គណៈកម្មាធិការអឺរ៉ុបកាលពីពេលថ្មីៗនេះ បានស្នើឱ្យសមាជិករបស់ខ្លួនពិចារណាកាត់បន្ថយមូលនិធិប្រមាណ១ភាគ៣នៃមូលនិធិសរុបសម្រាប់ប្រទេសហុងគ្រី ក្រោមហេតុផលថា នាយករដ្ឋមន្ត្រីប្រទេសនេះ កំពុងបំផ្លាញនិតិរដ្ឋ និងមានការប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី លោកស្រី ជូឌីត ហ្វាហ្កា (Judit Varga) បានសរសេរនៅលើហ្វេសប៊ុករបស់លោកស្រីថា ក្រសួងយុត្តិធម៌បានដាក់សេចក្តីស្នើច្បាប់ប្រឆាំងអំពើពុករលួយទៅកាន់រដ្ឋសភារួចហើយ ខណៈដែលរដ្ឋាភិបាលហុងគ្រី នឹងប្តេជ្ញាចិត្តត្រៀមខ្លួនអនុវត្តច្បាប់នេះក្នុងពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បង្ហាញភាពជឿជាក់ចំពោះច្បាប់ថ្មីនេះថា នឹងនាំប្រទេសហុងគ្រីឆ្ពោះទៅកាន់ការអភិវឌ្ឍនៅឆ្នាំ២០២៣ ដោយមិនឱ្យបាត់បង់ប្រាក់មូលនិធិពីសហភាពអឺរ៉ុប សូម្បីតែមួយកាក់មួយសេន។
ច្បាប់ថ្មីប្រឆាំងអំពើពុករលួយថ្មី នឹងទៅសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសហុងគ្រីជាមួយការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអឺរ៉ុបហៅកាត់ថា OLAF ដោយធានាបានថា ការិយាល័យនេះ ទទួលបានការគាំទ្រពីមន្ត្រីអាជ្ញាធរពន្ធដាររបស់ហុងគ្រីក្នុងការស៊ើបអង្កេតលើគម្រោងដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប។
គួរជម្រាបថា ករណីរបស់ហុងគ្រីគឺជាករណីទីមួយនៅក្នុងសហភាពអឺរ៉ុប ក្រោមការដាក់ទណ្ឌកម្មថ្មី សំដៅការពារដល់នីតិរដ្ឋ និងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្លុកទាំង២៧ប្រទេស។
ហុងគ្រីក្រោមការដឹកនាំអស់ពេលជាង២ទសវត្ស របស់នាយករដ្ឋមន្ត្រីជាតិនិយម លោក Viktor Orban ដែលបានកាន់អំណាចតាំងពីឆ្នាំ២០១០ បានប៉ះទង្គិចគ្នាជាញឹកញយជាមួយអឺរ៉ុប ជុំវិញគោលនយោបាយដឹកនាំរបស់លោក ដែលត្រូវបានមើលឃើញថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហុងគ្រី។ នាយករដ្ឋមន្ត្រីរូបនេះ បានបន្ទាបអំណាចឯករាជ្យរបស់តុលាការ ប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នមួយចំនួនទៀតនៅក្នុងស្រុក ព្រមទាំងការរឹតបន្តឹងលើសិទ្ធិរបស់ជនចំណាកស្រុក សិទ្ធិសហគមន៍ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិរបស់ស្ត្រីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ បុរសខ្លាំងរបស់ហុងគ្រីចង់ ឬមិនចង់ ត្រូវបន្ទន់កាយវាចាចិត្ត សម្របតាមសហភាពអឺរ៉ុប និងត្រូវធ្វើការកែប្រែការដឹកនាំជាបន្ទាន់។ ព្រោះថា ជាមួយនឹងបញ្ហាប្រឈមធំៗនៅចំពោះមុខ ដូចជាការឡើងថ្លៃថាមពល និងអតិផរណាដល់ទៅពីរខ្ទង់ ពិសេសហានិភ័យសេដ្ឋកិច្ចធ្លាក់ចុះ នាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ ត្រូវបំពេញតាមការចង់បានរបស់ EU កាត់បន្ថយអំពើពុករលួយ បើមិនចង់បង់ខាតមូលនិធិដែលមានទំហំស្មើនឹង៥%នៃ GDP របស់ខ្លួនទេនោះ៕