កន្លងមកទីក្រុងប៉េកាំងក៏ខឹងសម្បារយ៉ាងខ្លាំងទៅលើទីក្រុងវ៉ាស៊ីនតោន ដែលរួមគ្នាគាបសង្កត់ក្រុមហ៊ុនចិនក្នុងការប្រើប្រាស់ច្ចេកវិទ្យាទំនើបរបស់អាមេរិក ព្រមជាមួយនឹងការដាក់ក្រុមហ៊ុនចិនជាច្រើនចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក។
យោងតាមឯកសារ ដែលទទួលបានដោយរ៉យទ័របានឱ្យដឹងថា អាជ្ញាបណ្ណនាំចេញចំនួន ១១៣ ដែលមានតម្លៃ ៦១ ពាន់លានដុល្លារត្រូវបានអនុម័តសម្រាប់អ្នកផ្គត់ផ្គង់អាមេរិក ដើម្បីដឹកជញ្ជូនផលិតផលទៅកាន់ក្រុមហ៊ុន Huawei ខណៈដែលអាជ្ញាប័ណ្ណចំនួន ១៨៨ ផ្សេងទៀត មានតម្លៃជិត ៤២ ពាន់លានដុល្លារត្រូវបានទទួលភ្លើងខៀវសម្រាប់ក្រុមហ៊ុនស្មាយ (SMIC)របស់ចិនផងដែរ។
បើទោះបីជា ក្រសួងពាណិជ្ជកម្មអាមេរិក យល់ព្រមលើសំណើនេះក៏ពិតមែន តែគេមើលឃើញថា គណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកមិនពេញចិត្តចំពោះការលក់ទំនិញ និងបច្ចេកវិទ្យាឱ្យទៅក្រុមហ៊ុនចិនដែលមានក្នុងបញ្ជីខ្មៅរបស់ខ្លួននោះឡើយ។ ពួកគេបានលើកឡើងថា ប្រធានាធិបតី លោក ចូ បៃដិន មិនបានគិតគូរពីការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងសន្តិសុខដែលអាចកើតមានឡើងដោយគណបក្សកុម្មុយនីស្តចិននោះទេ។
កន្លងមកទីក្រុងប៉េកាំងក៏ខឹងសម្បារយ៉ាងខ្លាំងទៅលើទីក្រុងវ៉ាស៊ីនតោន ដែលរួមគ្នាគាបសង្កត់ក្រុមហ៊ុនចិនក្នុងការប្រើប្រាស់ច្ចេកវិទ្យាទំនើបរបស់អាមេរិក ព្រមជាមួយនឹងការដាក់ក្រុមហ៊ុនចិនជាច្រើនចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក។
សូមជម្រាបថា ក្រុមហ៊ុន Huawei ត្រូវបានដាក់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មតាំងពីខែឧសភា ឆ្នាំ ២០១៩មកម្ល៉េះ ដោយអាមេរិកចោទប្រកាន់ក្រុមហ៊ុនចិនមួយនេះ ថាមានការគំរាមកំហែងដល់បញ្ហាសន្តិសុខជាតិរបស់អាមេរិក និងបានបង្ខំឱ្យអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផ្សេងទៀត មិនឲ្យរកស៊ីជាមួយក្រុមហ៊ុននេះជាដាច់ខាត លើកលែងតែទទួលបានអាជ្ញាបណ្ណពិសេសពីរដ្ឋាភិបាលអាមេរិក។ ដោយឡែកក្រុមហ៊ុនចិនដ៏ធំមួយទៀត គឺស្មាយ (SMIC) ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅនៅក្នុងខែធ្នូ ឆ្នាំ ២០២០ ដោយអាមេរិកចោទថាក្រុមហ៊ុននេះបានបង្វែរបច្ចេកវិទ្យាទំនើបទៅឲ្យយោធាចិន។
យ៉ាងណាក៏ដោយចុះ ការដែលអាមេរិក បើកផ្លូវឲ្យក្រុមហ៊ុនរបស់ខ្លួនអាចផ្គត់ផ្គង់ផលិតផល និងបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនចិននាពេលនេះ ត្រូវបានគេមើលឃើញថា គឺអាចជាសញ្ញាល្អបន្ដិចឡើងវិញនៅក្នុងការឈានទៅបើកការចរចាពាណិជ្ជកម្មរវាងចិន និងអាមេរិកឡើងវិញ ដែលបានជាប់គាំងមកអស់រយៈពេលយូរខែឆ្នាំមកហើយនោះ៕
អត្ថបទ៖ ស៊ើង និមល់