ទោះបីថា អតិផរណានៅក្នុងតំបន់អាស៊ីនៅតែបន្ដស្ថិតក្នុងកម្រិតគ្រប់គ្រងបានធៀបទៅនឹងតំបន់ផ្សេងទៀតក្ដី ប៉ុន្ដែ ធនាគារកណ្តាលភាគច្រើនត្រូវតែបន្តដំឡើងអត្រាការប្រាក់ ដើម្បីធានាបានពីការមិនបន្តកើនឡើងនូវអតិផរណាថែមទៀត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃនេះ។
លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បាននិយាយថា ការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ីនៅដើមឆ្នាំនេះកំពុងបាត់បង់សម្ទុះ ដោយសារកំណើននៅត្រីមាសទី២នៅឆ្នាំនេះបានធ្លាក់ចុះជាងការរំពឹងទុកទៅទៀត។ ការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុ គឺត្រូវតែធ្វើដើម្បីធានាថា អតិផរណានឹងត្រឡប់ទៅរកសភាពដើមវិញ និងការរំពឹងទុកថានឹងមិនមានការកើនឡើងអតិផរណាថែមទៀត។
មូលនិធិ IMF បានកាត់បន្ថយការព្យាករពីកំណើនរបស់តំបន់អាស៊ីមកនៅត្រឹម ៤% នៅឆ្នាំនេះ និង ៤,៣% សម្រាប់ឆ្នាំក្រោយ ខណៈដែលកាលពីឆ្នាំ២០២១តំបន់នេះធ្លាប់សម្រេចបានកំណើនដល់ទៅ ៦,៥%។
របាយការណ៍នេះបានបង្ហាញដែរថា នៅគ្រាដែលកំពុងកំពុងរងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដហើយនោះ តំបន់អាស៊ីក៏ត្រូវប្រឈមមុខនឹងបញ្ហាថ្មីទៀត ទាក់ទងនឹងការរឹតបន្តឹងហិរញ្ញវត្ថុសកល និងការរំពឹងទុកពីការធ្លាក់ចុះតម្រូវការខាងក្រៅ។
មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ក្នុងចំណោមបញ្ហាប្រឈមធំៗបំផុតរបស់តំបន់អាស៊ីនោះគឺការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងទូលំទូលាយរបស់ប្រទេសចិនតែំ្ដង សារតែវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ និងវិបត្តិអចលនទទ្រព្យកាន់តែអាក្រក់ទៅៗរបស់ប្រទេសនេះ។
របាយការណ៍នេះកត់សម្គាល់ឃើញថា ជាមួយការកើនឡើងនៃចំនួនអ្នកអភិវឌ្ឍអចលនទ្រព្យដែលមិនទាន់សងបំណុលរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីឆ្នាំមុននោះ ដូច្នេះហើយលទ្ធភាពទទួលបានហិរញ្ញប្បទានទីផ្សាររបស់វិស័យនេះ មានបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ របាយការណ៍នេះបានបន្ថែមថា ហានិភ័យចំពោះប្រព័ន្ធធនាគារជាមួយវិស័យអចលនទ្រព្យនេះកំពុងតែកើនឡើងដោយសារតែមានការប៉ះពាល់ច្រើន។
មូលនិធិ IMF រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះមកត្រឹម ៣,២% នៅឆ្នាំនេះ ខណៈកាលពីមេសា ស្ថាប័ននេះធ្លាប់ព្យាករថា នឹងមានកំណើន៤,៤% ។ ទោះយ៉ាងណាមូលនិធិ IMF បាននិយាយថា សេដ្ឋកិច្ចរបស់ចិនត្រូវគេមើលឃើញថា នឹងកើនឡើង ៤,៤% ឡើងវិញនៅឆ្នាំក្រោយ និង ៤,៥% នៅឆ្នាំ២០២៤៕