ការកើនឡើងនូវការទិញប្រេងរបស់រុស្ស៊ីមានសកម្មភាពកាន់តែកើនឡើងយ៉ាងខ្លាំងដោយសារក្រុមពាណិជ្ជកររុស្ស៊ីត្រូវបានគេរាយការណ៍ថា បានផ្តល់នូវលក្ខខណ្ឌទូទាត់ដ៏ពិសេស ដែលអាចបត់បែនបានតាមការចង់បានរបស់អតិថិជនឥណ្ឌា។
ប្រទេសរុស្ស៊ីដែលប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីបស្ចិមលោក ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែននោះ បានព្រមានសហភាពអឺរ៉ុបកាលពីខែមេសាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើធ្យូងថ្ម ដោយនិយាយថា រុស្ស៊ីនឹងសងសឹកចំពោះទង្វើនោះវិញ ខណៈដែលប្រេងរុស្ស៊ីនឹងត្រូវបញ្ជូនទៅលក់នៅតាមទីផ្សារផ្សេងទៀត ក្រៅពីសហភាពអឺរ៉ុប។
កន្លងមក ឥណ្ឌាបានបដិសេធការថ្កោលទោសរុស្ស៊ី ដែលខ្លួនមានទំនាក់ទំនងនយោបាយ និងសន្តិសុខជាយូរមកហើយ ប៉ុន្តែបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សានៅអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងញូវដែលី បានការពារការទិញទំនិញពីប្រទេសរុស្ស៊ីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ ហើយឥណ្ឌាអះអាងទៀតថា ការផ្អាកទិញទំនិញរុស្ស៊ីភ្លាមៗ នឹងជំរុញឱ្យតម្លៃទំនិញពិភពលោកឡើងថ្លៃ និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់របស់ខ្លួន។
មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ប្រទេសឥណ្ឌាថា គ្មានការហាមប្រាមលើការនាំចូលថាមពលពីរុស្ស៊ីនោះទេប៉ុន្តែ ពួកគេមិនចង់ឃើញ ឥណ្ឌាបង្កើនល្បឿនទិញប្រេងឆៅពីរុស្ស៊ីដ៏ឆាប់រហ័សបែបនេះឡើយ។
ការទិញធ្យូងថ្មរបស់ឥណ្ឌាពីរុស្ស៊ី និងផលិតផលពាក់ព័ន្ធ បានកើនឡើងច្រើនជាង ៦ ដងក្នុងរយៈពេល ២០ថ្ងៃ កន្លងមកនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺវាបានឡើងដល់ ៣៣១លានដុល្លារ ។ នេះបើតាមទិន្នន័យលាក់បាំងរបស់រដ្ឋាភិបាលឥណ្ឌា ដែលពិនិត្យដោយទីភ្នាក់ងារ Reuters។
ស្របពេលនេះដែរ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាមួយចំនួនបានបង្កើនការទិញប្រេងយ៉ាងលឿនពីប្រទេសរុស្ស៊ីក្នុងតម្លៃថោក ដែលប្រទេសលោកខាងលិចកំពុងតែព្យាយាមគេចចេញដោយទិន្នន័យបានបង្ហាញថា តម្លៃជួញដូរប្រេងរបស់ឥណ្ឌាជាមួយរុស្ស៊ីក្នុងរយៈពេល ២០ ថ្ងៃកន្លងមកនេះបានកើនឡើងជាង ៣១ ដង គឺកើនឡើងដល់ជាង២ពាន់២រយលានដុល្លារ។
ប្រភពមួយបាននិយាយថា ពាណិជ្ជកររុស្ស៊ីផ្ដល់សេរីក្នុងការទូទាត់ប្រាក់ ដោយពួកគេអាចទូទាត់ជាប្រាក់រូពីឥណ្ឌា ឬក៏ទូទាត់ជាប្រាក់ឌីហាមរបស់អារ៉ាប់រួមក៏បាន ហើយការបញ្ចុះតម្លៃគឺមានភាពទាក់ទាញខ្លាំងណាស់ ដែលធ្វើឱ្យពួកគេបន្តចាប់អារម្មណ៍ពីការទិញធ្យូងថ្មរបស់រុស្ស៊ីកាន់តែខ្លាំងឡើងថែមទៀត៕
អត្ថបទ៖ សុខ ជា