អត្ថបទពាណិជ្ជកម្ម

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពពាក់ព័ន្ធនឹង ល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ


អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល, ល្បែងតាមប្រព័ន្ធអនឡាញ (ONLINE GAMBLING) គ្រប់ទម្រង់ មិនត្រូវបានអនុញ្ញាត ឱ្យបើកដំណើរការក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពពាក់ព័ន្ធនឹង ល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ
ដោយ
អំពី ONLINE SCAMS

នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦, លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំជាលើកទី២ ដើម្បីផ្សព្វផ្សាយអំពីការមិនអនុញ្ញាត និងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិបត្តិករ, កម្មសិទ្ធិករ, និង/ឬ តំណាងក្រុមហ៊ុនកាស៊ីណូសរុបចំនួន ១៤៥ នាក់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «មានភស្ដុតាងជាច្រើនបង្ហាញថា ល្បែងតាមប្រព័ន្ធអនឡាញ ត្រូវបានប្រើប្រាស់ជាទម្រង់មួយ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការប្រើប្រាស់វិធីសាស្រ្ដផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវល្បែង, ការរៀបចំ និងប្រើប្រាស់កម្មវិធី ឬ ឧបករណ៍ល្បែងដែលពុំមានសុចរិតភាព, និងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ ដែលមានលាយឡំជាមួយនឹងគណនីក្លែងក្លាយ ជាដើម»។ ក្នុងន័យនេះ ឯកឧត្ដមសន្ដិបណ្ឌិត ទេសរដ្ឋមន្ត្រី បានបន្ដទៀតថា «ក្នុងករណីរកឃើញថា ក្រុមហ៊ុនកាស៊ីណូណាមួយ លបលួចដំណើរការល្បែងតាមប្រព័ន្ធអន-ឡាញ, ក្រៅពីវិធានការចាត់ដោយ គ.ល.ក. ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, អាជ្ញាធរ​មានសមត្ថកិច្ចផ្សេងទៀត ដោយសហការយ៉ាងពេញទំហឹងជាមួយស្ថាប័នជាតិ និងអន្តរជាតិដែលមានការពាក់ព័ន្ធ នឹងបើកការស៊ើបអង្កេតលើបទល្មើសបន្ថែមមួយចំនួន ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, និង/ឬ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជាធរមាន»។

ទន្ទឹមនេះ ឯកឧត្ដម ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខា-ធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសរំលេចបន្ថែមផងដែរថា ក្នុងករណីសង្ស័យមានការពាក់ព័ន្ធ, លេខាធិការដ្ឋាន នៃ គ.ប​.ឆ.ប. នឹងបន្ដបញ្ជូនសំណុំរឿងដល់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីតាមដាន និងចាត់វិធានការ តាមច្បាប់ ជាធរមាន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម យ៉េត វីណែល អគ្គលេខាធិការ នៃ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ក៏បានគូសរំលេចជូនអង្គប្រជុំផងដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែទម្រង់វិស័យល្បែងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងសុចរិតភាព នៃវិស័យ សំដៅលើកកម្ពស់ និងទាក់ទាញវិនិយោគិន ដែលមានគោលបំណងធ្វើអាជីវកម្មល្បែងពាណិជ្ជកម្ម នៅកម្ពុជាដ៏ពិតប្រាកដ។ ទន្ទឹមនេះ ឯកឧត្ដមអគ្គលេខាធិការ ក៏បានបង្ហាញពីជំហររបស់ គ.ល.ក. ផងដែរថា ក្នុងបរិការណ៍ នៃការកែទម្រង់នេះ, គ.ល.ក. នឹងចាត់វិធានការតឹងរឹងបំផុត ស្របទៅតាមច្បាប់ជាធរមាន ដែលក្នុងនោះមានរួមបញ្ចូលទាំងការដកហូតអាជ្ញាបណ្ណចំពោះទីតាំងកាស៊ីណូទាំងឡាយណាដែលលបលួចដំណើរការល្បែងតាមប្រព័ន្ធអនឡាញ ផ្ទុយពីលក្ខខណ្ឌអាជ្ញាបណ្ណ ដែល គ.ល.ក. បានផ្ដល់ជូន។

ក្រៅពីការចាត់វិធានការក្នុងដែនសមត្ថកិច្ចរបស់ គ.ល.ក. នេះ, គ.ល.ក. នឹងបន្ដ​ផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងដល់ស្ថាប័ន អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវ និងដាក់បន្ទុកជាអតិបរមា ចំពោះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

ឯកឧត្ដមសន្ដិបណ្ឌិត ទេសរដ្ឋមន្ត្រី បានរំលឹកបន្ថែមអំពីជំហររបស់រាជរដ្ឋា-ភិបាល ក្នុងការលុបបំបាត់ឱ្យអស់ និងធានាកុំឱ្យកើតមានឡើងវិញនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជា។ ក្នុងស្មារតីនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងបន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការទាំងជាមួយស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិ ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។




អត្ថបទបន្ទាប់


អតីតសាខាចំនួន ១៦ របស់មីក្រូហិរញ្ញវត្ថុ ហ្វូណន ត្រូវបានបំប្លែងជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងថ្ងៃតែមួយ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានប្រកាសពីការពង្រីកបន្ថែមនូវបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស តាមរយៈកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ