វិស័យកសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការនាំចូលជ្រូករស់ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ ៧០០ ទៅ ៨០០ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ


កាលពីពេលថ្មីៗនេះ ក្រុមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានទទូចស្នើជាថ្មីទៀត ឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្មជួយរកដំណោះស្រាយលើបញ្ហាការនាំចូលជ្រូករស់ និងស្នើឱ្យមានការបិទការនាំចូលជ្រូករស់ទាំងស្រុងតែម្ដង ដ្បិតថាបច្ចុប្បន្នកម្ពុជាមានការចិញ្ចឹមជ្រូកច្រើនសមល្មមអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន ដោយមិនចាំបាច់ត្រូវការនាំចូលជ្រូកពីក្រៅប្រទេសជិតខាងទេ។
សកម្មភាពនាំចូលសត្វជ្រូក

ជុំវិញ​នឹង​បញ្ហា​នេះ ឯកឧត្តម វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា  បន្ទាប់​ពី​មាន​កិច្ចប្រជុំ​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នា​ពេល​ថ្មី​នេះ ក្រសួងកសិកម្ម​សម្រេច​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​មក​នៅ​តិចតួច​បំផុត ពោល​គឺ​ត្រឹម ៧០០ ទៅ​៨០០​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​បំពេញ​ទីផ្សារ​ជ្រូក​ក្នុងស្រុក​។

បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​បណ្ដា​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា កន្លង​មក​មាន​កិច្ច​ពិភាក្សា​មួយ​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម រួម​ជាមួយ​ក្រុម អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​។ ប៉ុន្ដែ ជុំវិញ​បញ្ហា​នេះ លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ កម្ពុជា បាន​អះអាង​ថា ក្រសួង​នៅ​តែ​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ជ្រូក​ដដែល មិន​មានការ​បិទ​នាំ​ចូល​ទាំងស្រុង​នោះ​ទេ ប៉ុន្ដែ​ការ​នាំ​ចូល​គឺ​មាន​ចំនួន​តិចតួច​ជាង​មុន​។

យ៉ាងណា​ក៏​ដោយ ប្រធាន​សមាគម​ចិញ្ចឹមសត្វ កម្ពុជា​រូប​នេះ នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន ក្នុង​ការ​ស្នើ​ដល់​រដ្ឋាភិបាល ឱ្យ​បិទ​ការ​នាំ​ចូល​ជ្រូក​រស់ ព្រោះ​លោក​យល់​ថា ការ​បន្ត​ឱ្យ​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ពិសេស​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​តែ​ម្ដង​។

បើ​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ថា ក្រសួង​នឹង​ព្យាយាម​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​បញ្ឈប់​ការ​នាំ​ចូល​ជ្រូក​រស់​ទាំងស្រុង​នៅ​ពេល​ខាង​មុខ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់​ថា ពេល​នេះ​ក្រសួង​សម្រេច​ឱ្យ​នាំ​ចូល​ជ្រូក​រស់​ត្រឹម ៧០០​ក្បាល ទៅ​៨០០​ក្បាល ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ហើយ​ទៅ​ថ្ងៃ​អនាគត​នឹង​អាច​ឈាន​ដល់​ការ​បញ្ឈប់​ទាំងស្រុង​។

តាម​ពិត​ទៅ​កន្លង​មក​រដ្ឋាភិបាល ពិសេស​ក្រសួងកសិកម្ម បាន​ធ្វើ​កិច្ចការ​ច្រើន​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​ច្បាប់ និង​ទប់ស្កាត់​នៃ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វេ​ង សា​ខុន កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ កម្ពុជា បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​រស់​ប្រមាណ ៧០០០​ក្បាល ទៅ​៨០០០​ក្បាល ឯណោះ ក្នុង​មួយ​ថ្ងៃ​។

ឆ្លើយ​តប​នូវ​ការ​លើក​ឡើង​របស់​ក្រសួងកសិកម្ម​ខាងលើ ត្រូវ​បាន ឧកញ៉ា​បណ្ឌិត ម៉ុង ឬ​ទ្ធី សាទរ និង​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​វិធានការ និង​ដំណោះស្រាយ​ជូន​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​នា​ពេល​នេះ​។ ជា​អ្នក​មានបទពិសោធន៍​ច្រើន​ឆ្នាំ ក្នុង​វិស័យ​កសិកម្ម និង​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​ផង​នោះ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី យល់​ថា ការ​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ជ្រូក​រស់ ក្នុង​បរិមាណ ៧០០​ក្បាល ទៅ ៨០០​ក្បាល ជា​ការ​ប្រសើរ​សម្រាប់​ទីផ្សារ​ជ្រូក​ក្នុងស្រុក​។ ប៉ុន្ដែ​អ្នកជំនួញ​កសិកម្ម​ល្បីល្បាញ​ជើង​ចាស់​រូប​នេះ នៅ​តែ​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ចូល​ជ្រូក​រស់​ទាំងស្រុង ដោយ​ហេតុផល កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដោយ​ខ្លួនឯង​។

យោង​តាម​តួលេខ​ដែល​បង្ហាញ ដោយ​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា កន្លង​មក លើ​ទីផ្សារ​ក្នុងស្រុក បច្ចុប្បន្ន ជា​មធ្យម កម្ពុជា មាន​តម្រូវការ​ជ្រូក​រស់​ប្រមាណ ៨០០០​ក្បាល ក្នុង​មួយ​ថ្ងៃ ខណៈ​កម្ពុជា មាន​លទ្ធភាព​ផ្គត់ផ្គង់​ជ្រូក​រស់ ប្រមាណ ៧០០០​ក្បាល ក្នុង​មួយ​ថ្ងៃ​៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលរំពឹងថា«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» នឹងជួយឲ្យប្រទេសបើកពេញលេញឡើងវិញលើគ្រប់វិស័យ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៥ ខែសីហា សម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ដើម្បីប្រឆាំងទប់ទល់នឹងមេរោគបំប្ល…

អ្នកជំនាញ៖ វិបត្តិកូវីដ-១៩ ជាឱកាសសម្រាប់ SMEs ពង្រឹងសមត្ថភាពដើម្បី ដណ្ដើមយកទីផ្សារពីផលិតផលនាំចូល

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមើលឃើញថា វិបត្តិកូវីដ-១៩ ជាឱកាសសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ក្នុងការចាប់យកទីផ្សារប្រើប្រាស់ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ