ប្រទេសឥណ្ឌាកំពុងត្រួតពិនិត្យអំពីតម្រូវការលើការដាក់ការរឹតត្បិតទៅលើការនាំចេញអង្ករប្រភេទអង្ករបាក់១០០% របស់ខ្លួន។ ការរឹតត្បិតការនាំចេញអង្ករដោយប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេបំផុតទី២ក្នុងពិភពលោកមួយនេះ ត្រូវបានគេមើលឃើញថា នឹងជំរុញឲ្យតម្លៃអង្ករពិភពលោកកើនឡើងបន្ថែមទៀត ខណៈដែលឥណ្ឌាមានចំណែកនៃការនាំចេញអង្ករដល់ទៅ ៤០% នៃទីផ្សារនាំចេញអង្ករសកល។
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ឥណ្ឌា ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មានរ៉យទ័របានអះអាងថា ការរឹតត្បិតការនាំចេញអង្ករបាក់១០០% នេះ គឺដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ប៉ុន្ដែ ឥណ្ឌាមិនមានការពិចារណាលើការកាត់បន្ថយការនាំចេញអង្ករទូទៅរបស់ខ្លួននោះឡើយ ដ្បិតថា ស្ដុកអង្ករទាំងក្នុងវិស័យរដ្ឋ និងឯកជនរបស់ប្រទេសនេះ គឺមានគ្រប់គ្រាន់។
ប្រទេសឥណ្ឌា ជាទូទៅមាននាំចេញអង្ករប្រភេទអង្ករបាក់៥% និង២៥% ប៉ុន្ដែ នៅប៉ុន្មានខែមកនេះ តម្រូវការអង្ករបាក់១០០% មានការកើនឡើងជាបន្ដបន្ទាប់ ពិសេសនៅអំឡុងពេលថ្មីៗនេះ ដែលប្រទេសចិនកំពុងប្រឈមរងគ្រោះដោយសារគ្រោះរាំងស្ងួត។
អ្នកជំនាញផ្នែកនាំចេញអង្ករបានអះអាងថា បច្ចុប្បន្នឧស្សាហកម្មផលិតចំណីសត្វនៅក្នុងប្រទេសឥណ្ឌា កំពុងមានការកើនឡើងយ៉ាងខ្លាំង ដូច្នេះ វាទាមទារឲ្យមានស្ដុកប្រភេទអង្ករបាក់១០០%ឲ្យបានច្រើនដើម្បីបំពេញតម្រូវការផលិតកម្ម។
សូមបញ្ជាក់ថា នៅអំឡុងពេលពិភពលោកកំពុងត្រូវបានគំរាមកំហែងដោយសារតែបញ្ហាខ្វះខាតស្បៀងអាហារនោះ ប្រទេសឥណ្ឌាកាលពីខែឧសភា ក៏បានបិទខ្ទប់ការនាំចេញស្រូវសាលីរបស់ខ្លួន ខណៈដែលរលកកម្ដៅហួតហែងកំពុងធ្វើឲ្យប៉ះពាល់ដល់ទិន្នផល និងធ្វើឲ្យតម្លៃស្បៀងក្នុងស្រុកកើនឡើងខ្ពស់។
បើតាមរបាយការណ៍ពីក្រសួងកសិកម្មអាមេរិកបង្ហាញថា នៅឆ្នាំ២០២២ ពាណិជ្ជកម្មអង្ករពិភពលោកនឹងកើនដល់ជាង ៥៤លានតោន។ ក្នុងនោះ ប្រទេសឥណ្ឌាត្រូវបានរំពឹងថា នឹងសម្រេចបានការនាំចេញដល់ ២២លានតោន ស្មើនឹងជិត៤១% នៃការនាំចេញអង្ករពិភពលោក។ យ៉ាងណាមិញ កាលពីអំឡុងឆ្នាំ២០២០-២០២១ ឥណ្ឌារកចំណូលបានពីការនាំចេញអង្ករដល់ទៅជិត៩ពាន់លានដុល្លារអាមេរិក៕