យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី២៧ ខែមិថុនា គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក បានសម្រេចពង្រីកវិសាលភាព នៃការហាមឃាត់ការនាំចូលឧបករណ៍បច្ចេកវិទ្យាពីចិន។ នេះជាវិធានការថ្មីបន្ថែមពីលើបម្រាមចាស់កាលពីឆ្នាំ២០២២ ដោយផ្ដោតលើការហាមនាំចូលឧបករណ៍ទូរគមនាគមន៍ និងឧបករណ៍កាមេរ៉ាសុវត្ថិភាពម៉ូដែលថ្មីៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ជាពិសេសក្រុមហ៊ុន ហួវៃ (Huawei) ក្រោមហេតុផលគំរាមកំហែងដល់សន្តិសុខជាតិអាម៉េរិក។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺស្ថាប័ន FCC បានគូសបញ្ជាក់ថា បម្រាមថ្មីដែលនឹងត្រូវអនុវត្តនៅដើមខែកក្កដា ខាងមុខនេះ មិនមែនហាមឃាត់ត្រឹមតែម៉ូដែលថ្មីៗ ដែលផលិតចាប់ពីចុងឆ្នាំ២០២២ មកនោះឡើយ។ ប៉ុន្តែវាបានរាប់បញ្ចូលទាំងម៉ូដែលចាស់ៗមុនឆ្នាំ២០២២ ថែមទៀតផង ប្រសិនបើឧបករណ៍ទាំងនោះ ត្រូវបានយកទៅប្រើប្រាស់ក្នុងប្រព័ន្ធការពារសុវត្ថិភាពសាធារណៈ ទីតាំងរដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ ឬក្នុងគោលបំណងការពារជាតិផ្សេងៗ។ មកទល់នឹងពេលនេះទាំងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលរងផលប៉ះពាល់ផ្ទាល់ មិនទាន់ចេញមុខឆ្លើយតប ឬបង្ហាញប្រតិកម្មជាផ្លូវការណាមួយចំពោះការសាកសួរពីរឿងនេះនៅឡើយទេ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលស្ថាប័ន FCC ចេញមុខរារាំងបច្ចេកវិទ្យារបស់ចិន ដោយកាលពីខែធ្នូ ឆ្នាំ២០២៥ ស្ថាប័ននេះបានហាមនាំចូលយន្តហោះដ្រូន (Drone) ម៉ូដែលថ្មីៗរបស់ចិនទាំងអស់ ហើយកាលពីខែមីនា ដើមឆ្នាំនេះ ក៏បានហាមឃាត់ឧបករណ៍ចែកចាយអ៊ីនធឺណិត ឬ Routers ម៉ូដែលថ្មីៗរបស់ចិន ផងដែរ។ ប៉ុន្តែថ្មីនេះមានស្ថានភាពធ្ងន់ធ្ងរជាងមុន ព្រោះបច្ចុប្បន្ន FCC កំពុងពិចារណាឈានទៅដល់ការបិទផ្លូវមិនឱ្យក្រុមហ៊ុនទូរគមនាគមន៍អាម៉េរិកភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនទូរគមនាគមន៍ចិន ដែលវិធានការនេះនឹងកាត់ផ្តាច់ដង្ហើមក្រុមហ៊ុនចិនមិនអាចឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក បានតទៅទៀតឡើយ។
អ្នកវិភាគភូមិសាស្ត្រនយោបាយមើលឃើញថា វិធានការរបស់អាម៉េរិកនៅពេលនេះ មិនមែនត្រឹមតែជាការការពារសន្តិសុខធម្មតានោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រ ឬការផ្តាច់ខ្លួនខាងបច្ចេកវិទ្យាយ៉ាងដាច់ស្រឡះពីប្រទេសចិន។ ការណ៍នេះ នឹងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោកត្រូវបែងចែកជាពីរ បង្ខំឱ្យបណ្តាប្រទេសផ្សេងៗរួមទាំងតំបន់អាស៊ាន ត្រូវជ្រើសរើសផ្លូវដើររវាងបច្ចេកវិទ្យារបស់លោកខាងលិច និងបច្ចេកវិទ្យារបស់ចិន នៅក្នុងយុគសម័យឌីជីថលនេះ៕
អត្ថបទៈ សួន ឡង់ទី