អនុសញ្ញា​ UNCLOS

តើអ្វីអាចជាច្រកចេញសម្រាប់កម្ពុជា ប្រសិនបើថៃមិនអនុវត្តតាមលទ្ធផលសម្រេចរបស់គណៈកម្មការផ្សះផ្សា?


កម្ពុជា និងថៃ បានបើកសមរភូមិផ្លូវច្បាប់តតាំងគ្នានៅក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) ជុំវិញជម្លោះដែនសមុទ្រ ដែលមានធនធានមានតម្លៃប៉ាន់ស្មានប្រមាណ៣០០ពាន់លានដុល្លារ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
អនុសញ្ញា​ UNCLOS
ដោយ

ទោះជាយ៉ាងណាក្រុមអ្នកជំនាញមើលឃើញថា ភាគីថៃ ហាក់ខ្វះឆន្ទៈ និងភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រតាមយន្តការអន្តរជាតិនេះ បើទោះបីជា UNCLOS ជាច្រកចេញដ៏មានសុវត្ថិភាពបំផុតដើម្បីស្វែងរកសន្តិភាព និងយុត្តិធម៌ស្របតាមច្បាប់អន្តរជាតិ ក៏ដោយ។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកការផ្សះផ្សាក្រោមយន្តការ UNCLOS គឺជាដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវអព្យាក្រឹតភាព សុក្រឹតភាព និងយុត្តិធម៌ ប្រសិនបើភាគីទាំងពីរមានសុឆន្ទៈពិតប្រាកដ ហើយភាគីទាំងពីរនឹងគេចផុតពីសម្ពាធផ្ទៃក្នុង និងបង្ហាញភាពជារដ្ឋគោរពច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការដែលថៃព្យាយាមចោទប្រកាន់ ទម្លាក់កំហុស លាបពណ៌ និងគំរាមប្រើប្រាស់កម្លាំងយោធានៅតាមព្រំដែនគោកជាមួយកម្ពុជា នាពេលកន្លងមក បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីទង្វើខ្វះសុឆន្ទៈ និងខ្វះភាពស្មោះត្រង់។

ទង្វើនេះផ្ទុយស្រឡះពីជំហររបស់កម្ពុជា ដែលតែងតែបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ។ អ្នកជំនាញរូបនេះបានបន្ថែមថា ប្រសិនបើថៃ នៅតែមានចរិតក្រឡាស់ និងបដិសេធលទ្ធផលសម្រេច នៃយន្តការនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីបន្តដើរលើផ្លូវច្បាប់អន្តរជាតិ ឱ្យដល់ទីបញ្ចប់នោះទេ ពោលគឺអាចឈានទៅប្តឹងថៃ ជាផ្លូវការទៅកាន់តុលាការអន្តរជាតិ ស្តីពី ច្បាប់សមុទ្រតែម្តង។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា ការដោះស្រាយជម្លោះដែនសមុទ្រនេះទំនងជាមិនអាចសម្រេចបានលទ្ធផលក្នុងរយៈពេលខ្លីនោះឡើយ ដ្បិតយន្តការ UNCLOS មានតួនាទីត្រឹមផ្តល់អនុសាសន៍ និងរបាយការណ៍សម្របសម្រួល ដោយគ្មានអំណាចចាប់បង្ខំឱ្យភាគីណាមួយទទួលយកនោះទេ។ លោកបណ្ឌិតបានវាយតម្លៃថា យុទ្ធសាស្ត្រការទូតរបស់ថៃ គ្រាន់តែចូលរួមឱ្យផុតពីដៃ ដើម្បីបំពេញកាតព្វកិច្ចច្បាប់អន្តរជាតិ និងព្យាយាមបន្ធូរបន្ថយទម្ងន់ នៃយន្តការអន្តរជាតិ ដើម្បីទាញការចរចាមកត្រឹមលក្ខណៈទ្វេភាគីវិញតែប៉ុណ្ណោះ។

រីឯកម្ពុជា មានជំហរច្បាស់លាស់ក្នុងការយកគោលការណ៍សេដ្ឋកិច្ចជាមូលដ្ឋានតាមរយៈការអភិវឌ្ឍរួមគ្នា។ ទោះជាយ៉ាងណា លោកបណ្ឌិតជឿជាក់ថា ច្រកចេញមានប្រសិទ្ធភាពបំផុត គឺការយករាយការណ៍អនុសាសន៍របស់ UNCLOS ធ្វើជាស្ពានចរចាទ្វេភាគី ដើម្បីឈានទៅបង្កើតតំបន់អភិវឌ្ឍន៍រួមគ្នាប្រកបដោយសមធម៌។ ហើយប្រសិនបើថៃ បដិសេធមិនសហការ ថៃនឹងត្រូវខាតបង់កិត្យានុភាពយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ ប្រឈមនឹងវិបត្តិថាមពល រួមទាំងរងសម្ពាធខ្លាំងពីវិស័យឯកជនផងដែរ។

គួរជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំនេះលើកទី១ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ភ្នាក់ងារតំណាងប្រទេសកម្ពុជា បានចាត់ទុកយន្តការ UNCLOS ជាច្រកដ៏សំខាន់មួយសម្រាប់ស្វែងរកផ្លូវសន្តិភាពទៅមុខរវាងកម្ពុជា និងថៃស្របតាមច្បាប់អន្តរជាតិ ហើយយន្តការនេះមិនមែនជាមធ្យោបាយបង្កើនភាពតានតឹងនោះទេ តែជាច្រកក្នុងការស្តារទំនុកចិត្ត និងពង្រឹងការយោគយល់គ្នាឡើងវិញរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចបាននូវគោលដៅនេះកម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាស្នើឱ្យគណៈកម្មករៀបចំរបាយការណ៍ផ្ដល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

ដោយឡែកលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃបានព្យាយាមដោះសារដោយលើកឡើងថា ការឈានមកដល់យន្តការនេះ គឺដោយសារតែការយល់ខុសគ្នារវាងប្រទេសទាំងពីរ។ ទោះបីជាតំណាងថៃរូបនេះបានអះអាងថា ខ្លួននឹងចូលរួមក្នុងដំណើរការផ្សះផ្សាដោយសុចរិត និងគោរពអព្យាក្រឹតភាពរបស់គណៈកម្មការក៏ដោយ ប៉ុន្តែរូបគេនៅតែឆ្លៀតសម្តែងការមិនពេញចិត្តដោយចោទថា ការដែលកម្ពុជាជំរុញដេញដោលនាំថៃចូលតុចរចាអន្តរជាតិនេះ អាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ដ្បិតថៃយល់ថាវាមិនមែនជាយន្តការការទូតធម្មតា។ ទោះជាយ៉ាងណា ថៃនៅតែបន្តប្រើវោហាសាស្ត្រការពារខ្លួនថា ខ្លួនគោរពច្បាប់អន្តរជាតិ និងការពារអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន ព្រមទាំងបានបញ្ជាក់ថាការផ្សះផ្សានេះ មិនពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពលើព្រំដែនដីគោក រួមទាំងកោះគុតនោះឡើយ៕




អត្ថបទបន្ទាប់


អ្នកជំនាញហាក់បារម្ភពីកំណើនរោងចក្រផលិតក្នុងស្រុក និងការនាំចូលត្រីខពីបរទេសធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ

ក្រុមអ្នកជំនាញ និងថ្នាក់ដឹកនាំសហគ្រាសធុនតូច និងមធ្យមហាក់បារម្ភពីការកើនឡើងទ្វេដង នៃការផលិតក្នុងស្រុក និងការនាំចូលត្រីខកំប៉ុងពីបរទេសក្នុង…

ចិន ត្រៀមដាក់ឱ្យដំណើរការព្រែកជីកតម្លៃជាង១០ពាន់លានដុល្លារ តើជាឱកាស ឬហានិភ័យថ្មីសម្រាប់អាស៊ាន?

ប្រទេសចិន គ្រោងបើកឱ្យប្រើប្រាស់ជាផ្លូវការនូវព្រែកជីក ភីងលូ (Pinglu) ប្រវែង១៣៤គីឡូម៉ែត្រមានតម្លៃវិនិយោគជាង១០ពាន់លានដុល្លារនៅថ្ងៃទី១៦ ខែកញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ