នាយិកា IMF រូបនេះព្រមានថា ការដែលប្រទេសម្ចាស់បំណុលមិនបានបន្ធូរបន្ថយកម្រិតបំណុលនៅពេលនេះ ឬមានភាពយឺតយ៉ាវក្នុងការចាត់វិធានការ ប្រទេសកូនបំណុលទាំងនោះ នឹងធ្លាក់ដាំក្បាលចុះទៅក្នុងវិបត្តិ ហើយជាវិបត្តិដែលអាក្រក់បំផុតថែមទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កាលពីពេលកន្លងមកក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ បានព្រមព្រៀងគ្នាដាក់ចេញនូវក្របខណ្ឌបន្ធូរបន្ថយបំណុលមួយ ដើម្បីចូលរួមសម្រួលបញ្ហាបំណុលដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍។ ប៉ុន្តែមកទល់នឹងពេលនេះ ក្របខណ្ឌនៅតែជាក្របខណ្ឌស្ថិតនៅលើក្រដាស ដោយពុំទាន់មានការអនុវត្ត ឬទទួលបានជាផ្លែផ្កាណាមួយនៅឡើយទេ ខណៈប្រទេសជាច្រើន បន្តស្ថិតក្នុងគ្រោះថ្នាក់នៃវិបត្តិបំណុលដដែល។
ហេតុនេះហើយនាយិកា IMF រូបនេះបានក្រើនរំឭកថា វាល្មមដល់ពេលហើយក្នុងការចាប់ផ្តើមអនុវត្តក្របខណ្ឌរួមមួយនេះ។ បើប្រទេសម្ចាស់បំណុលនៅបន្តយឺតយ៉ាវធ្វើការលើរឿងនេះ គ្រោះថ្នាក់នឹងមានកាន់តែធំ។
លោកស្រី ចចជីវ៉ា អះអាងថា លោកស្រីបានជួបនិយាយជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលបច្ចុប្បន្នជាប្រធានប្តូរវេនG20នៅឆ្នាំនេះរួចហើយ អំឡុងពេលកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ កាលពីខែមុននៅប្រទេសអាឡឺម៉ង់។ លោកស្រីបានប្រាប់ឱ្យឥណ្ឌូនេស៊ី ជំរុញឱ្យមានការស្រុះស្រួលគ្នាបន្ថែមទៀតលើបញ្ហាបំណុលនេះ មុនពេលដែលកិច្ចប្រជុំកំពូលមេដឹកនាំ G20 ធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។
យ៉ាងណាមិញ ភាពស្រុះស្រួលគ្នាក្នុងរង្វង់ក្រុមប្រទេសG20 ជារឿងដែលពិបាកទៅរួចខ្លាំងនៅពេលនេះ ពិសេសនៅក្រោយពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 បានបិទបញ្ចប់ទៅដោយភាពអាប់អួរ មើលមុខគ្នាមិនចំ។ ជាក់ស្តែង ជំនួបកំពូល G20បានបិទបញ្ចប់ទៅកាលពីចុងសប្តាហ៍មុនហើយ តែគ្មានឡើយលទ្ធផលនៃកិច្ចប្រជុំ គ្មានសេចក្តីថ្លែងការណ៍រួម ហើយគ្មាន ទាំងការថតរូបជួបជុំគ្នាជាប្រពៃណីទៀតផង។
ការនេះបង្កឡើងដោយការជជែកគ្នា ក្តៅគគុកក្នុងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ស្របពេលដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏មានវត្តមាននៅទីនោះដែរ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សែរហ្គៃ ឡាវរ៉ូវ ថែមទាំងបានដើរចេញពីជំនួបកំពូល ទាំងកណ្តាលទី នៅពេលឭគ្រប់ភាគីរិះគន់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
យ៉ាងណាមិញចំពោះបញ្ហាបំណុលវិញ លោកខាងលិចក៏មិនភ្លេចដែរ និយាយពីប្រទេសចិនដែលជាអ្នកផ្តល់កម្ចីក្រៅប្រទេសច្រើនសន្ធឹក ហើយយឺតយ៉ាវក្នុងការជួយជ្រោមជ្រែងលើការរៀបចំឥណទានឡើងវិញ។ លោកស្រី ចចជីវ៉ា បានជំរុញឱ្យចិនសម្របសម្រួលឱ្យបានច្រើនជាងនេះ។ បើតាមនាយិកា IMF ស្ទើរតែមួយភាគបីនៃប្រទេសទីផ្សារកំពុងរីកចម្រើន និង បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប គឺស្ថិតនៅក្នុងបញ្ហាបំណុល ជាមួយនឹងស្ថានភាពកាន់តែអាក្រក់ទៅៗ ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនបានដំឡើងអត្រាការប្រាក់ថែមទៀត។
សូមជម្រាបថា បណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោកនឹងត្រូវបង់សងបំណុលឱ្យប្រទេសចិនក្នុងចំនួនសរុបជិត ១៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍ នៃការស្រាវជ្រាវថ្មីមួយរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតងនៅសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ ហើយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg កាលពីចុងខែមីនា៕