ប្រទេសស្រីលង្កា កំពុងនៅសល់ប្រេងក្នុងស្ដុកដែលអាចប្រើបានត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខណៈដែលការទទួលបានប្រាក់ជំនួយពីមូលនិធិ IMF ក៏ទំនងជាត្រូវរង់ចាំជាច្រើនខែខាងមុខទៀតឯណោះ បើទោះបីជា IMF ពិតជាមានបំណងជួយដល់ប្រទេសនេះក្ដី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មានចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក ដោយសារការតែគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវជាច្រើនទសវត្សរ៍មកនេះ និងកំហុសគោលនយោបាយថ្មីៗ គួបផ្សំផលប៉ះពាល់ពីជំងឺកូវីដ១៩ដល់វិស័យទេសចរណ៍ និងបញ្ញើប្រាក់ពីបរទេស ដែលធ្វើឱ្យទុនបម្រុងបរទេសធ្លាក់ចុះដល់កម្រិតទាបបំផុត ហើយវាក៏បានបង្កឲ្យប្រទេសនេះជួបវិបត្តិខ្វះខាតប្រេង ស្បៀងអាហារ និងថ្នាំសង្កូវផងដែរ។
ប្រទេសកោះដែលមានប្រជាជនសរុប ២២ លាននាក់នេះបានផ្អាកការទូទាត់សងបំណុល ១២ ពាន់លានដុល្លារនៅក្នុងខែមេសា។ អង្គការសហប្រជាជាតិបានព្រមានថា ការកើនឡើងនូវអតិផរណា ការធ្លាក់រូបិយប័ណ្ណ និងការខ្វះខាតប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យនេះអាចឈានទៅដល់ការកើតមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស្រីលង្កាផងដែរ។
មូលនិធិ IMF បានឱ្យដឹងកាលពីថ្ងៃទី១៩មិថុនាថា ក្រុមមន្ត្រីមូលនិធិ IMF ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅទីក្រុងកូឡុំបូចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនានេះនឹងបន្តកិច្ចពិភាក្សាថ្មីៗនេះស្ដីពីកម្មវិធីជួយសង្គ្រោះលើកទី១៧សម្រាប់ប្រទេសស្រីលង្កា។ ទីភ្នាក់ងារផ្ដល់កម្ចីពិភពលោកនេះនិយាយថា ពួកគេបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ពួកគេដើម្បីគាំទ្រប្រទេសស្រីលង្កានៅក្នុងពេលវេលាដ៏លំបាកនេះ ដែលស្របតាមគោលនយោបាយរបស់មូលនិធិ IMF។
ទីក្រុងកូឡុំបូសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការមូលនិធិ IMF ដែលត្រូវពិភាក្សាអំពីការរៀបចំរចនាសម្ពន្ធបំណុលឡើងវិញផងដែរនោះ នឹងផ្តល់កិច្ចព្រមព្រៀងយ៉ាងរហ័សមួយសម្រាប់ការបញ្ចេញថវិការបស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិ IMF ប៉ុន្តែជាធម្មតាវាត្រូវចំណាយពេលច្រើនខែ ខណៈដែលបច្ចុប្បន្នប្រទេសស្រីលង្កាកំពុងប្រឈមបញ្ហា និងភាពចលាចលនយោបាយកាន់តែខ្លាំងឡើងៗ។
លោក ផេទ្រីក ឃើរ៉ាន (Patrick Curran) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវវិនិយោគអាមេរិក Tellimer បាននិយាយថា បើទោះជាកិច្ចព្រមព្រៀង ត្រូវបានសម្រេចក៏ដោយចុះ ក៏ការអនុម័តចុងក្រោយនឹងអាស្រ័យលើការធានាថា តើម្ចាស់បំណុលផ្លូវការរួមទាំងប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយសង្គ្រោះបំណុលបានគ្រប់គ្រាន់សម្រាប់ស្រីលង្កា ដែរឬយ៉ាងណា?
សេដ្ឋវិទូរូបនេះបានបញ្ជាក់ថា អ្វីៗត្រូវពិចារណាទាំងអស់ ហើយការរៀបចំរចនាសម្ពន្ធបំណុលឡើងវិញទំនងជានឹងមានដំណើរការអូសបន្លាយពេលយូរ។
ម្ចាស់បណ្ណបំណុលរំពឹងថា ដំណើរទស្សនកិច្ចរបស់មន្ត្រីមូលនិធិ IMF នេះនឹងផ្ដល់ការបញ្ជាក់ច្បាស់ពីទំហំបំណុល ដែលប្រទេសស្រីលង្កាអាចសងបាន និងកម្រិតនៃការកាត់បន្ថយបំណុលដែលក្រុមវិនិយោគិនអាចទទួលបាន។
សូមរំលឹកថា អង្គការសហប្រជាជាតិក៏បានបង្ហាញពីផែនការក្នុងការរៃអង្គាសថវិកាចំនួន ៤៧ លានដុល្លារអាមេរិក ដើម្បីផ្ដល់ជំនួយដល់ពលរដ្ឋស្រីលង្កាចំនួន ១លាន៧សែននាក់ ដែលបានរងគ្រោះខ្លាំងបំផុត ដោយសារវិបត្តិសេដ្ឋកិច្ចនេះក្នុងរយៈពេល ៤ ខែខាងមុខទៀតផងដែរ៕
អត្ថបទ៖ សុខ ជា