ប្រទេសស្រីលង្កាដែលមានចំនួនប្រជាជនសរុប ២២ លាននាក់បានស្នើសុំប្រាក់កម្ចីពីមូលនិធិ IMF ខណៈដែលខ្លួនកំពុងពិបាកក្នុងការចំណាយលើការនាំចូលដោយសារមានវិបត្តិបំណុលនិងការធ្លាក់ចុះយ៉ាងខ្លាំងនៃទុនបម្រុងរូបិយបណ្ណបរទេសដែលធ្វើឱ្យមានអតិផរណាកើនឡើងខ្លាំង។
អ្នកស្រី អានី ម៉ារៀ ហ្គល វូស (Anne-Marie Gulde-Wolf) នាយិកាស្តីទីនៃនាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការមូលនិធិ IMF បាននិយាយក្នុងសន្និសីទសារព័ត៌មានអនឡាញថា ពួកគេមានការពិភាក្សាតាមបច្ចេកទេសប្រកបដោយផ្លែផ្កាយ៉ាងល្អ ស្តីពីការរៀបចំសម្រាប់ការចរចាជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសស្រីលង្កាកាលពីចុងសប្តាហ៍មកនេះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា លោក អាលី សាព្រី (Ali Sabry) បានស្ថិតនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោក ប្រទេសឥណ្ឌា និងប្រទេសដទៃទៀតអំពីជំនួយហិរញ្ញប្បទានសម្រាប់ប្រទេសស្រីលង្កាដែលបានផ្អាកការសងលើផ្នែកខ្លះ នៃបំណុលក្រៅប្រទេសរបស់ខ្លួនសរុប ៥១ ពាន់លានដុល្លារអាមេរិក។
អ្នកស្រី ហ្គលវូស បាននិយាយថា "តម្រូវការសម្រាប់ការផ្តល់ប្រាក់កម្ចីនឹងមានភាពរីកចម្រើនឆ្ពោះទៅរកនិរន្តរភាពបំណុល" ប៉ុន្តែអ្នកស្រីបានអំពាវនាវដល់ប្រទេសស្រីលង្កាសុំឱ្យបង្កើតវិធានការបង្កើនប្រាក់ចំណូលពន្ធ ដើម្បីដោះស្រាយតម្រូវការចំណាយសំខាន់ៗនៅក្នុងប្រទេសនេះ។
នាយិកាស្តីទីនៃនាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការមូលនិធិ IMF បន្តថាគោលនយោបាយរូបិយវត្ថុត្រូវតែរឹតបន្តឹង ដើម្បីបន្តរក្សាការត្រួតពិនិត្យអតិផរណា ហើយពួកគេចាំបាច់ក៏ត្រូវតែបង្កើតអត្រាប្តូរប្រាក់ប្រែប្រួលតាមហាងឆេងប្ដូរប្រាក់ផងដែរ។
ក្រៅពីការស្នើសុំប្រាក់កម្ចីពីមូលនិធិ IMF ហើយនោះ ពេលនេះប្រទេសស្រីលង្កាក៏បានចាប់ផ្តើមចរចាជាមួយប្រទេសចិនអំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ស្របពេលដែលទីក្រុងកូឡុំបូកំពុងប្រឹងប្រែងដោះស្រាយវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។
លោក Nalaka Godahewa រដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយប្រទេសស្រីលង្កាបាននិយាយនៅថ្ងៃទី២៦មេសាថា ប្រទេសចិនបានស្នើទៅកាន់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កាថា ខ្លួនចង់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ស្រីលង្កា។ ឥឡូវនេះ ចាប់តាំងពីមូលនិធិ IMF ធនាគារពិភពលោក និងស្ថាប័នផ្សេងទៀតមានបំណងចង់ជួយស្រីលង្កាដោះស្រាយវិបត្តិបំណុលវ័ណ្ដកនោះ ក៏មានប្រទេសផ្សេងទៀតចង់គាំទ្រស្រីលង្កាផងដែរជាពិសេសប្រទេសចិនតែម្ដង ប៉ុន្តែលោករដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយប្រទេសស្រីលង្កាបានបញ្ជាក់ថា ការពិភាក្សាជាមួយទីក្រុងប៉េកាំង គឺស្ថិតនៅដំណាក់កាលដំបូងនៅឡើយទេ។
ប្រទេសចិន គឺជាប្រទេសម្ចាស់បំណុល ក្នុងក្របខណ្ឌទ្វេភាគីដ៏ធំជាងគបំផុតរបស់ស្រីលង្កា ដោយបំណុលដែលប្រទេសនេះ ជំពាក់ចិនមានចំនួន ៣ពាន់៥រយលានដុល្លារអាមេរិក។
សូមរំលឹកថា កន្លងមកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានស្នើសុំឱ្យប្រទេសចិនជួយរៀបចំរចនាសម្ព័ន្ធនៃការសងបំណុលឡើងវិញ នៅពេលដែលលោកបានជួបរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីខែមករា។
សេដ្ឋកិច្ចប្រទេសស្រីលង្កា បានជួបរងទុក្ខបំផុត នៅពេលដែលមេរោគរាត្បាតកូវីដ១៩បានចូលលុកលុយ ហើយរដ្ឋាភិបាលប្រទេសនេះ បានកាត់បន្ថយពន្ធជាច្រើន ដែលនាំឲ្យរដ្ឋាភិបាលត្រូវខ្វះខាតទុនបម្រុងអន្តរជាតិ ជំរុញឲ្យខ្វះខាតសាច់ប្រាក់ដើម្បីនាំចូលនូវផលិតផលសំខាន់ៗដូចជាប្រេងឥន្ធនៈ ស្បៀងអាហារ និងថ្នាំពេទ្យជាដើម ហើយបញ្ហាទាំងនេះ កន្លងមកក៏បានធ្វើឲ្យមានការផ្ទុះការតវ៉ាហិង្សានៅតាមដងផ្លូវប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យប្រធានាធិបតីប្រទេសនេះ ចុះចេញពីតំណែងផងដែរ៕
អត្ថបទ៖ សុខ ជា