អ្នកជំនាញបានសង្កត់ធ្ងន់ថា ដើម្បីគេចផុតពីវិបត្តិ នៃការដួលរលំ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែពង្រីកចក្ខុវិស័យឈានទៅដណ្តើមទីផ្សារនាំចេញ ព្រោះតម្រូវការក្នុងស្រុកនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ ដែលកំពុងបោះទុនវិនិយោគលើរោងចក្រផលិតត្រីខកំប៉ុងបានគូសបញ្ជាក់ថា បរិមាណនៃការនាំចូលត្រីខកំប៉ុងពីបរទេសមកទល់ពេលនេះនៅតែមានទំហំធំ ខណៈដែលរោងចក្រក្នុងស្រុកថ្មីៗពី៣ទៅ៤កំពុងចាប់ផ្តើមដំណើរការ ដែលអាចធ្វើឱ្យផលិតផលត្រីខ លើសតម្រូវការទីផ្សារ នាពេលខាងមុខ។ អ្នកឧកញ៉ា បានបន្តថា បច្ចុប្បន្នក្រុមហ៊ុន វិរៈប៊ុនថាំ កំពុងនាំចូលត្រីសាឌីន និងត្រីម៉ាកខឺរែល មកធ្វើជាវត្ថុធាតុដើម ប៉ុន្តែក៏កំពុងសហការជាមួយអ្នកជំនាញបរទេសក្នុងការធ្វើពិសោធន៍លើប្រភេទត្រីក្នុងស្រុកផងដែរ ប្រសិនបើជោគជ័យ ក្រុមហ៊ុននឹងប្តូរមកប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក១០០%តែម្តង។
ទោះជាយ៉ាងណាអ្នកជំនួញរូបនេះ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសម្ទុះនៃការផលិតក្នុងស្រុក ដែលកំពុងកើនឡើងខ្លាំង គួបផ្សំការនាំចូលដែលមិនទាន់ថយចុះ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ខ្សែច្រវាក់ផលិតកម្ម និងបង្កជាហានិភ័យប្រកួតប្រជែង។
ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា មកទល់ពេលនេះតម្រូវការប្រើប្រាស់ត្រីខក្នុងទីផ្សារកម្ពុជានៅមានកម្រិតនៅឡើយ ខណៈការធ្វើអាជីវកម្មដូចគ្នាអាចងាយប្រឈមនឹងហានិភ័យ។ បើតាមអ្នកជំនាញរូបនេះ ការនាំចូលត្រីខពីបរទេស និងការផលិតក្នុងស្រុកកំពុងស្ថិតក្នុងបរិមាណច្រើនលើសពីតម្រូវការ ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធគួរពិចារណាក្នុងការកំណត់ការផលិតដើម្បីចៀសវាងការក្ស័យធន់ក្នុងអាជីវកម្ម។
ដោយឡែកអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានផ្តល់ទស្សនវិស័យថា នៅក្នុងបរិបទប្រកួតប្រជែងដ៏ស្រួចស្រាល់នេះ វិស័យ SME មិនត្រូវរាថយឡើយ ប៉ុន្តែត្រូវចេះប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាសតាមរយៈការធ្វើទំនើបកម្មច្រវាក់ផលិតកម្ម និងការចងក្រងជាបណ្តាញ ឬកង្កោមផលិតកម្ម ដើម្បីរួមគ្នាកាត់បន្ថយថ្លៃដើមផលិត ដែលជាសោរគន្លឹះតែមួយគត់ក្នុងការជួយឱ្យផលិតផលក្នុងស្រុកមានប្រៀបឈ្នះលើទីផ្សារ។
ជុំវិញបញ្ហានេះដែរឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ផលិតផលកែច្នៃក្នុងស្រុកបច្ចុប្បន្នកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋរហូតអាចដណ្តើមទីផ្សារ និងជំនួសមុខទំនិញនាំចូលមួយចំនួនបានជាបណ្តើរៗហើយ។ មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំជំរុញ និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ឱ្យមានស្តង់ដាខ្ពស់ទាំងលើផ្នែកគុណភាព និងតម្លៃ ដើម្បីអាចប្រកួតប្រជែងបានយ៉ាងរឹងមាំទាំងក្នុងទីផ្សារផ្ទៃប្រទេស និងនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះមានគម្រោងរោងចក្រផលិតត្រីខកំប៉ុងបានលេចឡើងជាបន្តបន្ទាប់ ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ។ រោងចក្រទាំងនោះរួមមានរោងចក្រផលិតត្រីខក្រយា របស់ក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន, រោងចក្រផលិត ត្រីខ Yummi Cook របស់ក្រុមហ៊ុន ជីប ម៉ុង និងរោងចក្រត្រីខយើងរបស់ក្រុមហ៊ុន វិរៈប៊ុនថាំ ជាដើម៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ