ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) នាពេលថ្មីៗនេះ បានចេញរបាយការណ៍ស្ដីពី ទស្សនវិស័យៈសេដ្ឋកិច្ចពិភពលោក របស់ខ្លួន ដោយក្នុងនោះបានព្យាករពី សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះ ២,៨% សម្រាប់ឆ្នាំ២០២០នេះ ហើយវាជាអត្រាធ្លាក់ចុះមួយខ្លាំងជាងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានព្យាករថា ធ្លាក់ចុះ ១,៥%។
ប្រទេសដែលមានសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងជាងគេនៅក្នុងតំបន់អាស៊ាន នៅចំពេលដែលមានវិបត្តិកូវីដ-១៩ នេះ រួមមាន ហ្វីលីពីន ដែលត្រូវបាន IMF ព្យាករថា នឹងធ្លាក់ចុះសេដ្ឋកិច្ចដល់ទៅ ៨,៣% ប្រទេសថៃ ធ្លាក់ចុះ ៧,១% ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ធ្លាក់ចុះ ៦% ដូចគ្នា។
ជាមួយគ្នានេះដែរ ប្រទេសមីយ៉ាន់ម៉ាវិញ ត្រូវបានព្យាករថា នឹងមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេបំផុតនៅក្នុងឆ្នាំ២០២០នេះ ដោយមាន GDP កើនឡើង ២% និង GDP របស់វៀតណាមកើន ១,៦%។
ការព្យាករក្នុងកម្រិតរយៈពេលមធ្យម របស់ IMF បានឲ្យដឹងថា នៅឆ្នាំ២០២៥ កម្ពុជានឹងមានសន្ទុះនាំមុខប្រទេសជាដៃគូផ្សេងៗទៀតនៅក្នុងតំបន់ ដោយត្រូវបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ទៅ ៦,៩% ដែលធ្វើឲ្យកម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតនៅក្នុងតំបន់។
ដោយឡែក សម្រាប់ឆ្នាំ២០២៥នេះដែរ ប្រទេសអាស៊ានផ្សេងទៀត ដែលមានកំណើនយឺតជាងកម្ពុជារួមមាន៖ ប្រទេសវៀតណាម (៦,៦%), មីយ៉ាន់ម៉ា និងហ្វីលីពីន (កើន ៦,៥% ដូចគ្នា), ឡាវ (៦,១%), ឥណ្ឌូនេស៊ី (៥,១%), ម៉ាឡេស៊ី (៥%), ថៃ (៣,៧%), សិង្ហបុរី (២,៥%) និងប្រុយណេ (១,៨%)។
លោកស្រី Gita Gopinath ទីប្រក្សាផ្នែកសេដ្ឋកិច្ច របស់ IMF និងជាប្រធានផ្នែកស្រាវជ្រាវ បាននិយាយថា ការព្យារចុងក្រោយសម្រាប់ឆ្នាំ២០២០ បង្ហាញថា ការព្យាករថ្មីនេះ គឺមិនសូវមានភាពធ្ងន់ធ្ងរទេ បើធៀបនឹងការព្យាកររបស់ IMF កាលពីខែមិថុនាកន្លងទៅ៕