ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១៥០គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣ពាន់៥រយលានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន ១៦គម្រោង ខណៈទំហំវិនិយោគកើនឡើងប្រមាណ ១០០លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងចំណោមគម្រោងដែលត្រូវបានអនុម័តទាំងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន ៨គម្រោង។ វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៧គម្រោង។ រីឯ វិស័យទេសចរណ៍វិញ មានតែ ៣គម្រោង ប៉ុណ្ណោះ។
ជុំវិញនឹងស្ថានភាពវិនិយោគនៅកម្ពុជានេះដែរ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅឆ្នាំនេះ ស្ថានភាពនៃការវិនិយោគ នៅតែមានទំនោររក្សាបានកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។
បើតាមបណ្ឌិត គី សេរីវឌ្ឍន៍ វិស័យវិនិយោគបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩ បើទោះជា ភិពភលោកបាននិងកំពុងជួបប្រទះនូវវិបត្តិផ្សេង រួមទាំង អតិផរណាក៏ដោយ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ នឹងរក្សាបាននូវកំណើនក្នុងអត្រា ៥% ដោយការចូលរួមពីវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ជាដើម។
ដោយឡែក បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ហើយទុនវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី២។ ប៉ុន្ដែ សម្រាប់ការវិនិយោគនៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២វិញ ទុនវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ ខណៈទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី២ ៕