កសិករចិញ្ចឹមត្រី

តំណាងកសិករស្នើឱ្យអាជ្ញាធរពង្រឹង និងទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ ក្រោយតម្លៃ និងអ្នកចិញ្ចឹមត្រីធ្លាក់ចុះ


មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករកម្ពុជា ដែលតំណាងឱ្យកសិករចិញ្ចឹមត្រី បានស្នើឱ្យស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការលួចនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាងតាមច្រកនានា ក្រោយបញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារតម្លៃត្រី និងការចិញ្ចឹមត្រីនៅក្នុងស្រុក។ សម្រាប់អ្នកជំនាញ មិនហាមឃាត់មិនឱ្យមានការនាំចូលត្រីមកកាន់ទីផ្សារកម្ពុជានោះទេ តែការនាំចូលត្រូវតែស្របច្បាប់ និងមានការបង់ពន្ធ ព្រមទាំងមានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យការប្រគួតប្រជែងកាន់តែមានតម្លាភាព។
កសិករចិញ្ចឹមត្រី
ដោយ

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករកម្ពុជា កត់សម្គាល់ឃើញថា ការហូរចូលត្រីខុសច្បាប់តាមច្រករបៀងនានាពីប្រទេសជិតខាងចូលមកទីផ្សារកម្ពុជា នៅតែបន្តកើតមាន ដែលបាននិងកំពុងបង្កជាក្តីបារម្ភ និងធ្វើឱ្យប៉ះពាល់ទីផ្សារតម្លៃត្រី និងការចិញ្ចឹមត្រីនៅក្នុងស្រុក។ ជាមួយគ្នានេះ លោក ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពង្រឹង និងទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ដើម្បីកម្ពស់វិស័យវារីវប្បកម្ម ឬការចិញ្ចឹមត្រីនៅកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ មិនហាមឃាត់មិនឱ្យមានការនាំចូលត្រីពីប្រទេសជិតខាងចូលមកទីផ្សារកម្ពុជានោះទេ តែការនាំចូលត្រូវតែស្របច្បាប់ មានការបង់ពន្ធ និងត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសផលប៉ះពាល់សម្រាប់ទីផ្សារត្រី និងសុខភាពរបស់ប្រជាបលរដ្ឋ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ដើម្បីអាចឱ្យត្រីក្នុងស្រុកមានលទ្ធភាពប្រគួតប្រជែងជាមួយត្រីនាំចូលបាន គឺទាមទារឱ្យបង្កើនការផលិតកូនពូជត្រីនៅក្នុងប្រទេស និងបន្ធូរបន្ថយពន្ធលើការនាំចូលចំណី និងឱសថវារីសត្វ ព្រមទាំងការបន្ធូរបន្ថយតម្លៃលើការប្រើប្រាស់អគ្គិសនី និងប្រេងឥន្ធនៈ ដល់វារីវប្បករ សម្រាប់យកមកប្រើប្រាស់ក្នុងការចិញ្ចឹមត្រី ដែលកត្តាទាំងនេះនឹងធ្វើឱ្យការចំណាយលើថ្លៃដើមចុះទាប ដែលអាចជួយបង្កើនភាពប្រកួតប្រជែងសម្រាប់ត្រីចិញ្ចឹមក្នុងស្រុក។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២៣ ផលវារីវប្បកម្ម មានការថយចុះប្រមាណ៥% ខណៈផលនេសាទទឹកសាបមានការកើនឡើងប្រមាណ៥%។ ជុំវិញបញ្ហានេះ លោក ឡែមផូរ សុថាវរិទ្ធិ កត់សម្គាល់ឃើញថា ត្រីធម្មជាតិនៅក្នុងឆ្នាំ២០២៣ កន្លងទៅពិតជាមានការកើនឡើងខ្ពស់ ប៉ុន្តែការកើនឡើងត្រីធម្មជាតិនេះ ពុំបានធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមត្រីនោះទេ។ ផ្ទុយទៅវិញកំណើននេះ វាបានជួយបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ​។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យបរិមាណផលវារីវប្បកម្មថយចុះក្នុងឆ្នាំ២០២៣ គឺដោយសារផលត្រីធម្មជាតិមានការកើនឡើង។ យ៉ាងណាក៏ដោយឯកឧត្តមកត់សម្គាល់ឃើញថា ការនាំចូលត្រីពីប្រទេសជិតខាងដែលមានតម្លៃទាប បានជំរុញឱ្យវារីវប្បករមួយចំនួនបោះបង់ចោលការចិញ្ចឹម។ ក្រៅពីបញ្ហាទីផ្សារ កសិករចិញ្ចឹមត្រីនៅកម្ពុជា ក៏បានជួបបញ្ហាប្រឈមលើការចិញ្ចឹមត្រីរបស់ខ្លួនមួយចំនួនទៀតផងដែរ ដូចជាកត្តាចំណី ឱសថវារីសត្វ និងសារធាតុគីមីសម្រាប់ប្រើប្រាស់ក្នុងវារីវប្បកម្មដែលមានតម្លៃកើនឡើង។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ ដែលបានបន្ថែមថា ផែនការចំពោះមុខដើម្បីជួយដោះស្រាយបញ្ហានេះជូនកសិករ ក្រសួងនឹងបន្តផ្សព្វផ្សាយដល់វារីវប្បករឱ្យចេះប្រើចំណីរួមផ្សំ និងចិញ្ចឹមប្រភេទត្រីដែលមានការលូតលាស់លឿន។

យោងតាមទិន្ន័យពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ការប្រមូលផលនេសាទ និងផលវារីវប្បកម្មសម្រេចបានជាង៨៦ម៉ឺនតោន កើនលើសឆ្នាំមុនប្រមាណ៤ពាន់តោន ក្នុងនោះផលនេសាទទឹកសាប មានចំនួនជាង៤២ម៉ឺនតោន កើនឡើង៥% និងផលនេសាទសមុទ្រ មានជាង១២ម៉ឺនតោន កើនឡើងជិត១% ខណៈផលវារីវប្បកម្មមានជាង៣១ម៉ឺនតោន ថយចុះជាង៥%៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


ចិនបញ្ចេញកម្ចីធនាគារច្រើនបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៣ ប៉ុន្តែសេដ្ឋកិច្ចនៅតែជួបការលំបាក

ការផ្តល់កម្ចីធនាគារថ្មីៗនៅក្នុងប្រទេសចិន បានកើនឡើងតិចជាងការរំពឹងទុករបស់ក្រុមអ្នកជំនាញសេដ្ឋកិច្ចកាលពីខែធ្នូ ប៉ុន្តែទោះជាយ៉ាងណា ការផ្តល់ប្រ…

តើមានកត្តាអ្វីខ្លះជួយជំរុញការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារ RCEP ឱ្យកើនឡើងជិត២៩% នៅឆ្នាំ២០២៣?

នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ