់​រាប់​ម៉ឺន​ក្បាល​របស់​លោក មិន​មាន​ឈ្មួញ​ចុះ​ទៅ​ទិញ​ដោយ​ផ្ទាល់​នោះ​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​មាន​តម្រូវការ​មាន់​សាច់​ច្រើន​ដែរ បើ​ទោះបីជា​រដូវ​បុណ្យ​ភ្ជុំ​ក៏​ដោយ​។ ទន្ទឹម​នេះ លោក ស៊ា​ប សុខ​ហៀ​ង ក៏​បាន​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ជួយ​រក​ដំណោះស្រាយ​ទីផ្សារ ជូន​អ្នក​ចិញ្ចឹម​មាន់​ក្នុងស្រុក​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ នា​ឆ្នាំ​នេះ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី ថ្ងៃ​ទី​២២ ខែកញ្ញា ដល់ ថ្ងៃ​ទី ៦​ខែតុលា ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​ឆ្លង​រាលដាល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ពិសេស​ជំងឺ​កូ​វី​ដ​-១៩​ប្រភេទ​បំប្លែង​ថ្មី​ផង​នោះ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារពន្យាពេលបន្ថែមឲ្យពរលដ្ឋទៅបង់ពន្ធលើអចលទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ចុងខែតុលាខាងមុខនេះ

ព័ត៌មាន
បញ្ហាកូវីដ-១៩ បានក្លាយជាមេបញ្ហារាំងស្ទះ ក្នុងកិច្ចការប្រមូលពន្ធអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២១។ ដើម្បីសម្រួលដល់ម្ចាស់អចនទ្រព្យ…

តើគម្រោងអភិវឌ្ឍន៍កោះទន្សាយតម្លៃ ១៣០លានដុល្លារ នឹងជំរុញលើកកម្ពស់សក្ដានុពលទេសចរណ៍ខេត្តកែបយ៉ាងណាខ្លះ?

ព័ត៌មាន
កោះទន្សាយ ជាកោះទេសចរណ៍សក្ដានុពលមួយរបស់ខេត្តកែប ហាក់កំពុងមានពន្លឺជាថ្មីទៀត ទាក់ទងនឹងការអភិវឌ្ឍ បន្ទាប់ពីកោះមួយនេះ កាលពីពេលកន្លងមកនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ