បច្ចុប្បន្ន ប្រទេសដីកោះ ដែលមានប្រជាជនជាង២២លាននាក់នេះ កំពុងជួបប្រទះបញ្ហាវឹកវរជាច្រើនទាំងផ្នែកនយោបាយ និងបញ្ហាដួលរលំសេដ្ឋកិច្ច ហើយក៏កំពុងត្រូវការជំនួយជាបន្ទាន់ពីដៃគូអភិវឌ្ឍ និងប្រទេសនានាផងដែរ។
លោកស្រី Georgieva ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា មូលនិធិរូបិយវត្ថុអន្តជាតិមាន ការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសស្រីលង្កា ដែលត្រូវបានគ្របដណ្តប់ដោយការខ្វះខាតយ៉ាងខ្លាំងនៃប្រេងឥន្ធនៈ អាហារ និង របស់ចាំបាច់ផ្សេងទៀត បន្ទាប់ពីមានការខ្វះខាតទុនបម្រុងបរទេស។
លោកស្រី Georgieva បានប្តេជ្ញាថា នៅពេលដែលមានរដ្ឋាភិបាលមួយដែលខ្លួនអាចបន្តការពិភាក្សាបាន នោះមូលនិធិរូបិយវត្ថុអន្តជាតិនឹងនៅជាមួយប្រទេសស្រីលង្កា។ លោកស្រីបានបន្ថែមថា លោកស្រីមានក្តីសង្ឃឹមយ៉ាងខ្លាំងលើការផ្តល់ជំនួយកម្ចីបន្ថែមបើផ្អែកលើការងារបច្ចេកទេសដ៏ល្អដែល IMF បានធ្វើរួចជាមួយក្រុមបច្ចេកទេសរបស់ប្រទេសស្រីលង្កា។
ទោះយ៉ាងណា ពលរដ្ឋប្រទេសដីកោះស្រីលង្កាមានការខឹងសម្បាជាខ្លាំងលើរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ហើយក្រុមបាតុកម្មបានធ្វើការតវ៉ាជំរុញឲ្យក្បលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលកំពូលៗ ដូចជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីត្រូវចុះចេញពីតំណែង។ ក៏ប៉ុន្ដែ កាលពីថ្ងៃពុធ សប្តាហ៍នេះ សភាស្រីលង្កាបានជ្រើសរើសប្រធានាធិបតីថ្មី ប៉ុន្ដែ ហាក់មិនត្រូវចិត្តការទាមទារ របស់ក្រុមបាតុករនោះឡើយ ដោយសារតែ លោក Ranil បានប្ដូរពីកៅអីនាយករដ្ឋមន្ត្រី ទៅអង្គុយលើកៅអីប្រធានធិបតីវិញ ក្រោយបានជាប់ឆ្នោតក្នុងចំនួនដ៏ច្រើនលើសលុបពីសភា។ មែនទែនទៅ លោក Ranil មិនមែនជាមេដឹកនាំថ្មីដែលធ្វើការជាមួយ IMF នោះទេ លោកធ្លាប់ធ្វើការចរចារជាមួយ IMF ជាច្រើនដងមកហើយក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និង អំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រី៦លើកនាពេលកន្លងមក។
នៅមួយថ្ងៃបន្ទាប់ពីបានឈ្នះឆ្នោត លោក រ៉ានីល នៅថ្ងៃទី ២១ កក្កដា ក៏បានស្បថចូលកាន់តំណែងរួចហើយដែរ ខណៈដែលប្រទេសនៅស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន។
គួររំឭកថា ម្ចាស់បំណុលធំៗរបស់ប្រទេសស្រីលង្ការួមមាន ជប៉ុន ចិន និងឥណ្ឌា ហើយលោកស្រី Georgieva ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក៏បាននិយាយថា លោកស្រីបានពិភាក្សាអំពីស្ថានភាពប្រទេសស្រីលង្កាជាមួយបណ្តាប្រទេសនានាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអាស៊ីផងដែរ។
មែនទែនទៅ ស្រីលង្កាមិនមែនជាប្រទេសអាស៊ីខាងត្បូងតែមួយគត់ដែលប្រឈមនឹងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ ខណៈប្រទេសប៉ាគីស្ថានក៏គំពុងជួបវិបត្តិដូចគ្នាដែរ ដោយ IMF ថ្មីៗនេះបានឈានដល់កិច្ចព្រមព្រៀងកម្រិតមធ្យមមួយ ដើម្បីពង្រីកជំនួយប្រហែល ១,២ ពាន់លានដុល្លារដល់ប៉ាគីស្ថាន។ រីឯ ប្រទេសម៉ាល់ឌីវ វិញ បច្ចុប្បន្ន ក៏មានសមាមាត្របំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបមានដល់ជាង ១២៣% កាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានរបស់ IMF ។
គួរជម្រាបថា លោកស្រី Georgieva បាននិយាយថា IMF នឹងបន្ទាបការព្យាករបន្ថែមទៀតសម្រាប់កំណើន GDP សកល នៅពេលដែលខ្លួនចេញផ្សាយទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបំផុតនៅថ្ងៃទី ២៦ ខែកក្កដាខាងមុខនេះ ខណៈវានឹងបង្ហាញពីការការព្យាករទម្លាក់ជាលើកទីបីក្នុងឆ្នាំនេះ។ នៅក្នុងខែមេសា IMF បានទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២២ មកត្រឹម ៣,៦% បន្ទាប់ពីខ្លួនបានព្យាករណ៍ថាមាន ៤,៤% នៅក្នុងខែមករា។
លោកស្រី Georgieva បាននិយាយថាការព្យាករកំណើនថ្មី នឹងនៅតែមាននៅក្នុងភាពវិជ្ជមានទាំងសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ប៉ុន្តែហានិភ័យធ្លាក់ចុះដូចជាសង្គ្រាមអ៊ុយក្រែន និងអតិផរណានាពេលបច្ចុប្បន្ននៅតែជាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល៕