វិបត្តិស្បៀងអាហារ

IMF គ្រោងពង្រីកលទ្ធភាពផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសជួបវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាម


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងស្វែងរកមធ្យោបាយផ្តល់មូលនិធិសង្គ្រោះបន្ទាន់ដល់ប្រទេសមួយចំនួនដែលប្រឈមមុខនឹងវិបត្តិតម្លៃស្បៀងអាហារបង្កឡើង ដោយសារតែសង្គ្រាម ហើយ IMF នឹងបើកកិច្ចពិភាក្សាពីវិធានការមួយចំនួននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៅដើមសប្ដាហ៍នេះផងដែរ។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងាររ៉យទ័រឱ្យដឹង។
IMF គ្រោងពង្រីកលទ្ធភាពផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសជួបវិបត្តិស្បៀងអាហារ

ផែនការផ្ដល់ជំនួយមូលនិធិសង្គ្រោះបន្ទាន់ដល់ប្រទេសជួបវិបត្តិតម្លៃស្បៀងអាហារ ដែលបង្កឡើងដោយសង្គ្រាមនេះ នឹងអនុញ្ញាតឱ្យមូលនិធិ IMF អាចជួយដល់ប្រទេសអ៊ុយក្រែន និងប្រទេសមួយចំនួនទៀតដែលរងគ្រោះខ្លាំងបំផុតដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដោយមិនកំណត់លក្ខខណ្ឌដូចនៅក្នុងកម្មវិធីមូលនិធិធម្មតានោះឡើយ ប៉ុន្តែទំហំនិងវិសាលភាពនៃវិធានការនេះនៅមិនទាន់ច្បាស់នៅឡើយទេ។ នេះបើតាមប្រភពព័ត៌មាន ដែលបានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រភពដដែលនេះបានបន្ថែមថា គេបានរំពឹងថា នឹងមានការរៀបចំការបោះឆ្នោតជាផ្លូវការមួយដើម្បីគាំទ្រវិធានការនេះ នៅមុនពេលមានកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការមូលនិធិ IMF នៅក្នុងខែតុលាខាងមុខនេះ។ ប្រសិនបើផែនការនេះត្រូវបានអនុម័តមែននោះ វានឹងបង្កើនដែនកំណត់ប្រើប្រាស់ជំនួយដែលមានស្រាប់ជាបណ្តោះអាសន្ន និងអនុញ្ញាតឱ្យប្រទេសសមាជិកទាំងអស់អាចខ្ចីប្រាក់រហូតដល់ ៥០% នៃចំនួនកូតា IMF ក្រោមឧបករណ៍ហិរញ្ញវត្ថុរហ័សរបស់ អង្គការនេះ និងឧបករណ៍ឥណទានរហ័សដែលជួយដល់ប្រទេសដែលមានប្រាក់ចំណូលទាបផងដែរ។

IMF បានព្យាករក្នុងខែកក្កដាថា អតិផរណានឹងឈានដល់ ៦,៦% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំនេះ និង ៩,៥% នៅបណ្ដាប្រទេសដែលមានទីផ្សាររីកចម្រើន និងមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដែលបង្កឱ្យមានហានិភ័យយ៉ាងច្បាស់មួយ ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។

ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក និងប្រទេសក្រីក្រផ្សេងទៀតដែលរងគ្រោះដោយកង្វះស្បៀងអាហារ និងការអត់ឃ្លានយ៉ាងខ្លាំងនោះបានស្រែករកមូលនិធិបន្ថែមទៀត ប៉ុន្តែភ្លាមៗនេះវាមិនច្បាស់ទេថាតើមានប្រទេសប៉ុន្មានដែលកំពុងស្វែងរកជំនួយហិរញ្ញប្បទានបន្ថែមនោះ។

សំណើរបស់មូលនិធិ IMF នេះនឹងផ្តល់ជំនួយមានកម្រិតមួយចំនួនដល់អ៊ុយក្រែនផងដែរ ប៉ុន្តែមន្ត្រីរបស់អ៊ុយក្រែននិយាយថា ពួកគេត្រូវការកញ្ចប់ហិរញ្ញប្បទានពេញលេញ ខណៈដែលពួកគេកំពុងប្រឹងប្រែងរក្សារដ្ឋាភិបាលឱ្យដំណើរការធម្មតាក្នុងពេលកំពុងប្រយុទ្ធតស៊ូនឹងសង្រ្គាមដ៏ធំលើកដំបូងនៅអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទី២មកនោះ។

ម្ចាស់បំណុលបរទេសរបស់អ៊ុយក្រែនបានគាំទ្រការផ្អាក ២ ឆ្នាំក្នុងការសងបំណុលមូលបត្របំណុលអន្តរជាតិជិត ២០ ពាន់លានដុល្លារ ប៉ុន្តែអ៊ុយក្រែនត្រូវរកប្រាក់ចំនួន ៦៣៥ លានដុល្លារ ដើម្បីសងប្រាក់ដើមលើកម្ចីរបស់មូលនិធិ IMF ជាមុនសិន ដែលចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញានេះតទៅ៕

អត្ដបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រទេសលោកខាងលិចសម្រុកបង្កើនការផលិតសព្វាវុធ ខណៈចំនួនអាវុធក្នុងឃ្លាំងស្ដុកថយចុះខ្លាំង

រដ្ឋាភិបាលនៅប្រទេសលោកខាងលិចកំពុងកៀរគរក្រុមហ៊ុនផលិតសព្វាវុធរបស់ពួកគេ ដើម្បីឲ្យបង្កើនផលិតកម្ម និងបំពេញឃ្លាំងស្ដុកអាវុធ ដែលបានថយចុះខ្លាំង …

ថៃរំពឹងនាំចេញអង្ករដល់ទៅ ៧,៥លានតោននៅឆ្នាំនេះ ចំពេលពិភពលោកកំពុងរង្គោះរង្គើដោយសារវិបត្តិស្បៀងអាហារ និងអតិផរណា

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា ប្រទេសថៃ សម្រេចបានការនាំចេញអង្ករដល់ទៅជាង ៤លាន៧សែនតោន នៅក្នុងរយៈពេល៧ខែដំបូងនៅឆ្នាំនេះ កើនឡើងដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ