នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ ហ្វតតេ ឡាយហ្វ៍ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជាមួយនឹងក្រុមហ៊ុន iCare Benefits ក្រោមការអញ្ជើញចូលរួមរបស់លោក អេឡិច លី ជាអគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និងលោកស្រី មាស មល្លិកា ជាអគ្គនាយករបស់ក្រុមហ៊ុន iCare Benefits ។
លោកស្រី មាស មល្លិកា បានលើកឡើងនៅក្នុងពុធីចុះហត្ថលេខាថា “iCare Benefits តែងតែរិះរកនូវ គ្រប់វិធី និងយុទ្ធសាស្ត្រផ្សេងៗដើម្បីផ្តល់ផលប្រយោជន៍ ឬតម្លៃ (value) បន្ថែមដល់អតិថិជនរបស់យើង គឺធ្វើ យ៉ាងណាដើម្បីឱ្យពួកគាត់ប្រើប្រាស់ផលិតផលរបស់់យើងដោយភាពរីករាយនិងជឿទុកចិត្ត” ។ លោកស្រីបាន បន្តទៀតថា “ជាក់ស្តែងនៅថ្ងៃនេះយើងបានចាប់ដៃគូជាមួយ ហ្វតតេ ឡាយហ្វ៍ ក្នុងការផ្តល់ជូន សេវា ធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃដល់អតិថិជនរបស់យើង”។
“តាមរយៈការចុះហត្ថលេខានេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អតិថិជនមានការពេញចិត្ត និងទំនុកចិត្តកាន់តែ ខ្លាំងមកលើសេវាកម្មនិងផលិតផលរបស់ iCare Benefits ពីក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ” នេះជាការលើកឡើងរបស់លោកស្រី មាស មល្លិកា ។
ជាមួយគ្នានេះផងដែរ លោក អេឡិច លី ជាអគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយ iCare Benefits ដែលជាសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាលក់រាយធំជាងគេមួយ ដែលផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិកដល់គ្រួសារកម្ពុជាដែលមានជីវភាពមធ្យម និងក្រោមមធ្យម ជាពិសេសបងប្អូនកម្មករ កម្មការនីរោងចក្រ” ។
លោក អេឡិច លី បានបន្តដូចនេះថា “តាមរយៈការចាប់ដៃគូរបស់ក្រុមហ៊ុនទាំងពីរ យើងសង្ឃឹមថា វានឹងជួយលើកកម្ពស់ជីវភាពប្រជាជនខ្មែរបានមួយកម្រិតទៀត ព្រោះការចុះហត្ថលេខានេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឲ្យប្រជាជនខ្មែរយើងយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រងអាយុជីវិត ដែលជាការការពារផ្នែកហិរញ្ញវត្ថុមួយសម្រាប់ក្រុមគ្រួសារក្នុងករណីមានគ្រោះអកុសលកើតឡើង” ។
គួរបញ្ជាក់ផងដែរថា ការចាប់ដៃគូរបស់ក្រុមហ៊ុនទាំងពីរនេះមិនត្រឹមតែធ្វើឡើងដើម្បីផ្តល់សេវាធានារ៉ាប់រងជូនអតិថិជនដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែអតិថិជនរបស់ iCare Benefits ទាំងអស់ក៏នឹងទទួលបានអត្ថប្រយោជន៍ពិសេសបន្ថែមទៀតដែរ គឺទទួលបានការបង់រំលស់ដោយឥតការប្រាក់រហូតដល់៦ខែផងដែរ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជំនាញក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានអតិថិជនប្រមាណជាង ៦០០,០០០ នាក់ និងបានទូទាត់សំណងជូនអតិថិជនបានជាង ៥០,០០០ នាក់ ដែលគិតជាទឹកប្រាក់ប្រមាណជាង ២.៧លានដុល្លារ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានផលិតផលធានារ៉ាប់រងលើអាយុជីវិត ដូចជា ការពារជីវិត ការសន្សំ និងការពារទៅលើការសិក្សាអប់រំ និងបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុម។
iCare Benefits គឺជាសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាលក់រាយដ៏ធំមួយ ដែលផ្តោតលើកម្មការនីរោងចក្រដែលមានចំណូលទាប និង មធ្យមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សេវាកម្ម និងផលិតផល របស់ អាយឃែរ អាចជួយផ្តល់លទ្ធភាពឱ្យអ្នកបម្រើការក្នុងរោងចក្រ ក្រុមហ៊ុន ធនាគារ និងកម្មកររោងចក្រ ដែលមានចំណូលចាប់ពី ១០០-៥០០ ដុល្លារក្នុងមួយខែ ដោយផ្តល់ឱ្យពួកគេនូវការចំណាយសរុបទាបបំផុត ប៉ុន្តែទទួលបានផលិតផលនិងសេវាកម្មប្រសើរឡើងសម្រាប់ជីវភាពប្រចាំថ្ងៃ ។