ទំហំទីផ្សារអង្ករពិភពលោកនៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានគេព្យាករថា អាចនឹងមានបរិមាណកើនដល់ជាង៥៦លានតោន ពោលគឺលើសពីឆ្នាំ២០២៤ ប្រមាណជាង២លានតោន។ ប៉ុន្តែប្រទេសនាំចេញអង្ករកំពូលពីរ រួមមានថៃ និងវៀតណាម បែជាព្រួយបារម្ភពីការធ្លាក់ចុះបរិមាណនាំចេញទៅវិញ។ នេះបើតាមរបាយការណ៍ទស្សនៈវិស័យអង្ករ ដែលប្រកាសដោយការិយាល័យកសិកម្មសហរដ្ឋអាម៉េរិក។ ការកើនឡើងបរិមាណទីផ្សារអង្ករពិភពលោកនេះត្រូវបានគេព្យាករថា អាចដោយសារតែទិន្នផលស្រូវនៅក្នុងរដូវបង្កបង្កើនផលកាលពីឆ្នាំ២០២៤ មានស្ថានភាពល្អប្រសើរ។
បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើ កត្តាដែលធ្វើឱ្យប្រទេសនាំចេញអង្ករធំៗពីរនៅអាស៊ាន ដូចជាថៃ និងវៀតណាម បារម្ភពីការធ្លាក់ចុះបរិមាណនាំចេញ គឺដោយសារឥណ្ឌា ដែលជាអ្នកនាំចេញអង្ករធំជាងគេលើពិភពលោកបានប្រកាសបើកការនាំចេញអង្ករឡើងវិញ គួបផ្សំឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសនានាទំនងជាបញ្ឈប់ ឬកាត់បន្ថយការនាំចូលអង្ករ។ ការលុបចោលបម្រាមនាំចេញអង្ករកាលពីប៉ុន្មានខែមុននេះ បានជួយឱ្យឥណ្ឌាអាចដណ្តើមយកចំណែកទីផ្សារអង្ករពីប្រទេសប្រេស៊ីល ប៉ាគីស្ថាន ក៏ដូចជាវៀតណាម និងថៃត្រឡប់មកវិញ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News កាលពីឆ្នាំ២០២៤ កន្លងទៅ វៀតណាមនាំចេញអង្ករបានរហូតដល់ទៅ៩លានតោន ជាមួយចំណូលជាង៥,៧ពាន់លានដុល្លារ តាមពីក្រោយឥណ្ឌា ដែលនាំចេញបាន១៧លានតោន ខណៈថៃ នាំចេញបានប្រមាណ១០លានតោន។ ប៉ុន្តែនៅឆ្នាំ២០២៥នេះ បរិមាណនាំចេញអង្ករវៀតណាម និងថៃ អាចត្រូវបានទាញទម្លាក់ដោយប្រទេសឥណ្ឌា។
លោក ឃ្វៀន ង៉ុកណាម (Nguyễn Ngọc Nam ) ប្រធានសមាគមស្បៀងវៀតណាម បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាអាចនឹងដណ្តើមចំណែកទីផ្សារអង្កររហូតដល់៥លានតោន។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មថៃ បានព្យាករពីលទ្ធភាពនាំចេញអង្កររបស់ថៃ ត្រឹមតែជាង៧លានតោនប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៥ នេះ ខណៈកាលពីឆ្នាំ២០២៤ ថៃនាំចេញអង្ករបានជាង១០លានតោនជាមួយចំណូលជាង៦ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ