មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

អង្គការ IMFមើលឃើញថា ទីផ្សារអចលនទ្រព្យតំបន់អាស៊ីមានទំនោរដាំក្បាលចុះ


ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីរាប់ចាប់ពីទីក្រុងហុងកុងរហូតដល់ប្រទេសម៉ាឡេស៊ីកំពុងត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះតម្លៃយ៉ាងខ្លាំង ដោយសារអត្រាការប្រាក់កើនឡើងកាន់តែខ្ពស់បានធ្វើឱ្យអ្នកទិញក្នុងកម្រិតមធ្យមកាន់តែគ្មានលទ្ធភាពក្នុងការទិញលំនៅឋានបានឡើយ។ នេះបើតាមការសិក្សាដែលចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
អង្គការ IMFមើលឃើញថា ទីផ្សារអចលនទ្រព្យតំបន់អាស៊ីមានទំនោរដាំក្បាលចុះ

ការសិក្សានេះបាន​ចង្អុលបង្ហាញ​ទៅ​រក​ការ​ធ្លាក់​ចុះ​តម្លៃ​ផ្ទះ​នៅ​អាស៊ីចាប់​ពីទី​ក្រុង​ហុងកុងរហូត​ដល់​ម៉ាឡេស៊ីបន្ទាប់ពីបាន​កើន​ឡើង​ខ្លាំង​​កាល​ពី​មុន​ពេលមានផ្ទុះរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​​។ កត្តា​នេះអាចនាំឱ្យមានការកែតម្រូវ​​ជាថ្មី ​ខណៈ​ដែល​ការធ្លាក់ចុះ​សេដ្ឋ​កិច្ច​កំពុង​តែ​លេចរូប​រាង​​ឡើង​ស្ទុងៗ​​។​

បន្ថែមពីលើហានិភ័យនៃការកែតម្រូវសំខាន់ៗតាម​ទីផ្សារមួយចំនួននោះ​ ការកើនឡើងតម្លៃផ្ទះនៅបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកជាច្រើនកាលពីពេលកន្លងទៅ បានបង្កើនកង្វល់​ពីលទ្ធភាព​ទិញ​ផ្ទះ​​​ផងដែរ។ ​របាយការណ៍នេះ​បានគូសបញ្ជាក់ថា នៅឆ្នាំ២០២១ នៅ​ប្រទេសកូរ៉េខាងត្បូង ​ជា​ឧទាហរណ៍ ​តម្លៃផ្ទះបានកើនឡើងប្រហែល ២០​% ដោយសារតែអតិផរណាកើនឡើង។

ក្នុងរយៈ​​ពេលដូចគ្នានេះដែរ​ ប្រទេសជប៉ុន និងសិង្ហបុរី​បាន​កើនឡើងប្រហែល ១០% ​ខណៈដែលប្រទេសចិន និងថៃបានកើន​ឡើង​តម្លៃផ្ទះ​​ប្រហែល ៥% ​នៅមុនពេល​​មានសញ្ញា​​បន្ធូរ​បន្ថយ​តម្លៃ​នៅ​ផ្នែកខ្លះនៅ​តំបន់​អាស៊ីនៅឆ្នាំនេះ។ ការដកចេញនូវ​គោនយោបាយជំរុញកំណើនផ្នែករូបិយវត្ថុ នៅចំពេលមានអតិផរណាខ្ពស់​នោះ ក៏កំពុងដាក់បន្ទុកទៅលើ​តម្លៃផ្ទះផងដែរ។

របាយការណ៍នេះ​បានកត់សម្គាល់ថា លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែងកំពុងបង្កើនចំណាយលើការខ្ចីប្រាក់​កាន់​តែ​ខ្លាំង ​​ដូច្នេះ​ហើយ​តម្រូវការទិញ​ផ្ទះ​​បានចាប់ផ្តើមធ្លាក់​ចុះ ​ដោយសារ​​មានការកែតម្រូវទីផ្សារ ដែលកំពុង​ដំណើរការរួចហើយ នៅប្រទេស​សេដ្ឋកិច្ចមួយចំនួន​។ អត្រាការប្រាក់សម្រាប់​​កម្ចី​យក​ទៅ​ទិញ​ផ្ទះ​គ្រោង​នឹង​ឡើងបន្ថែមទៀត​​ ដោយ​ធនាគារ​កណ្តាល​អាមេរិកបានដំឡើងអត្រាការប្រាក់០,៥% នៅ​ក្នុងសប្តាហ៍នេះ។

ធនាគារកណ្តាលរបស់អាមេរិកបានរ​រឹតបន្តឹង​រូបិយវត្ថុនៅ​ក្នុង​ពិភពលោក​ដោយ​បាន​ដំឡើងអត្រាការប្រាក់៣ត្រីមាសជាប់គ្នា នៅដើមឆ្នាំនេះ ​ដើម្បី​​ព្យាយាមទប់ទល់អតិផរណា​កើនឡើងយ៉ាងខ្លាំង ​​ខណៈ​ដែល​​​សេដ្ឋកិច្ច​បានបើកចំហជា​មួយ​​​​ការធូរ​ស្បើយ​នៃជំងឺកូវីដ​​ និង​​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​បានជំរុញឱ្យតម្លៃស្បៀងអាហារ និងថាមពលកើនឡើង។

ធនាគារកណ្តាលនៅកន្លែងផ្សេងទៀតបានធ្វើតាមការ​នាំ​មុខ​របស់​ធនាគារ​កណ្ដាលអាមេរិក​​និង​ធ្វើ​ឱ្យស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើនអនុវត្ត​​តាម​ពួកគេ​ជា​បន្ត​បន្ទាប់​ផងដែរ ជុំវិញវិធានការដំឡើងអត្រាការប្រាក់នេះ​។​ អ្នកផ្ដល់​កម្ចី​បានបង្កើន​អត្រាការប្រាក់​សម្រាប់ប្រាក់កម្ចីទិញផ្ទះ​​​ធ្វើ​ឱ្យ​កើន​ការ​ព្រួយបារម្ភពីលទ្ធភាព​ក្នុង​ការ​ទទួល​បាន​ផ្ទះ​នៅ​តំបន់​អាស៊ី​​ដោយសារ​ម្ចាស់ផ្ទះជួបបញ្ហានៃ​ការសងប្រាក់កាន់​តែ​ច្រើន​។

លោក ខេនីឈីរ៉ូ កាស៊ីវ៉ាសេ (Kenichiro Kashiwase)​ សហការីរៀបចំការសិក្សា​របស់​មូល​និធិ​ IMF​ បាននិយាយនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី ១៥ធ្នូថា ​ការសិក្សារបស់ពួក​គេ​​បង្ហាញ​ជាមូលដ្ឋាន​ថា ​ដើម្បីកាត់បន្ថយ ឬដោះស្រាយលទ្ធភាពទិញផ្ទះ​ រដ្ឋាភិបាលអាចផ្តល់គោលដៅ​​ដូច​ជា​​ការធានារ៉ាប់រងលើកម្ចីទិញផ្ទះ ឬផ្ដល់ការធានាលើប្រាក់កម្ចី​ជា​ដើម​។

ការ​សិក្សានេះ​​បាន​កត់​សម្គាល់​ថា វដ្ដ​នៃការប៉ោងឡើង​ និងផ្ទុះបែក​​នៃទី​ផ្សារ​លំនៅឋាន​​នៅ​​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​គឺពិតជាបាន​«ប៉ះពាល់​ដល់​សេដ្ឋកិច្ចយ៉ាង​ទូលំទូលាយ»​។

អ្នកជំនាញរបស់ IMF ដដែលនេះ បាន​បង្ហាញទស្សនៈរបស់ខ្លួនថា បើមើលដល់ឆ្នាំ២០២៣ គឺបរិយាកាសសេដ្ឋកិច្ច​សាកល​កាន់តែមានភាពផុយស្រួយ ជាមួយ​ហានិភ័យ​ជួបនឹង​ព្យុះភ្លៀង ពពកខ្មៅអាប់អួរកាន់តែច្រើន។ អ្នកជំនាញរំពឹងថា នៅឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ច​អាចនឹងអាក្រក់ជាងឆ្នាំ២០២២ ដោយក្នុងនោះ អតិផរណា​នៅតែមិនមានភាពអំណោយផលខ្ពស់ ហើយលក្ខខណ្ឌហិរញ្ញវត្ថុ​ក៏មានភាពតឹងតែង៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ប្រទេសកាតាត្រូវបានសភាអឺរ៉ុបផ្អាកលែងឲ្យមានទំនាក់ទំនងជាមួយសភាអឺរ៉ុប ក្រោយមានរឿងអាស្រូវពុករលួយធ្ងន់ធ្ងរ

សមាជិកសភាអ៊ឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ធ្នូ បានបោះឆ្នោតដើម្បីផ្អាកតំណាងកាតាចូលទៅកាន់បរិវេណប្រជុំនៃសភាអឺរ៉ុប បន្ទាប់ពីប្រទេសឈូងសមុទ្រម…

អាមេរិក បើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនជាង ២០០ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនអាមេរិក

បន្ទាប់ពីដាក់ក្រុមហ៊ុនផលិតឈីបធំៗរបស់ចិនចូលបញ្ជីខ្មៅរួចមក ឥឡូវអាមេរិកបន្ដបើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើក្រុមហ៊ុនចិនជាង២០០ ដែលបានចុះបញ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ