ពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជានៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

បើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ តើលោកនឹងប្រើវាដូចម្តេច ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូអាចនឹងឆ្លើយតបយ៉ាងណាដែរ?


រុស្សីគឺជាប្រទេសគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ពេលនេះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការវាយប្រហារណាមួយលើរុស្ស៊ី អាចនឹងធ្វើឲ្យវិមានក្រឹមឡាំងប្រើអាវុធនុយក្លេអ៊ែរ ព្រោះបុរសខ្លាំងរូបនេះ ចាត់ទុកសង្គ្រាមនៅអ៊ុយក្រែនជាសមរភូមិសង្គ្រាមរវាងសហព័ន្ធរុស្ស៊ីនិងប្រទេសលោកខាងលិចដឹកមុខដោយមហាពិភពលោកទី១ គឺសហរដ្ឋអាមេរិក ដែលលោកថាមានបំណងចង់បំផ្លាញរុស្ស៊ីនិងដណ្តើមគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន។
បើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ តើលោកនឹងប្រើវាដូចម្តេច ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូអាចនឹងឆ្លើយតបយ៉ាងណាដែរ?

បើយោងតាមការពន្យល់ ពីប្រភពច្បាស់ការណ៍និងព្រឹត្តិការណ៍វិវត្តថ្មីៗចុងក្រោយនេះ ដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា លទ្ធភាពនៃការបែរទៅរកការប្រើប្រាស់អាវុធប្រល័យលោកដោយប្រទេសរុស្ស៊ីកំពុងជិតក្លាយទៅជាការពិតមែនទែន ហើយការឆ្លើយតបពីបស្ចិមលោកក៏មិនខុសគ្នាប៉ុន្មានដែរ បើសិននៅទីបំផុតមហាអំណាចរុស្ស៊ីប្រើវាលើអ៊ុយក្រែនមែននោះ។

កាលពីពេលកន្លងទៅ មួយថ្ងៃក្រោយពីទីក្រុងម៉ូស្គូបានដាក់បញ្ចូលទឹកដីនៃតំបន់ចំនួនបួនរបស់អ៊ុយក្រែនចូលជាដែនដីរុស្ស៊ីនោះ លោក ពូទីន បានព្រមានលោកខាងលិចចំៗថា លោកបានត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារសហព័ន្ធរុស្ស៊ីទាំងមូល រួមទាំងទឹកដីដែលទើបនឹងបញ្ចូលថ្មីនេះផងដែរ ដោយលោកសង្កត់ធ្ងន់ថា វាមិនមែនជាពាក្យពេចន៍លេងសើចនោះទេ ហើយពាក្យថា នឹងប្រើគ្រប់មធ្យោបាយទាំងអស់នោះ ក៏គ្មានអ្វីក្រៅតែពីការប្រើអាវុធនុយក្លេអ៊ែរនៅទីចុងបំផុតនោះដែរ។ ទោះយ៉ាងណា មានអ្នកវិភាគខ្លះនិយាយថា ពូទីន គ្រាន់តែគំរាមវោហាសាស្ត្រតែប៉ុណ្ណោះ ប៉ុន្តែអាមេរិកវិញថា ខ្លួននឹងតាមដានសកម្មភាពទីក្រុងម៉ូស្គូឲ្យជាប់លាប់មែនទែន។

នៅក្នុងច្បាប់នុយក្លេអ៊ែររបស់រុស្ស៊ីបានចែងថា «រុស្ស៊ីមានសិទ្ធិស្របច្បាប់ក្នុងការវាយប្រហារនុយក្លេអ៊ែរ ករណីបើមានការឈ្លានពាន ឬការគំរាមគំហែងលើសន្តិសុខសហព័ន្ធរុស្ស៊ីទាំងមូលដោយអាវុធប្រភេទណាមួយនោះ»។

លោក Yuri Fyodorov អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុងប្រាក (Prague) បាននិយាយថា «ពូទីន កំពុងតែនិយាយបន្លាចនៅពេលនេះ ប៉ុន្តែអ្វីដែលនឹងកើតឡើងក្នុងពេលមួយសប្តាហ៍ ឬមួយខែខាងមុខទៀតនោះ គឺជារឿងពិបាកប៉ាន់ស្មានណាស់ នៅពេលណាដែលលោក ពូទីន បានដឹងថា «ខ្លួនបានចាញ់សង្គ្រាមនោះ»។

រីឯ ប្រធានចារកម្ម CIA របស់សហរដ្ឋអាមេរិក លោក William Burns បានប្រាប់សារព័ត៌មាន CBS ថា «អាមេរិកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតនឹងការគំរាមកំហែងនេះ បើទោះបីចារកម្មសម្ងាត់របស់សហរដ្ឋអាមេរិកមិនមាន «ភស្តុតាងជាក់ស្តែង« ដែលថាលោក ពូទីន កំពុងមានសញ្ញាក្នុងការប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនាពេលខាងនេះក្តី»។

គួរជម្រាបថា រុស្ស៊ី និងសហរដ្ឋអាមេរិកគ្រប់គ្រង ៩០% នៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោកដែលប្រទេសទាំងពីរបានផលិត និងប្រកួតប្រជែងគ្នាក្នុងសម័យសង្គ្រាមត្រជាក់។ ក្នុងនោះ ប្រទេសរុស្ស៊ី គឺជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដោយផ្អែកលើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរមានជិត៦ពាន់គ្រាប់ ខណៈដែលសហរដ្ឋអាមេរិកមានជាង ៥ពាន់៤រយគ្រាប់។ នេះបើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក។

សូមគូសបញ្ជាក់ថា តួលេខនៃក្បាលគ្រាប់នុយក្លេអ៊ែរដ៏មហាសាលដែលកំពុងស្ថិតក្នុងដៃមហាអំណាចរុស្ស៊ីនិងអាមេរិកនេះ វាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចពិភពលោកទាំងមូលបាត់ទៅហើយ ដោយមិនរាប់បញ្ចូលមហាអំណាចនុយក្លេអ៊ែរផ្សេងដូចជា បារាំង អង់គ្លេស ចិន និងប្រទេសមួយចំនួនផ្សេងទៀតនោះទេ។

ជុំវិញរឿងរ៉ាវនេះដែរ លោក Ramzan Kadyrov ប្រមុខដឹកនាំតំបន់ ឆិចឆ្នី របស់រុស្ស៊ី ក៏បានផ្តល់យោបល់ឲ្យលោក ពូទីន គួរតែពិចារណាលើការប្រើប្រាស់អាវុធនុយក្លេអែរកម្រិតស្រាលទៅលើអ៊ុយក្រែនផងដែរ។ ក៏ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងកាលពីថ្មីៗបានសង្កត់ធ្ងន់ថា ការប្រើនុយក្លេអ៊ែរនឹងត្រូវធ្វើឡើងដោយភ្ជាប់ជាមួយតុល្យភាពនៃការគំរាមគំហែង មិន មែនប្រើដោយអារម្មណ៍នោះទេ។

ទោះជាយ៉ាងណា លទ្ធភាពនៃការប្រើនុយក្លេអ៊ែរ គឺនៅតែអាចមាន បើរុស្ស៊ីនៅតែបន្តចាញ់សង្គ្រាមនៅក្នុងសមរភូមិអ៊ុយក្រែន ហើយវាទំនងជាវិមានក្រឹមឡាំងអាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលមានកម្រិតតូចជាងក្បាលគ្រាប់នុយក្លអ៊ែរធំ ដែលប្រើសម្រាប់កម្ទេចទីក្រុងធំៗ។

យ៉ាងណាក៏ដោយចុះ សហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចពិភពលោកអនុត្តរភាពក្នុងសតវត្សន៍ទី២១នេះ បានសម្រេចហើយថា ខ្លួននឹងឆ្លើបតបខ្លាំងក្លាទៅកាន់រុស្ស៊ីវិញផងដែរ បើហ៊ានប្រើនុយក្លេរអ៊ែរលើអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការប្រមានរុស្ស៊ីច្បាស់ៗថា «កុំប្រើវាឲ្យសោះ»។ ចំណែកឯ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសង្កត់ធ្ងន់ថា «ម៉ូស្គូនឹងទទួលផលវិបាកមហន្តរាយ» ប្រសិនបើខ្លួនប្រើប្រាស់អាវុធប្រល័យលោកក្នុងការបញ្ចប់សង្គ្រាម។

ឧត្តមសេនីយ៍អាមេរិកចូលនិវត្តន៍ និងជាអតីតប្រធានចារកម្ម CIA លោក David Petraeus បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ប្រសិនបើទីក្រុងមូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូនឹងបំផ្លាញកងទ័ព និងបរិក្ខារយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយកម្ទេចកងទ័ពជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅទាំងមូលតែម្តង។

លោក ពូទីន បានរំលឹកទីក្រុងវ៉ាស៊ីនតោនថា រហូតមកដល់ពេលនេះ មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលបានប្រើអាវុធនុយក្លេអ៊ែរ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីរបស់ជប៉ុន កាលពីឆ្នាំ ១៩៤៥ ហើយរុស្ស៊ីក៏មានសិទ្ធិប្រើដូចគ្នា ដើម្បីការពារ «បូរណភាពទឹកដី» សហព័ន្ធរុស្ស៊ី។

បើយោងតាមទិន្នន័យដែលបានប្រកាសជាសាធារណៈចុងក្រោយបង្អស់ ប្រទេសរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រកម្រិតធំចំនួន ១៤៥៨ គ្រាប់ដែលត្រូវបានពង្រាយ ឬត្រៀមខ្លួនជាស្រេចក្នុងការបាញ់ ដោយឡែកសហរដ្ឋអាមេរិកបានដាក់ពង្រាយចំនួន ១៣៨៩ គ្រាប់ ដែលក្បាលគ្រាប់ទាំងនោះគឺសុទ្ធសឹងតែបានបំពាក់នៅលើមីស៊ីលផ្លោងអន្តរទ្វីប មីស៊ីលក្នុងនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រផងដែរ។

ផ្ទុយទៅវិញ បើនិយាយពីក្បាលគ្រាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រកម្រិតស្រាល រុស្ស៊ីមានច្រើនជាងអាមេរិក ១០ ដងឯណោះ ដែលប្រហែលពាក់កណ្តាលនៃអាវុធនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយនៅអឺរ៉ុបចំនួន ២០០ គ្រាប់៕




អត្ថបទបន្ទាប់


ទីបំផុត អង្គការ OPEC+ សម្រេចបន្ថយការផលិតប្រេងដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ ទោះបីត្រូវរងសម្ពាធពីអាមេរិក

អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ហៅថា OPEC+ បានសម្រេចកាត់បន្ថយការផលិតប្រេងដ៏ច្រើនបំផុតមិនធ្លាប់មាន បើគិតចាប់តាំងពីការផ្ទុះរីករា…

ធនាគារពិភពលោក៖ តំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាលនៅតែមានកំណើនទាបនៅ ២០២៣ និងប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិ

ធនាគារពិភពលោក បានព្យាករថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នឹងនៅតែបន្តមានកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឆ្នាំ២០២៣។ ជាមួយគ្នានោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ