ក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសថៃថៃអ៊ែវេ បានប្រកាសបើកការស៊ើបអង្កេតផ្នែកវិន័យលើស្ត្រីអាកាសយានិក ដែលត្រូវបានអាជ្ញាធរអូស្ត្រាលីចាប់ខ្លួនពីបទរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ហើយបានសង្កត់ធ្ងន់ថា ស្ត្រីរូបនេះនឹងត្រូវប្រឈមមុខនឹងការដេញចេញពីការងារភ្លាមៗបើរកឃើញកំហុសដូចការចោទប្រកាន់។
លោក ឆៃ អេមស៊ីរី (Chai Eamsiri) នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ ថៃអ៊ែវេ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ថា ក្រុមហ៊ុនទទួលបានសេចក្តីរាយការណ៍បន្ទាន់ពីអ្នកគ្រប់គ្រងស្ថានីយ៍ប្រចាំទីក្រុងមែលប៊ន កាលពីថ្ងៃទី២៤ ខែមិថុនា ថា អាជ្ញាធរអូស្ត្រាលីបានឃុំខ្លួនសមាជិកនាវិកជាស្ត្រីម្នាក់ ខណៈនាងកំពុងបំពេញការងារលើជើងហោះហើរឆ្ពោះទៅកាន់ទីក្រុងមែលប៊ន។
តាមប្រភពដដែលបានឱ្យដឹងថា ស្រ្តីសង្ស័យរូបនេះបានត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយឆ្កែហិតក្លិនជំនាញរបស់ប៉ូលីសអូស្ត្រាលីបានហិតរកឃើញភាពមិនប្រក្រតី ក្នុងអំឡុងពេលត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងនៅអាកាសយានដ្ឋានអន្តរជាតិមែលប៊ន។ អាជ្ញាធរអូស្ត្រាលីបានរកឃើញ និងរឹបអូសបានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់សរុបជាង១គីឡូក្រាម ដែលត្រូវបានវេចខ្ចប់ និងលាក់ទុកយ៉ាងជិតនៅក្នុងថង់ចំនួន ១២ជាប់នឹងខ្លួនរបស់នាង។ គ្រឿងញៀនទាំងនោះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃនៅលើទីផ្សារងងឹតរហូតដល់ទៅប្រហែល៥០ម៉ឺនដុល្លារអូស្ត្រាលី៕
ដោយៈ សរ សុជាតិ