Advertisement
ចិន ​ទិញអចលនទ្រព្យ​​ក្រៅប្រទេស​

អ្នកមានលុយវ័យក្រោម ៤០ឆ្នាំនៅចិន ទិញអចលនទ្រព្យនៅក្រៅប្រទេស តាមអនឡាញ ដូចទិញខោអាវ


អចលនទ្រព្យ ពិសេសអាផាតមិន នៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ហាក់កំពុងត្រូវប៉ាន់ តាមរយៈការទិញតាមអនឡាញ ពីអតិថិជនជនជាតិចិន ខណៈដែលពួកគេទាំងនោះ មានខ្លះមិនបានទៅឃើញអចលនទ្រព្យនោះដោយផ្ទាល់ភ្នែក ឬជួបសួរនាំក្រុមហ៊ុនអភិវឌ្ឍន៍ ឬភ្នាក់ងារលក់នោះឡើយ។ បើតាមរបាយការណ៍មួយបញ្ជាក់ថា ជនជាតិចិនមានលុយទិញអចលនទ្រព្យតាមអនឡាញ ទាំងនោះ មានភាគច្រើនគឺមានវ័យក្រោម ៤០ ឆ្នាំ។
អ្នកមានលុយវ័យក្រោម ៤០ឆ្នាំនៅចិន ទិញអចលនទ្រព្យនៅក្រៅប្រទេស តាមអនឡាញ ដូចទិញខោអាវ (https://www.bloomberg.com/)
ដោយ
Advertisement

អ្នកនាង Ice Chen អាយុ ៣៦ ឆ្នាំ ជា​នាយក​ធនាគារ​មួយ ​នៅទីក្រុង​ប៉េកាំង ប្រទេសចិន បាន​ប្រាប់​ឆ្លើយ​នៅក្នុង​សារព័ត៌មាន Bloomberg ថា នាង​មិនដែលបាន​ទៅទីក្រុង​បាងកក ប្រទេសថៃទេ នារយៈចុងក្រោយនេះ ប៉ុន្ដែ នាងបានសម្រេចចិត្ត​ទិញ​អាផាតមិន​ដល់ទៅ ២​កន្លែងឯណោះ នៅទីនោះ តាមអនឡាញ។

មនុស្សវ័យល្បាក់​ជាង ៣០ ឆ្នាំ គឺស្ថិតនៅក្នុង​ចំណោម​មនុស្សវ័យក្មេង​ជនជាតិ​ចិន ​ដែលជាក្រុមជំនាញ ខាងទិញ​អចលនទ្រព្យ​ក្រៅប្រទេស​នៅលើអនឡាញ។

វែបសាយ​ លក់​អចលនវត្ថុ​អន្តរជាតិ​ ធំមួយគឺ uoolu.com បានរាយការណ៍​ថា មាន​ការកើនឡើង​ប្រតិបត្តិការ​ទិញលើអនឡាញ រហូតដល់​ ៦០ ភាគរយ ស្មើនឹងតម្លៃទឹកប្រាក់​ប្រមាណ ​៧៤០ លានដុល្លារអាមេរិក ក្នុងឆ្នាំ​២០១៨ និងត្រូវបាន​ព្យាកថា នឹងកើនឡើង​ទ្វេដង​នៅឆ្នាំ២០១៩នេះ។ ប្រាក់ជាច្រើន​ត្រូវបាន​ហូរចូលទៅក្នុង​ប្រទេស​តំបន់អាស៊ី​អាគ្នេយ៍ ដែលជាកន្លែង​លក់​អចលនវត្ថុ​មានតម្លៃទាប​បើធៀបនឹង​ទីក្រុង​ប៉េកាំង និងសៀហៃ។ 

ត្រូវបាន​ស្រង់សម្ដី ដោយ​សារព័ត៌មាន Bloomberg លោក Liu Yuan ប្រធានភ្នាក់ងារ​ស្រាវជ្រាវ​អចលនវត្ថុ​ក្រុមហ៊ុន Centaline Group ដែលមាន​មូលដ្ឋាននៅទីក្រុង​សៀងហៃ ក៏បាន​ឲ្យដឹងដែរថា តម្រូវការ​គឺមានខ្ពស់ណាស់ ក្នុងចំណោម​ប្រជាជនចិន​ចំណូលមធ្យម ហើយ​ការ​ទិញ​អចលនវត្ថុ​តាម​អនឡាញនេះ បានក្លាយជារឿង​ធម្មតា​ទៅហើយ​សម្រាប់ពួកគេ។

របាយការណ៍ បាន​បញ្ជាក់ថា ក្នុងចំណោម​​ជនជាតិ​​ចិន​ទិញ​អចលនទ្រព្យ​នៅក្រៅ​ប្រទេស​ទាំងនោះ មាន​ប្រមាណ ​៦៨,៨% គឺ​ទិញសម្រាប់​​វិនិយោគ (ទុកលក់ ឬជួល) មាន​១០,៤% ទិញ​សម្រាប់​​ការ​ស្នាក់នៅ​បន្ត​ការ​សិក្សា ៩,៦% ទិញដើម្បី​សម្រាក​លំហែកាយ​​ពេលថ្ងៃ​​ឈប់សម្រាក ៤,៧% ផ្សេងទៀត ទិញ​សម្រាប់​ការ​រស់នៅ​ពេលចូល​និវត្តន៍ និង​មក​ព្យាបាល​ជំងឺ និង ៦,៥% គឺ​ទិញ​ប្រើប្រាស់​ក្នុងគោល​បំណង​ផ្សេងៗ។ ​ ​​​

ភាពងាយស្រួល​ក្នុងការទិញ គឺជាការទាក់ទាញ​មួយ ដោយអ្នកទិញ អាច​ជ្រើសរើស​អចលនវត្ថុ​ដែល​ខ្លួន​ពេញចិត្ត ដោយប្រើប្រាស់​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ជាមួយនឹង​នឹង​ការ​បង់​ប្រាក់​កក់​មុន​យ៉ាងតិច​១.៥០០ ដុល្លារអាមេរិក។ បន្ទាប់មក អ្នកទិញ ក៏អាច​ប្រើប្រាស់​វែបសាយ​នោះ ដើម្បី​ទទួលបាន​កម្ចី​ពីធនាគារ​នៅក្រៅប្រទេសផងដែរ ព្រមទាំងអាច​ស្វែងរក​អ្នកជួល និង​ទទួល​បាន​ប្រាក់ជួលជាដើម។ 

របាយការណ៍របស់ uoolu.com បានឲ្យដឹងទៀតថា ក្នុងចំណោម​អ្នកទិញ ចលនវត្ថុ មាន​ប្រហែល​ពាក់កណ្ដាល គឺទិញដោយ​មិនបាន​ទៅមើល​អចលនវត្ថុនោះ ដោយផ្ទាល់​នោះឡើយ ខណៈដែលអ្នកទិញ​២២ភាគយរទៀត  គឺទិញ​ដោយមិន​បានឃើញដូចគ្នា ដោយគ្រាន់តែឃើញនៅលើ អនឡាញ ថែមទាំងមិនបាន​ទាក់ទងសួរនាំ​តាមទូរស័ព្ទ ឬជួបមុខផ្ទាល់ ជាមួយនឹង​ភ្នាក់​ងារ​លក់​នោះឡើយ។

ប្រទេស​ថៃ ឥណ្ឌូនេស៊ី និងភីលីពីន គឺដូចជា​ប្រទេស​មួយចំនួន​ទៀតដែរ មិនសូវមាន​ឧបសគ្គ​សម្រាប់​ជនបរទេស​ទិញអចលនវត្ថុនោះឡើយ។ ដូច្នេះ ហើយទើប​ប្រទេស​ទាំងនេះ កំពុង​មានការ​ពេញនិយម​ពី​សំណាក់​អ្នកទិញ​ជនជាតិចិន។ 

ជាក់ស្ដែង ប្រទេសថៃ គឺមានការពេញ​និយមបំផុត កាលពីឆ្នាំមុន សម្រាប់​អ្នកទិញអចលនវត្ថុ​ដែលជា​ជនជាតិចិន។ តាមរការស្រាវជ្រាវ​បាន​ឲ្យដឹងថា ចិនដីគោក និងចិន​ហុងកុង បាន​ទិញ​អាផាតមិន​ថ្មីៗ​ប្រហែល​១៥.០០០ អាផាតមិន​នៅទីក្រុង​បាងកក ដែលមានចំនួន​ស្មើនឹង​ពាក់កណ្ដាល​នៃអ្នកទិញ ដែលជាជនបរទេស​សរុប៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០១៨ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួបការប្រឈមធំមួយ ពី ធនាគារជាតិ

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា នៅឆ្នាំ ២០១៨ កន្លងទៅនេះ ការអនុវត្តតាមសេចក្ដីប្រកាសថ្មី ស្ដីអំពីចំណាត់ថ្នាក់...

ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី រួមគ្នា កាត់បន្ថយការនាំចេញកៅស៊ូ ដើម្បីស្ដារតម្លៃទីផ្សារសកលឡើងវិញ

ព័ត៌មាន
ក្នុងរយៈពេល ៤ ខែ កៅស៊ូប្រមាណ ២៤ ម៉ឺនតោន ត្រូវបានប្រទេសផលិតជ័រកៅស៊ូធំៗបី នៅអាស៊ាន គឺឥណ្ដូនេស៊ីថៃ និងម៉ាឡេស៊ី បានប្រកាសនឹងកាត់បន្ថយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ