លោកស្រី ជីតា ហ្គោ ភីណាត ប្រធានសេដ្ឋកិច្ចវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ជាក់ថា សេដ្ឋកិច្ចសកលលោក មិនអាចប្រសើរឡើងវិញបានពេញលេញ នៅក្នុងឆ្នាំ ២០២១នោះឡើយ ដោយសារតែមេរោគដ៏កាចសាហាវនេះ បានប៉ះពាល់ដល់មនុស្សលើសពី ២លាននាក់ជុំវិញសកលលោក ដែលឈានដល់ការបិទសាលារៀន និងបិទអាជីវកម្មជាដើម ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចជាច្រើន បានជាប់គាំង។
លោកស្រី បន្តថា រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសនីមួយៗ បានព្យាយាមចាត់វិធានការណ៍ពិសេសភា្លមៗ ដើម្បីជួយសង្គ្រោះដល់អាជីវកម្ម និងប្រជាពលរដ្ឋរបស់ខ្លួន ដែលបានធ្វើឲ្យ កញ្ចប់ថវិកាពិសេសទូទាំងសកល កើនដល់ ៨ទ្រីលានដុល្លារអាមេរិក សម្រាប់ដោះស្រាយវិបត្តិកូវីដ-១៩ក៏ប៉ុន្តែលោកស្រី ជីតា នៅមានការព្យួយបារម្ភខ្ពស់ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដែលពុំមានថវិកាគ្រប់គ្រាន់ ដើម្បីជួយស្រោចស្រង់ស្ថានការណ៍ដ៏លំបាកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានស្នើដល់បណ្តាប្រទេសទាំងអស់ជុំវិញសកលលោក ឲ្យនៅរក្សាការបើកចំហពាណិជ្ជកម្ម ជាមួយប្រទេសដទៃ ក្នុងអំឡុងពេលដ៏លំបាកនេះ ចៀសវាងការរឹតបន្តឹងលើ ទំនិញនាំចេញនាំចូល ជាពិសេសសម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍សំខាន់ៗ សម្រាប់ការប្រយុទ្ធប្រឆាំងនឹង មេរោគកូវីដ-១៩។
មន្រ្តីនៅអង្គការ IMF ក៏បានបញ្ជាក់ដែរថា បណ្តាប្រទេសទាំងអស់ គួរតែសហការគ្នា កាត់បន្ថយរបាំងពន្ធ និងរបាំងមិនមែនពន្ធ នៅក្នុងជំនួញពាណិជ្ជកម្មឆ្លងដែនរបស់ខ្លួន និងពង្រឹងការវិនិយោគពីក្រៅប្រទេសបន្ថែម ដើម្បីរក្សាបាននូវ ខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មសកល។
លើសពីនេះ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានគូសបញ្ជាក់បន្ថែមថា បណ្តាប្រទេសជាង ១០០ប្រទេស សឹងតែពាក់កណ្តាលផែនដីទៅហើយ បានស្នើសុំ កម្ចីសង្គ្រោះបន្ទាន់ពី IMF ដើម្បីដោះស្រាយបញ្ហានេះ ដោយ IMF បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់កញ្ចប់ថវិកាជាង ១ទ្រីលានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ជាកម្ចី។
លោកស្រី បញ្ជាក់ថា បើទោះបីជា លក្ខខណ្ឌស្នើសុំកម្ចីថវិកាសង្គ្រោះពី IMF មានភាពតឹងរ៉ឹងក៏ដោយ IMF ស្នើដល់ប្រទេសដែលត្រូវការកម្ចីនេះ កំណត់អាទិភាពដំបូងបំផុត គឺប្រើប្រាស់សម្រាប់ជួយដល់ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលជាទ័ពជួរមុខ ប្រយុទ្ធនឹងមេរោគកូវីដ-១៩៕