រដ្ឋាភិបាលឥណ្ឌា កាលពីខែតុលា ឆ្នាំ២០២៣ បានកំណត់យកពន្ធ២៨% លើចំណូលរបស់ក្រុមហ៊ុនល្បែង ឬហ្គេមអនឡាញ ដែលប្រមូលបានពីការលេងល្បែងផ្សេងៗរបស់អតិថិជន ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ឧស្សាហកម្មនេះរហូតដល់១ពាន់៥រយលានដុល្លារ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានចេញមកការពារពីវិធានការនេះ ដោយលើកឡើងពីការព្រួយបារម្ភខ្លាចពលរដ្ឋមានការញៀននឹងល្បែងតាមអនឡាញនេះ។
លោក ម៉ាលហូត្រា រដ្ឋលេខាធិការក្រសួងប្រាក់ចំណូលឥណ្ឌាបាននិយាយក្នុងបទសម្ភាសមួយថា ក្នុងឆ្នាំសារពើពន្ធដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌានឹងប្រមូលបានប្រហែលជាង៩០៣លានដុល្លារពីការប្រមូលពន្ធនេះ ពោលគឺបានកើនឡើងពីចំនួនជាង១៩២លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៣។
លោក ម៉ាលហូត្រា បានបន្ថែមថា ការប្រមូលពន្ធលើឧស្សាហកម្មល្បែងអនឡាញនេះ បានបង្កើតចំណូលបានជាង៤២១លានដុល្លារ នៅក្នុងត្រីមាសពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋលេខាធិការរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្នឧស្សាហកម្មនេះមានស្ថិរភាពនៅឡើយទេ ប៉ុន្តែវាដូចជាឆាប់ពេកហើយដើម្បីធ្វើការសន្និដ្ឋានពីឧស្សាហកម្មមួយនេះ ហើយលោកបានបន្តថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញនូវក្របខណ្ឌពន្ធលើក្រុមហ៊ុនល្បែងអនឡាញនៅក្នុងខែមេសា ឆ្នាំនេះ ប៉ុន្តែវាមិនមានន័យថា អត្រាពន្ធនឹងត្រូវផ្លាស់ប្តូរនោះទេ។
លោក ម៉ាលហូត្រា បាននិយាយថា ការប្រមូលពន្ធ GST សរុបរបស់រដ្ឋាភិបាលមានជាមធ្យមរហូតដល់១.៧ពាន់លានដុល្លារក្នុងមួយខែៗ ហើយថា រដ្ឋាភិបាលកំពុងរំពឹងថា ការប្រមូលប្រចាំខែជាមធ្យមនឹងមានចម្លោះពីជាង២១ពាន់លានដុល្លារទៅដល់ជាង២២ពាន់លានដុល្លារពីឆ្នាំសារពើពន្ធបន្ទាប់ទៀត៕
អត្ថបទ៖ សុខ ជា