នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយថ្មីៗនេះថា ដំណើរការវិវត្ដផ្ទុយគ្នានៃសេដ្ឋកិច្ចរបស់ប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍នេះ គឺអាស្រ័យលើភាពប្រសើរឡើងក្នុងការទទួលបានវ៉ាក់សាំងកូវីដ-១៩ និង ការបន្ដគាំទ្រផ្នែកសារពើពន្ធ ដោយក្រុមហ៊ុនប្រទេសអ្នកមាន គឺពួកគេធ្វើបានល្អច្រើន ទាក់ទងនឹងការចាក់វ៉ាក់សាំង និងយន្ដការគាំទ្រជំរុញសេដ្ឋកិច្ច ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍វិញ គឺប្រឈមនឹងការលំបាកច្រើនណាស់ទាក់ទងនឹងរឿងទាំងពីរយ៉ាងនេះ។
លោកស្រី ហ្គីតា ហ្គូភីណាត់ (Gita Gopinath) ប្រធានសេដ្ឋវិទូប្រចាំ IMF បាននិយាយថា មានដល់ទៅជិត៤០% នៃប្រជាជនសរុបនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ឬហៅថាប្រទេសអ្នកមាន បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ធៀបនឹងប្រទេសកំពុងអភិវឌ្ឍន៍ ឬ ប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើនវិញ មានប្រជាជនបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសត្រឹមតែ១១%ប៉ុណ្ណោះ។ រីឯ ប្រទេសចំណូលទាបវិញ គឺតួលេខអ្នកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដនេះ រឹតតែមានតិចតួចជាងនេះទៅទៀត។
ប្រធានសេដ្ឋវិទូរូបនេះ អះអាងទៀតថា អត្រាចាក់វ៉ាក់សាំងបានលឿនជាងការរំពឹងទុក និងការវិលត្រឡប់មករកភាពប្រក្រតីវិញ បាននាំមកនូវភាពប្រសើរឡើងនៃសេដ្ឋកិច្ច ខណៈដែលការខ្វះលទ្ធភាពទទួលបានវ៉ាក់សាំង និងការផ្ទុះឆ្លងរាលដាលរលកឆ្លងថ្មីៗកូវីដ-១៩ នៅក្នុងបណ្ដាប្រទេសមួយចំនួន ជាក់ស្ដែង នៅប្រទេសឥណ្ឌា គឺបាននាំមកនូវការទាញទម្លាក់កំណើនសេដ្ឋកិច្ច។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅឆ្នាំ២០២១នេះ ថានឹងកើនដល់ ៧% និងឆ្នាំ២០២២ នឹងកើនដល់ ៤,៩%។ ការព្យាករនេះ ដោយសន្មត់ថា សភាអាមេរិក នឹងអនុម័តគម្រោងសំណើរបស់លោកចូបៃឌិន ដែលមានតម្លៃដល់ទៅ ៤ទ្រីលានដុល្លារអាមេរិក ទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការចំណាយជួយគាំទ្រដល់គ្រួសារពលរដ្ឋអាមេរិក។
ជាមួយគ្នានេះអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្យាករកំណើនសេដ្ឋកិច្ចរបស់អង់គ្លេសនៅឆ្នាំ២០២១នេះ ថានឹងកើនដល់ ៧% ខណៈដែលសេដ្ឋកិច្ចរបស់ឥណ្ឌាវិញ ត្រូវបានព្យាករទម្លាក់មកនៅត្រឹមកំណើន៩,៥% ប៉ុណ្ណោះ រីឯសេដ្ឋកិច្ចចិន ក៏ត្រូវបាន IMF កាត់បន្ថយការព្យាករដែរ គឺមានកំណើនមកនៅត្រឹម ៨,១%។យ៉ាងណាក៏ដោយសេដ្ឋកិច្ចចិននឹងនូវតែមានកំណើនខ្ពស់ជាងគេគួរឲ្យកត់សម្គាល់ បើទោះបីជាពិភពលោកកំពុងតែរង្គោះរង្គើដោយសារការរីករាតត្បាតជំងឺកូវីដ ១៩ក៏ដោយ។
ដោយឡែក សម្រាប់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង វៀតណាមវិញ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានទម្លាក់ការព្យាករមកនៅកំណើនទាបជាងមុនដូចគ្នាដែរ ក្រោយពីមើលឃើញថា ប្រទេសទាំងអស់នេះ កំពុងប្រឈមនឹងការផ្ទុះរាលដាលកូវីដ-១៩កាន់តែខ្លាំងក្លា។ ដោយឡែក សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីទាំងមូលវិញ IMF ព្យាករថានឹងមានត្រឹម ៧,៥%ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែលការព្យាករពីមុនថា មានដល់៨,៦%៕