ជាមួយគ្នានេះ IMF ក៏បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២១នេះ ចំនួន ០,១%ផងដែរ ។
នៅក្នុងរបាយការណ៍ទស្សនៈវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២១ថ្មីមួយចុងក្រោយរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកលពី ៦%ដែលបានព្យាករកាលពីខែកក្កដា មកនៅត្រឹម ៥,៩% ប៉ុន្តែស្ថាប័នអន្តរជាតិមួយនេះ បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២២ ក្នុងកំណើន ៤,៩%ដដែល។
ក្នុងរបាយការណ៍ IMF បានពន្យល់ថា ទោះបីសេដ្ឋកិច្ចសកលត្រូវបានព្យាករទម្លាក់តិចតួចក្នុងកម្រិត ០,១%ក្តី ប៉ុន្តែសម្រាប់ប្រទេសមួយចំនួន អត្រានេះមានផលប៉ះពាល់ខ្លាំងណាស់។ IMF បន្ថែមថា ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ កាន់តែអាក្រក់ទៅៗ បានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលទាប បានខិតទៅរកភាពលេចលង់ ខណៈប្រទេសអ្នកមានកំពុងជួបការលំបាកក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
ក្នុងទស្សនៈវិស័យសេដ្ឋកិច្ចថ្មី របស់ IMF ប្រទេសសេដ្ឋកិច្ចលេខ១ ពិភពលោក អាមេរិក ត្រូវបាន IMF ចាត់ទុកជាអ្នករងផលប៉ះទង្គិចខ្លាំងជាងគេ ហើយដែលអាចបង្កហានិភ័យអូសទាញសេដ្ឋកិច្ចសកលឲ្យធ្លាក់ចុះថែមទៀត។
ដោយបានទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកអស់១% ពី ៧%មកនៅត្រឹម ៦% IMF ព្រមានថា សេដ្ឋកិច្ចអាមេរិកនឹងបន្តធ្លាក់ចុះច្រើនជាងនេះទៀត ប្រសិនបើ រដ្ឋបាលលោកចូ បៃឌិន មិនព្រមកាត់បន្ថយការចំណាយ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសង្គមដែលមានតម្លៃជាង ៤ទ្រីលានដុល្លារអាមេរិកនោះទេ។
ដោយឡែកសម្រាប់ប្រទេសចិន ដែលជាយក្សសេដ្ឋកិច្ចទី២ របស់ពិភពលោកវិញ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចតែ ០,១% ពី ៨,១% មកត្រឹម៨% សម្រាប់ឆ្នាំ២០២១ ដោយមើលឃើញពីការថយចុះ នៃការចំណាយវិនិយោគសាធារណៈនៅក្នុងប្រទេសចិន។
សូមជម្រាបថា IMF បានធ្វើការព្រមានពីគ្រោះថ្នាក់សម្រាប់សេដ្ឋកិច្ចសកល ដោយអះអាងពីគម្លាតនៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដ៏ធំសម្បើម រវាងប្រទេសអ្នកមាន និង ប្រទេសក្រីក្រ។ ជាក់ស្តែង ៩៦%នៃពលរដ្ឋក្នុងប្រទេសក្រីក្រពុំទាន់បានទទួលវ៉ាក់សាំងនៅឡើយ សូម្បីតែ១ដូស ដែលប្រការនេះធ្វើឲ្យប្រទេសទាំងនោះ ប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចទាបអូសបន្លាយកាន់តែយូរ ភាពក្រីក្រ និងភាពគ្មានការងារធ្វើកើតមានកាន់តែច្រើន៕